ការសិក្សាស្រាវជ្រាវមួយចំនួន នៅក្នុងពិភពលោក និងកម្ពុជាបានបង្ហាញថាសិស្សវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន មានជំងឺផ្លូវចិត្ត ដោយសារតែពួកគេប្រឹងខ្លាំងពេក ក្រោមសម្ពាធនៃការគិតអំពីលទ្ធផលសិក្សា និងអនាគត ។ ជាមួយនឹងការយកចិត្តទុកដាក់ដល់អនាគតកូនៗ…
ការសិក្សាស្រាវជ្រាវមួយចំនួន នៅក្នុងពិភពលោក និងកម្ពុជាបានបង្ហាញថាសិស្សវិទ្យាល័យ និងមហាវិទ្យាល័យជាច្រើន មានជំងឺផ្លូវចិត្ត ដោយសារតែពួកគេប្រឹងខ្លាំងពេក ក្រោមសម្ពាធនៃការគិតអំពីលទ្ធផលសិក្សា និងអនាគត ។
ជាមួយនឹងការយកចិត្តទុកដាក់ដល់អនាគតកូនៗ ឪពុកម្តាយមួយចំនួនបង្ខំកូនឲ្យរៀនច្រើន និងតឹងតែងដាក់កូនខ្លាំងពេក ព្រោះតែចង់ឲ្យកូនល្អ ។ ប៉ុន្តែពេលខ្លះការធ្វើដូច្នេះ គឺជាការធ្វើបាបពួកគេទៅវិញ ។
នៅពេលដែលឪពុកម្តាយ ដាក់កម្រិតឲ្យកូនរៀននេះ រៀននោះច្រើនពេកពួកគេ បែរជាយល់ច្រឡំថា អ្វីដែលឪពុកម្តាយខ្លួនធ្វើមកលើខ្លួនមិនមែនជាការស្រលាញ់ មិនមែនជាបំណងប្រាថ្នារបស់ឪពុកម្តាយនោះទេ ។ ពួកគេអាចគិតថាវា គឺជាការដាក់ទណ្ឌកម្ម ឬពិន័យ ហើយរហូតដល់មានកុមារាកុមារីខ្លះ នៅពេលដែលគេរងសម្ពាធនោះជាបន្តបន្ទាប់ នៅពេលដែលពួកគេមានវ័យជំទង់ មានអ្នកខ្លះអាចធ្វើអត្តឃា.តខ្លួនឯង ឬទៅជាមានបញ្ហាសុខភាពផ្លូវចិត្តទៅវិញ ។
រឿងដែលសោកសង្រេងបែបនេះ អាចមានច្រើននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ គ្រាន់តែក្រុមគ្រួសារ ឬឪពុកម្តាយជាច្រើនមិនចែករំលែកប៉ុណ្ណោះ ។ មិនមែនជារឿងលេងសើចទេ ហើយក៏មិនមែនជាសារគំរា.មកំហែ.ងអ្វីដែរ ប៉ុន្តែវា គឺជាទស្សនៈមួយដែលរំលឹកយើងទាំងអស់គ្នាឲ្យយកចិត្តទុកដាក់លើបញ្ហានេះឲ្យហើយ ។
មកដល់ពេលនេះ កុមារាកុមារីជាច្រើនរៀនគ្មានពេលសម្រាកឡើយ សូម្បីតែថ្ងៃសៅរ៍ និងអាទិត្យ ក៏ពួកគេនៅតែឭពាក្យថា រៀននេះជានិច្ច ។ តាំងពីតូចដល់ជំទង់ សម្ពាធនេះចាក់គនៅក្នុងខួក្បាលជាបន្តបន្ទាប់ ។ ដូច្នេះហើយនៅពេលដែលពួកគេចូលដល់វ័យជំទង់ គឺគេមានរោគសញ្ញាចិត្តសាស្ត្រតែម្តង ។
មូយថ្ងៃៗរៀនគ្មានពេលសម្រាកនោះទេសម្រាប់ក្មេងៗខ្លះ ។ ព្រឹករៀនសាលាខ្មែរ ល្ងាចរៀនសាលាអង់គ្លេស ដល់យប់រៀនបំប៉ន ខ្លះរៀនចិន ហើយសៅរ៍អាទិត្យរៀនលេងភ្លេង រៀនហែលទឹក ។ល។ ឪពុកម្តាយ កុំអោយកូនរៀននោះជ្រុលខ្លាំងពេក ប្រយ័ត្នបំណងល្អបែបនោះ ប្រែក្លាយទៅជាសកម្មភាពអកុសលដល់ពួកគេ ។
