ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចក្រុងព្រះសីហនុបានទទួលរបាយការណ៍ពីជនរងគ្រោះម្នាក់ករណីលួច ដោយការឆ.ក់ទូរស័ព្ទតាមដងផ្លូវ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ។
ជនសង្ស័យមានឈ្មោះ កែវ រតនៈ ភេទប្រុស កើតឆ្នាំ១៩៩៨ មុខរបរជាងដែក ជិះម៉ូតូ HONDA SCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1JJ-0284 បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ IPHONE 16 PROMAX ពណ៌ទឹកមាស ពីដៃកូនរបស់ជនរងគ្រោះ កំពុងជិះម៉ូតូជាមួយកូន ។
បន្ទាប់ពីធ្វើសកម្មភាពឆ.ក់បានជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ។ នៅវេលាម៉ោង១៥និង០០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានសង្កេតឃើញជនសង្ស័យ នៅហាងទូរស័ព្ទមួយកន្លែង និងបានជូនដំណឹងទៅសមត្ថកិច្ចកម្លាំងនគរបាលបានឃាត់ខ្លួនភ្លាមៗយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពឆ.ក់ពិតប្រាកដមែន ។
វត្ថុតាងដែលចាប់យកបានម៉ូតូ HONDA SCOOPY ពណ៌ស (មធ្យោបាយធ្វើសកម្មភាព) ទូរស័ព្ទ OPPO ពណ៌លឿង (ជារបស់ជនសង្ស័យ) ទូរស័ព្ទ IPHONE 16 PROMAX ពណ៌ទឹកមាស (ផលនៃអំពើលួច) ។ ដោយបានអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទទៅជនរងគ្រោះវិញ ។
បច្ចុប្បន្ននេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