ប្រធាន FIFA ៖ Ronaldo អាចនឹងលេងក្នុងព្រឹត្តិការណ៍ Club World Cup នៅឆ្នាំនេះ
9 ម៉ោង មុន
ប្រទេសស្វីស ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានអះអាងថា ស្ថាប័នលោកកំពុងមានការពិភាក្សាមួយជុំវិញលទ្ធភាពដែលខ្សែប្រយុទ្ធ Cristiano…
ប្រទេសស្វីស ៖ ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានអះអាងថា ស្ថាប័នលោកកំពុងមានការពិភាក្សាមួយជុំវិញលទ្ធភាពដែលខ្សែប្រយុទ្ធ Cristiano Ronaldo អាចលេងក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ នាពេលខាងមុខនេះ បើទោះបីជាក្រុម Al Nassr បានខកខានឱកាសប្រកួតពានរង្វាន់នៅរដូវក្តៅនេះយ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
ក្រុម Al Nassr សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានបរាជ័យក្នុងការទទួលបានកៅអីលេងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក ដែលមានរហូតដល់ក្រុមចំនួន៣២ក្រុមចូលរួម ដោយនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោក Infantino បានអះអាងថា ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo វ័យ៤០ឆ្នាំ ដែលផុតកុងត្រាជាមួយក្លិប Al Nassr នៅរដូវក្តៅនេះ នៅតែអាចមានវត្តមានប្រកួតព្រឹត្តិការណ៍នេះ។
អំឡុងពេលបទសម្ភាសន៍ជាមួយតារាយូធូបដ៏ល្បីរបស់សហរដ្ឋអាមេរិក IShowSpeed លោក Infantino បាននិយាយអំពីគូប្រជែងដ៏អស្ចារ្យរបស់ Ronaldo គឺខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ដែលនឹងលេងក្នុងការប្រកួតបើកឆាកនាថ្ងៃទី១៤ ខែមិថុនាសម្រាប់ក្រុម Inter Miami សមាជិកលីគកំពូលអាមេរិក។ បន្ទាប់មកប្រធានសហព័ន្ធពិភពលោកបានបន្ថែមដូច្នេះថា «ហើយ Ronaldo ប្រហែលជាលេងឱ្យក្រុមណាមួយផងដែរនៅព្រឹត្តិការណ៍ FIFA Club World Cup។ យើងមានការពិភាក្សាជាមួយក្លិបមួយចំនួន ដូច្នេះប្រសិនបើក្លិបណាមួយកំពុងមើលឃើញការសម្ភាសន៍នេះ និងចាប់អារម្មណ៍ក្នុងការនាំយក Ronaldo ទៅរួមក្រុមពួកគេសម្រាប់ការប្រកួត FIFA Club World Cup ខណៈដែលនៅតែប៉ុន្មានសប្ដាហ៍ទៀត នឹងសប្បាយហើយ»។
សូមជម្រាបថា ព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំនេះ នឹងក្លាយជាការប្រកួតដំបូងគេក្នុងរដូវក្តៅ និងជាលើកដំបូងដែលមានក្រុមចូលរួមច្រើនជាង៨ក្រុម។ ដូច្នេះហើយ ទើបបានជា FIFA បើកទីផ្សារដោះដូរកីឡាករបន្ថែមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យក្លិបទាំងអស់បញ្ចប់កិច្ចព្រមព្រៀងដោះដូរកីឡាកររបស់ខ្លួន ទាន់ពេលវេលាសម្រាប់ការប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក។ ស្របពេលព្រឹត្តិការណ៍នៅឆ្នាំនេះ FIFA នឹងចំណាយថ្លៃប្រាក់រង្វាន់សរុបរហូតដល់១ពាន់លានដុល្លារអាមេរិក។
តើ Cristiano Ronaldo អាចនឹងចូលរួមជាមួយក្លិបណាខ្លះ?
ប្រភពពីកាសែតអេស្ប៉ាញ Marca បានរាយការណ៍កាលពីពេលថ្មីៗនេះថា ក្លិបប្រេស៊ីលដែលមិនបញ្ចេញឈ្មោះមួយបានដាក់សំណើរទៅ Ronaldo ស្របពេល Botafogo គឺជាក្រុមមួយក្នុងចំណោមក្រុមប្រេស៊ីលទាំង ៤ ដែលមានកៅអីលេង Club World Cup ឆ្នាំនេះ ហើយគ្រូបង្វឹកពួកគេ លោក Renato Paiva ក៏ត្រូវបានសួរនាំអំពីវត្តមាន Ronaldo កាលពីថ្ងៃអាទិត្យសប្តាហ៍មុនផងដែរ ខណៈប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ កំពុងពិចារណាចាកចេញពីក្លិប Al Nassr។ លោក Renato បានសើចមុននិយាយបែបលែងសើបថា «បុណ្យណូអែលគឺនៅខែធ្នូតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ Ronaldo មក អ្នកមិនអាចនិយាយថាទេចំពោះកីឡាករបែបនោះ»៕ ប្រភព ៖ BBC
ចែករំលែកព័តមាននេះ