រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងព្រលានយន្តហោះអន្តរជាតិ តេជោ ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងខាភិបាល ដែលទទួលបន្ទុកការងារជំងឺឆ្លង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចុះពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក និងការគ្រប់គ្រងជំងឺឆ្លង ក្នុងទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិ តេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកជំទាវរដ្ឋលេខាធិការ និងគណៈប្រតិភូ អមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការទទួលស្វាគមន៍ពីតំណាងអ្នកឧកញ៉ា វ៉ាន់ ឆារស៍ជួន អភិបាលក្រុមហ៊ុនខេមបូឌាអ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានធ្វើការពិនិត្យទីតាំងទាំងពីរក្នុងផ្នែក Arrival ជាក់ស្ដែង ៖
ទីតាំងទី ១ ៖
-ទីតាំងបំពាក់កាមេរ៉ា វ៉ាស់កំដៅ ចំនួន ៤គ្រឿង នៅទីតាំងអ្នកដំណើរអន្តរជាតិ និង ២គ្រឿង សម្រាប់អ្នកដំណើរក្នុងស្រុក។
-បន្ទប់តាមដាន និងវិភាគរោគសញ្ញាចំនួន ២បន្ទប់ ដោយតម្រូវឱ្យមានការបំពាក់សំភារៈ និងបរិក្ខារគ្រប់គ្រាន់។
ទីតាំងទី ២៖
-ចម្ងាយពីគ្នាប្រហែល ១០០ម៉ែត្រ
-មាន ៥បន្ទប់៖ បន្ទប់ដាក់អ្នកជំងឺ បន្ទប់ប្រចាំការរបស់ពេទ្យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ដាក់សម្ភារៈ បរិក្ខារ និងបន្ទប់ធ្វើការ និងកិច្ចប្រជុំ។
សំណូមពរ របស់ប្រតិភូសុខាភិបាល ជូនដល់តំណាងក្រុមហ៊ុន CAIC ទទួលខុសត្រូវ ព្រលានយន្តហោះ ៖
ការសម្អាតបន្ថែម (Deep clean) និងការរៀបចំដាក់ស្លាកសញ្ញានៅគ្រប់ទីតាំងបន្ទប់ ក៏ដូចជាគំនូស បំព្រួញតាមផ្លូវ ដែលងាយស្រួល ដល់អ្នកដំណើរ ។
កំណត់ការប្រគល់ និងទទួល នៅចុងខែឧសភា ឆ្នាំ២០២៥ ។ការដឹកជញ្ជូនសំភារៈបរិក្ខារចូល និងការបំពាក់ ឧបករណ៍ទាំងអស់ នឹងប៉ាន់ស្មានឱ្យបានរួចរាល់ នៅដើម ខែមិថុនា ។
ស្នើសុំឱ្យមានការប្រជុំអន្តរក្រសួង រវាងក្រសួងសុខាភិបាល អាកាសចរស៊ីវិល ក្រុមហ៊ុនសាងសង់ និងផ្នែកពាក់ព័ន្ធ សម្រាប់កំណត់ការទទួលខុសត្រូវ និងដើម្បីធ្វើការសហការគ្នាឱ្យបានល្អ ។
គណៈប្រតិភូ ក៏បានលើកស្នើសុំទីតាំងសម្រាប់ដាក់ម៉ាស៊ីនវ៉ាស់កំដៅ និងសម្រាប់ពេទ្យប្រចាំការ ក្នុងករណីចាំបាច់នៅទីតាំង VIP ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ អំពីស្នាដៃសាងសង់ របស់កូនខ្មែរ និងភាពប៉ិនប្រសព្វរបស់វិស្វករ និងអ្នកជំនាញទាំងអស់ ដែលអាចធ្វើឱ្យព្រលានយន្តហោះអន្តរជាតិមួយនេះ លេចរូបរាងទ្បើងដ៏អស្ចារ្យ។
លោកជំទាវ និងប្រតិភូ បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា វ៉ាន់ ឆារស៍ជួន ព្រមទាំងសហការី ដែលជានិច្ចជាកាល មានការសហការគ្នាបានល្អ និងបន្តកិច្ចការនេះ ដើម្បីទប់ស្កាត់ការ នាំចូល នៃជំងឺឆ្លង ក៏ដូចជាជំងឺកាចសាហាវថ្មីៗ ។
ក្នុងការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងក្រុមហ៊ុនសាងសង់ CAIC និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ ៕







ចែករំលែកព័តមាននេះ