សូមព្យាយាមចិញ្ចឹមបីបាច់កូនដោយក្តីស្រលាញ់ចេះសិក្សាស្វែងយល់ និងចេះលើកទឹកចិត្តពួកគេ ។ កូនៗរបស់យើងមិនមែនចេះតែនៅតូចដូចការគិតរបស់យើងរាល់ថ្ងៃឡើយ ។ នៅពេលដែលពួកគេនៅក្មេងគេអាចស្តាប់ និងអាចខ្លាច យើងជាឪពុកម្តាយឫអាណាព្យាបាល។ ប៉ុន្តែនៅពេលដែលពួកគេចូលដល់វ័យជំទង់ពួកគេសម្រេចចិត្តតាមផ្លូវផ្សេងដែលពួកគេយល់ ។
កូនៗរបស់អ្នកកាលណាគេចម្រើនវ័យដល់ក្មេងជំទង់ គឺជាវ័យមួយដែលគេចាប់ផ្តើមមានគំនិតខ្លួនគេហើយ ។ ពួកគេអាចនឹងសម្រេចចិត្តធ្វើកម្មភាពណាមួយដែលបន្សល់ទុកត្រឹមតែវប្បដិសារីដល់ឪពុកម្តាយ និងក្រុមគ្រួសារប៉ុណ្ណោះ ។
ដើម្បីកុំអោយមានវិប្បដិសារីឪពុកម្តាយគ្រប់រូបគួរតែព្យាយាមស្វែងយល់ពីកូន ជាពិសេស គឺនៅវ័យជំទង់នេះឯង ។ ប្រសិនបើកូនៗរបស់អ្នក នៅក្នុងវ័យនេះមិនចាប់អារម្មណ៍ក្នុងការសិក្សាវាចាំបាច់ក្នុងការដោះស្រាយបញ្ហាដោយការអត់ធ្មត់ ហើយព្យាយាមយល់ពីពួកគេ ។ ប៉ុន្តែដាច់ខាតកុំបង្ខំ ឬការដាក់ទណ្ឌកម្ម ។
ឪពុកម្តាយ គួរតែស្វែងយល់ពីមូលហេតុ មុននឹងព្យាយាមបញ្ចុះបញ្ចូលពួកគេ ហើយក៏គួរតែព្យាយាមលើកទឹកចិត្ត ឬនិយាយត្រង់ៗជាមួយនឹងពួកគេ ដោយធ្វើយ៉ាងណារកអ្វីដែលជាការផ្សាភ្ជាប់ការសិក្សាទៅនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ ។ ឪពុកម្តាយ គួរតែកសាងទំនុកចិត្ត និងទំនាក់ទំនងជាញឹកញាប់ ហើយព្យាយាមនិយាយជាមួយនឹងពួកគេដោយបើកចំហ ។
សរុបទៅ ឪពុកម្តាយគ្រប់រូប ប្រសិនបើចងឲ្យកូនៗធំធាត់ប្រកបដោយភាពវិជ្ជមាន គឺកុំបង្ខំពួកគេឲ្យគិតតែពីរៀនខ្លាំងពេក ។ ឪពុកម្តាយគ្រប់រូប គួរតែលើកកម្ពស់ការលើកទឹកចិត្ត ហើយការលើកទឹកចិត្តក្មេងជំទង់ឱ្យសិក្សា ទាមទារការយល់ចិត្ត និងការបញ្ជ្រាបភាពវិជ្ជមានជាយុទ្ធសាស្ត្រ ។ ទោះបីជាមិនមានដំណោះស្រាយភ្លាមៗក៏ដោយការខិតខំប្រឹងប្រែងជាប់លាប់ជាវិធីសាស្ត្រដ៏វិជ្ជមានអាចជួយកូនរបស់អ្នកអភិវឌ្ឍន៍ការលើកទឹកចិត្ត និងវិន័យដែលត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ។
សូមចាំថា គោលដៅមិនមែនគ្រាន់តែជាពិន្ទុល្អនោះទេ វា គឺជាការកសាងផ្នត់គំនិតដែលផ្តល់តម្លៃដល់ការលូតលាស់ ការទទួលខុសត្រូវ និងការរៀនសូត្រពេញមួយជីវិត ។ ប៉ុន្តែប្រសិនបើឪពុកម្តាយរក្សាជំហរតឹងតែងដាក់កូនពេកនោះ ប្រយ័ត្នទឹកភ្នែក ៕
ចែករំលែកព័តមាននេះ