សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុននៅចុងខែនេះ ហើយ គេគិតថានោះគឺជាឱកាសដ៏ល្អមួយសម្រាប់មេដឹកនាំកម្ពុជាទាក់ទាញការធ្វើពាណិជ្ជកម្ម វិនិយោគ និង ពង្រឹងសហប្រតិបត្តិការជាមួយប្រទេសជប៉ុនអោយកាន់តែស៊ីជម្រៅនិងរឹងមាំ។
វេបសាយរបស់ក្រសួងការបរទេសជប៉ុនបានអោយដឹងថា សម្តេចធិបតី និង លោក ជំទាវ ពេជ្រ ចន្ទមុន្នី នឹងបំពេញទស្សនកិច្ចផ្លូវការនៅជប៉ុនពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែឧសភា។ នៅក្នុងពេលទស្សនកិច្ចនោះ សម្តេចធិបតី នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា ស៊ីហ្គេរុ ( Ishiba Shigeru) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និង ពិភាក្សាផងដែរអំពីបញ្ហា តំបន់ និង អន្តរជាតិ។ ទស្សនកិច្ចរបស់សម្តេចធិបតីនឹងធ្វើអោយកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយងរវាងប្រទេសទាំងពីរ។
បច្ចុប្បន្នជប៉ុនគឺជាដៃគូពាណិជ្ជកម្មលំដាប់កំពូលទី៥ របស់កម្ពុជា។ ដូច្នេះសង្ឃឹមថា ក្រោយដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់សម្តេចធិបតី ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិ យោគរវាងកម្ពុជានិងជប៉ុននឹងកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត ។ កម្ពុជាកំពុងសំឡឹងឃើញជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ការពង្រីកទីផ្សារទំនិញកម្ពុជានៅលើពិភពលោក ខណ:ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចុះពន្ធបដិការនៅមិនទាន់មានស្រមោលច្បាស់លាស់នៅឡើយទេ ។
ខណ:ទីផ្សារអាមេរិកអាចពិបាកសម្រាប់ពេលអនាគតដោយសារសម្ពាធពន្ធនោះ កម្ពុជាត្រូវតែមាន គោលដៅខិតខំបើកទីផ្សារនិងធ្វើពិពិធកម្មជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ នៅក្នុងនោះជប៉ុនក៏ជាទីផ្សារដ៏មានសក្តានុពលមួយដែរ។ ដូច្នេះសង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសប្តាហ៍ក្រោយនឹងនាំមកនូវភាពវិជ្ជមាន ។
ការទាក់ទាញជប៉ុនឲ្យមកវិនិយោគនិងពង្រីកទីផ្សារនាំចេញទៅកាន់ជប៉ុនគឺជារបៀបវារៈដ៏សំខាន់ ដែលគេចាប់អារម្មណ៍បំផុត ។ នៅក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង៥ ជប៉ុនគឺនៅក្នុងបញ្ជីដោយនៅពីក្រោមថៃ វៀតណាម សហរដ្ឋអាមេរិក និង ចិន ។ យោងតាមទិន្នន័យរបស់អគ្គនាយក ដ្ឋានគយនិងរដ្ឋាករ នៅ៤ខែដើមឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនលើស ៨៣២លានដុល្លារ កើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
នៅក្នុងរយៈពេលនេះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានចំនួន ៥២៣ លានដុល្លារ កើនឡើងជិត២០ ភាគរយ ទន្ទឹមនឹងនេះដែរ ការនាំចូលពីប្រទេសជប៉ុនមកកម្ពុជាមានតម្លៃប្រមាណជា ជាង ៣០៨ លានដុល្លារ កើនឡើងជិត ៥១ ភាគរយ។ ទីផ្សារជប៉ុនសម្រាប់កម្ពុជាគឺមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារិម គ្រឿងសម្អាង ផលិតផលក្រដាស សម្ភារៈការិយាល័យ និងស្បែក ហើយ នាំចូលមកវិញជាគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម ក្រណាត់ និងផលិតផលប្លាស្ទិក។
ដោយឡែកវិនិយោគវិញ ជប៉ុននៅពេលនេះអាចក្លាយជាវិនិយោគទុនលំដាប់កំពូលមួយដែរ ប៉ុន្តែទំហំវិនិយោគនៅកម្ពុជាមិនដល់ចិន និង ប្រទេសដទៃទៀតនៅក្នុងតំបន់នៅឡើយទេ ជាពិសេសធៀបនឹងចិន កូរ៉េខាងត្បូង បណ្តាប្រទេសជិតខាង និង អាស៊ាន ។ កន្លងមកលើទំនាក់ទំនងជាមួយនឹងជប៉ុននេះ សម្តេចធិបតី តែងតែបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសជប៉ុន ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការកសាងសន្តិភាព ហើយបានសម្តែងការគាំទ្រយ៉ាងមុតមាំសម្រាប់ការរីកលូតលាស់នៃកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ជាពិសេសលើវិស័យសន្តិសុខ។
ក្រៅពីដំណើរទស្សនៈកិច្ចការងារ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ីស៊ីបា ស៊ីជីររូ (Ishiba Shigeru) សម្តេចធិបតីក៏មានក្តីរំពឹងថានឹងឆ្លៀតចូលរួម នៅក្នុងសន្និសីទអន្តរជាតិលើកទី ៣០ ស្តីពី “អនាគតនៃអាស៊ី” ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. នៅទីក្រុងតូក្យូ។ ព្រឹត្តិការណ៍នេះគឺជា ឱកាសមួយដែលសម្តេចធិបតីនឹងបង្ហាញពីសក្តានុពលនិងច្រកដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ។ ក្តីសង្ឃឹមមួយទៀតគឺ ការទាក់ទាញទេសចរពីព្រោះជប៉ុនក៏ជាទីផ្សារទេសចរបរទេសដ៏សំខាន់មួយដែរសម្រាប់តំបន់អាស៊ីអគ្នេយ៍ ។
វេទិកានេះគឺជាឱកាសមាសដ៏កម្រមួយសម្រាប់សម្តេចធិបតីចែកតរំលែកដល់អ្នកចូលរួមដែលជាអ្នកនយោបាយ ធុរជនជប៉ុនធំៗ ក៏ដូចជា អ្នកជំនាញការនានា ឲ្យយល់អំពី ចក្ខុវិស័យ និង សក្តានុពលរបស់កម្ពុជា ។
សរុបទៅដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតីទៅជប៉ុននៅសប្តាហ៍ក្រោយ វាគឺជាឱកាសដ៏កម្រមួយដែលរៀបចំឡើងនៅក្នុងពេលចាំបាច់សម្រាប់កម្ពុជាដើម្បីពន្យល់ពីកម្ពុជា ដើម្បីធ្វើយ៉ាងណាកម្ពុជាអាចទាញយកផលប្រកបដោយភាពឈ្នះឈ្នះ ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទេសចរណ៍ ដោយសារតែជប៉ុនជាទីផ្សារសំខាន់ និងជាច្រកដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពាណិជ្ជកម្មដែលអាចនឹងកើតមានក្រោយការពន្យាពេលអនុវត្តពន្ធបដិការដែលសហរដ្ឋអាមេរិកបានកំណត់ ។
កម្ពុជានិងជប៉ុនកំពុងសំឡឹងមើលទៅរកអនាគតរួមគ្នាដ៏ល្អមួយទាំងលើទិដ្ឋភាព នយោបាយ និង សេដ្ឋកិច្ច ដូចជា ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍ជាដើម៕
ចែករំលែកព័តមាននេះ