រាជធានីភ្នំពេញ ៖ អ្នកគ្រូក្រមុំម្នាក់ខណៈដើរចេញពីបន្ទប់ជួលទៅបង្រៀនសិស្សនៅឯសាលាឯកជនមួយ ស្រាប់តែមានអាការៈមិនស្រួលខ្លួន នាងក៏បានស្រែកហៅអ្នកជិតខាងថា «ជួយខ្ញុំផងៗ»បន្ទាប់មកក៏បានគាំងបេះដូងដួលស្លាប់បាត់បង់ជីវិតភ្លាមមួយរំពេចនៅនឹងមុខបន្ទប់ជួល ដោយគ្មាននរណាម្នាក់ជួយទាន់ឡើយ ។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅមុខបន្ទប់ជួលនៅតាមបណ្តោយផ្លូវព្រៃស ជិតផ្សារថ្នល់បត់ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អ្នកគ្រូក្រមុំរូបនោះឈ្មោះ អូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងជាគ្រូបង្រៀននៅសាលាអន្តរជាតិមួយកន្លែង ស្ថិតនៅជិតផ្សារថ្នល់បត់ នាងស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។
បើតាមមិត្តភក្ដិរបស់នាងបាននិយាយថា នាងរងគ្រោះមានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម ប៉ុន្តែអតីតជាក្មេងកំព្រាម្នាក់ ហើយបានស្នាក់អាស្រ័យនៅក្នុងអង្គការមួយតាំងពីតូចមកម្ល៉េះ ។ អង្គការមួយនោះជាអ្នកចិញ្ចឹម បណ្ដុះបណ្ដាលឲ្យរៀនសូត្រ រហូតបានក្លាយជាគ្រូបង្រៀនម្នាក់ និងបានបង្រៀននៅសាលាឯកជនខាងលើ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត មិននឹកស្មានថាពេលនះជួបរឿងអកុសលទាំងវ័យក្មេងបែបនេះឡើយ ។
ប្រជាពលរដ្ឋដែលស្នាក់នៅជិតនោះបាននិយាយថា អ្នកគ្រូបង្រៀនរងគ្រោះបានស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយនៅមុនពេលកើតហេតុក្រោយពីរៀបចំខ្លួនរួច នាង
បានស្ពាយកាបូប១ដើរចេញពីបន្ទប់ជួលដើម្បីទៅបង្រៀនសិស្ស ។ លុះពេលដើរចេញក្រៅដល់មុខបន្ទប់ជួលស្រាប់តែមានអាការៈមិនស្រួលខ្លួន នាងក៏បានស្រែកហៅអ្នកជិតខាងថា «ជួយខ្ញុំផងៗ»និងស្រវាតោងជញ្ជាំងបន្ទប់ ហើយក៏បានដួលដេកទៅលើសាបភ្លាមៗតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយអាជីវករដែលលក់ដូរនៅក្បែរនោះ បាននាំគ្នាចូលទៅសង្គ្រោះបឋមនិងហៅរថយន្តពេទ្យឲ្យដឹកជនរងគ្រោះ ដើម្បីសង្គ្រោះ ។ ប៉ុន្តែជាអកុសលមិនអាចជួយបានឡើយ នាងបានស្លាប់ភ្លាមៗមួយរំពេចបាត់ទៅហើយ ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោឲ្យចុះទៅពិនិត្យជាក់ស្ដែង ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ សហការណ៍ជាមួយនគរបាលខណ្ឌដង្កោ ព្រមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានចុះទៅពិនិត្យកោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕








ចែករំលែកព័តមាននេះ