ខេត្តប៉ៃលិន ៖ បុរសម្នាក់ស្លាប់នៅក្នុងភ្នក់ភ្លើងគួរឱ្យអាណោចអាធ័ម ខណៈតូចចិត្តរងគ្រោះធ្លាក់ខ្លួនពិការ និងខឹងប្រពន្ធ បន្ទាប់ពីឈ្លោះទាស់ទែងគ្នាតិចតួច ក៏ចាក់សោក្នុងបន្ទប់ដុតផ្ទះ បណ្តាលឱ្យឆេះស្លាប់ម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចូលជួយពន្លត់ភ្លើង។ តែអ្វីៗ បានហួសពេលបាត់ទៅហើយ ដោយសារតែព្រះអគ្គីបានឆាបឆេះផ្ទះប្រក់ស្បូវយ៉ាងសន្ធោរសន្ធៅជួយមិនទាន់។
ហេតុការណ៍បុរសពិការម្នាក់តូចចិត្តខ្លួនពិការ និងខឹងប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បុរសជនរងគ្រោះ មាន ឈ្មោះ សឿន ពិសិទ្ធ អាយុ៤២ឆ្នាំ (ស្លាប់) មានប្រពន្ធ ឈ្មោះ ម៉ិល អៀម អាយុ៣៨ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២នាក់។
បើតាមប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ិល អៀម បានឱ្យភ្នាក់ងារយើងដឹងថា ៖ មុនពេលកើតហេតុ នាងនិងប្តីបានឈ្លោះទាស់ទែងគ្នាតិចតួច ដោយប្តីនាងមានចិត្តមួរម៉ៅមិនដឹងមូលហេតុជាច្រើនថ្ងៃមកហើយ ស្រាប់តែពេលនោះ ក៏ទាញទូរស័ព្ទបោក លុះឃើញសភាពមិនស្រួលនាងក៏នាំកូនទាំងបីនាក់រត់គេចចេញពីផ្ទះទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅបណ្តោះអាសន្ន លុះមួយសន្ទុះក្រោយមកក៏ឃើញមានអណ្តាតភ្លើងផុសចេញពីផ្ទះយ៉ាងសន្ធោរសន្ធៅក៏រត់ស្រែកឱ្យគេទៅជួយពន្លត់ និងជួយសង្គ្រោះប្តីរបស់ខ្លួន។ តែទ្វារផ្ទះបានជាប់សោពីខាងក្នុងមិនអាចបើកបាន ណាមួយភ្លើងកាន់តែឆេះខ្លាំង ទើបឆេះស្លាប់ប្តីរបស់នាងតែម្តង។ នាងបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៣ប្តីរបស់នាង បានឡើងទៅលើភ្នំដើម្បីនឹងរកបន្លែក្រវ៉ាញយកមកលក់ដូរឱ្យឈ្មួញនៅក្នុងភូមិនិងតាមផ្សារ។
តែជាអកុសល នៅលើភ្នំភ្លៀងខ្លាំងលាយជាមួយនឹងខ្យល់កន្ត្រាក់ ក៏រលំដើមឈើសង្កត់ប្តីរបស់ខ្លួន បណ្តាលឱ្យបាក់ឆ្អឹងចង្កេះ រួចងាប់មួយកំណាត់ខ្លួន។ តែនាងខិតខំប្រឹងប្រែងស៊ីឈ្នួលគេដើម្បីរកថវិកាយកទៅព្យាបាលប្តី ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្តីរបស់ខ្លួនមិនអាចកម្រើកជើងរួចឡើង ដោយជិះលើរទេះរុញខ្លួនឯងប៉ុណ្ណោះ។
នាងបញ្ជាក់ថា ចាប់តាំងពីពេលនោះមកប្តីរបស់ខ្លួន តែងតែខឹងប្រពន្ធកូន ព្រោះខ្លួនមិនអាចចេញទៅធ្វើការងារណាបានទៀត។ ស្រាប់តែនៅយប់ថ្ងៃកើតហេតុ ប្តីរបស់ខ្លួនកាន់តែមានបញ្ហាខ្លាំងឡើងៗ រហូតដល់ដុតខ្លួនក្នុងផ្ទះបណ្តាលឱ្យឆេះផ្ទះស្លាប់តែម្តង។
រហូតមកដល់ពេលនេះ នាងគ្មានសល់អ្វីសូម្បីបន្តិចឡើយ ដោយឆេះទាំងសម្លៀកបំពាក់ ឆ្នាំងចាន ម្ហួបអាហារ អង្ករ អស់រលីងតែម្តង។ នាងក៏សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅស្រុកជួយដល់នាងនិងកូនឱ្យមានសម្លៀកបំពាក់ ព្រមទាំងថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕


ចែករំលែកព័តមាននេះ