ខេត្តព្រះសីហនុ ៖ សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» បានធ្វើឡើងនៅខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកង័ពកម្ពុជា-ចិន ។

ពិធីបិទសមយុទ្ធលើលំហសមយុទ្ធ ប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការីនាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ។

តាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះ នឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់ ។

សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរ បានប្រើប្រាស់នាវាចំនួន ១០គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ ១គ្រឿង កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ដែលចាប់ជម្រិតលើនាវាដឹកទំនិញ ។

សមយុទ្ធជើងទឹកនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋានកងទ័ពរាម ក្នុងចលនារូបភាពបម្លាស់ទីមួយជួរបណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់គោលដៅ ។ តាមសេនារីយ៉ូនៃសមយុទ្ធនេះ ក្រុមភេរវករអន្តរជាតិ បានជ្រៀតចូលតំបន់អាស៊ីអាគ្នេយ៍ ហើយមួយចំនួនបានចូលកាន់កាប់តំបន់សមុទ្រ និងទីប្រជុំជន ក្នុងប្រទេសកម្ពុជាធ្វើជាទីតាំងលាក់ខ្លួន ព្រមទាំងបានធ្វើសកម្មភាពបំផ្ទុះភេរវកម្មជាញឹកញាប់ បង្កឱ្យប្រជាពលរដ្ឋស្លាប់ និងរបួស ។ ថ្មីៗនេះ ក្រុមភេរវករបានចាប់ខ្លួនបុគ្គលិកជនជាតិកម្ពុជា និងជនជាតិចិនជាច្រើននាក់ ក្នុងក្រុមហ៊ុនវិនិយោគកម្ពុជា-ចិនមួយកន្លែង ហើយធ្វើសកម្មភាពវាយប្រហារ និងចាប់ជំរិតកប៉ាល់ស៊ីវិល ដោយប្រើប្រាស់អូប័រប្រដាប់អាវុធនៅដែនសមុទ្រកម្ពុជា ធ្វើឲ្យរំខានដល់វិស័យពាណិជ្ជកម្មដឹកជញ្ជូននៅដែនសមុទ្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។

ដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិនិយមយ៉ាងមុតមាំ ភាគីកម្ពុជាស្នើសុំជំនួយយោធាអន្តរជាតិពីអង្គការសហប្រជាជាតិ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានសម្រេច និងកំណត់ឱ្យភាគីចិនចាត់បញ្ជូនកម្លាំងយោធាសហការជាមួយភាគីកម្ពុជា បើកប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេរវករខាងលើ នៅតាមតំបន់ដីគោក និងលើដែនសមុទ្រមួយចំនួន ។

ឆ្លងតាមការពិគ្រោះពិភាក្សារបស់ភាគីកម្ពុជានិងចិន បានឯកភាពបង្កើតទីបញ្ជាការកងកម្លាំងប្រឆាំងភេរវកម្មនៃកងទ័ពទាំងពីរ និងបែងចែកភារកិច្ចជូនកងឯកភាពរួមមាន ការរំដោះចំណាប់ខ្មាំង ការបោសសម្អាតភេរវករ និងជំរុំលាក់ខ្លួនរបស់ភេរវករ ។ តាមផែនការប្រតិបត្តិការកងទ័ពទាំងពីរ កម្លាំងទ័ពភាគីចិនបានចូលកាន់ទីតាំងបម្រុងទុកក្នុងប្រទេសកម្ពុជាហើយ និងសហការជាមួយកម្លាំងទ័ពភាគីកម្ពុជា រៀបចំជាកងឯកភាពចម្រុះ ដើម្បីបើកប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ ។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ ដែលកងទ័ពជើងទឹកកម្ពុជានិងចិន បានធ្វើសមយុទ្ធនាគមាសនេះឡើង ឱ្យឆ្នាំ២០២៥នេះ ក៏ជាឆ្នាំដែលធ្វើសមយុទ្ធនាគមាសលើកទី៧ រួមគ្នារវាងកងទ័ពកម្ពុជានិងចិន មានកងទ័ពចូលរួមសរុបជាង ២ ០០០នាក់ អមដោយនាវាចម្បាំងមួយចំនួន និងសម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ«ប្រតិបត្តិការរួមគ្នា ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌»។

ជាការកត់សម្គាល់ ការធ្វើសមយុទ្ធនាគមាសលើកទី៧ រវាងកងយោធពលខេមរៈភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺមានទំហំធំជាងបណ្ដាឆ្នាំមុនៗ ធំជាងដោយសារមានការកើតឡើងនៃចំនួនកងទ័ពចូលរួម ព្រមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីចិនបានប្រើប្រាស់នាវាបុកឡើងគោកប្រភេទ០៧១ នាវាចម្បាំងប្រភេទ០៥៦អា និងឧទ្ធម្ភាគចក្រ ៕


ចែករំលែកព័តមាននេះ