រាជធានីភ្នំពេញ ៖ ទើបតែស្គាល់គ្នាបានជាង១ខែ នារីម្នាក់បានអោយបុរសម្នាក់ខ្ចីម៉ូតូជិះយកទៅបាត់ជាច្រើនថ្ងៃ គ្មានដំណឹង លុះប្រទះឃើញជនសង្ស័យក៏នាំគ្នាដេញចាប់ និងឃាត់ខ្លួន តែចាប់មិនបាន រត់គេចចោលម៉ូតូ១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ម៉ូតូមានឈ្មោះ គង់ ចាន់ធំ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ពោត ស្នាក់នៅភូមិត្រពាំងខ្ចង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលជនសង្ស័យខ្ចីជិះ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GH-4311 ។

ប្រភពពីស្ត្រីម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា ខ្លួនទើបតែស្គាល់គ្នាជាមួយនឹងជនសង្ស័យបាន១ខែជាងប៉ុណ្ណោះ ។ នៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យបានខ្ចីម៉ូតូពីនារីរងគ្រោះជិះថា ទៅយកពូរបស់ខ្លួន រួចជិះចេញទៅបាត់ស្រមោលមិនឃើញយកម៉ូតូត្រឡប់មកអោយវិញ ស្រី្ដរងគ្រោះភ័យស្ល.ន់ស្លោបានរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកំពង់ស្ពឺភ្លាមៗ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យខាងលើ ។

លុះវេលាម៉ោងកើតហេតុ ស្រាប់តែមិត្តភក្ដិដែលរស់នៅម្ដុំផ្សារវីតម៉ីន ប្រទះឃើញជនសង្ស័យរូបនេះ ជិះម៉ូតូ១មួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ អត់មានស្លាកលេខមកឈប់នៅចំណុចកើតហេតុ ក៏ទូរស័ព្ទទៅប្រាប់នារីម្ចាស់ម៉ូតូ បន្ទាប់មកនាងបាន
អោយឪពុកមារបស់ខ្លួនដេញចាប់ឃាត់ខ្លួនជនសង្ស័យធ្វើឲ្យភ័យរត់គេចខ្លួនចោលម៉ូតូទៅហក់ឡើងជិះលើម៉ូតូយុវជនពីរនាក់ម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CF-0864 រួចហើយលោ.តចុះ រត់គេចខ្លួនបន្តទៅបាត់ស្រមោលតែម្ដង ។

ភ្លាមៗនោះដែរ បុរសជាឪពុកមារបស់នាងរងគ្រោះ បានចោទប្រកាន់ថា យុវជនទាំងពីរនាក់ខាងលើជាបក្ខពួកជនសង្ស័យក៏ទាក់ទងប្ដឹងទៅសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនយុវជនទាំងពីរនាក់យកទៅប៉ុស្តិ៍ដើម្បីសួរឆ្លើយ ។
បច្ចុប្បន្នយុវជនទាំងពីរនាក់ខាងលើ បន្ទាប់ពីសមត្ថកិច្ចសួរនាំទៅមិនមានការពាក់ព័ន្ធគ្នាជាមួយ និងជនសង្ស័យនោះ ខាងសមត្ថកិច្ចដោះលែងអោយត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូដែលជនសង្ស័យបន្សល់ទុកត្រូវបានសមត្ថកិច្ចសង្កាត់ចោមចៅ១ ប្រគល់ទៅអោយខាងសមត្ថកិច្ចខេត្តកំពង់ស្ពឺជាអ្នកដោះស្រាយវិញ ដោយសារកើតហេតុនៅខាងខេត្តកំពង់ស្ពឺ ៕


ចែករំលែកព័តមាននេះ