ខេត្តកណ្តាល ៖ ក្មេងៗជំទង់ប្រមាណ ៤-៥នាក់ បានបបួលគ្នាទៅលេងទឹក ហើយក្មេងស្រីម្នាក់ ក្នុងចំណោមនោះ បានរៀនហែលទឹក ស្រាប់តែផុតជើងលង់លិចបាត់ក្នុងទន្លេ រាវរកយ៉ាងណា ក៏មិនឃើញ លុះព្រឹកឡើង អ្នករកត្រីលើកមង ចេះតែឆ្ងល់ម៉េច ក៏តឹងម្ល៉េះ លុះទាញមើលឃើញស.ពផុសឡើងតែម្តង ។
ហេតុការណ៍ប្រទះឃើញស.ពនេះ បង្កការភ្ញាក់ផ្អើលឡើង នាវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គលើ ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ស.ពក្មេងរងគ្រោះមានឈ្មោះ ផាត លីណា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
តាមយោងតាមការបំភ្លឺរបស់ក្មេងជំទង់ឈ្មោះ គា ជីងអ៊ូ, ឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ ម៉ៅ ជ្រឹង បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ខ្លួន(ជីងអ៊ូ)កំពុងលេងទូរសព្ទនៅក្រោមដើមក្រខុប លើអង្រឹងមុខផ្ទះ ពេលនោះ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មកបបួលខ្លួន ទៅលេងទឹក នៅឆ្នេរខ្សាច់មាត់ទន្លេ ភូមិក្អម (កន្លែងកើតហេតុ) ហើយខ្លួន(ជីងអ៊ូ) ក៏បានយល់ព្រមទៅលេងនៅទីនោះ បន្ទាប់មកជនរងគ្រោះ ជិះម៉ូតូត្រឡប់ចេញទៅវិញ ។
ក្មេងជំទង់ឈ្មោះ គា ជីងអ៊ូ ប្រាប់បន្តថា រហូតដល់វេលាម៉ោង០៣រសៀលថ្ងៃដដែល ខ្លួនបានជិះម៉ូតូឌុបឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ តាត វិទូ មកឆ្នេរខ្សាច់មាត់ទន្លេភូមិក្អម។ ហើយពេលមកដល់ ខ្លួនក៏ទម្លាក់ឈ្មោះ វ៉ាន វណ្ណ និងឈ្មោះ តាត វិទូ ចុះនៅទីនោះ រួចហើយ (ជីងអ៊ូ)ជិះម៉ូតូត្រឡប់ទៅយកជនរងគ្រោះ និងឈ្មោះ គា នីកា មួយបកទៀត។ ពេលត្រឡប់មកដល់កន្លែងលេងទឹកវិញ ពួកខ្លួនក៏បាននាំគ្នាចុះទៅលេងទឹកទន្លេ រហូតដល់វេលាម៉ោង០៣និង២០នាទីរសៀល ជនរងគ្រោះ ប្រាប់ថារៀនហែលទឹក ស្រាប់តែហែលមកដល់កន្លែងទឹកជ្រៅ បានផុតជើង ស្រវ៉េស្រវ៉ាឲ្យគេជួយ ឃើញដូច្នេះឈ្មោះ គា ជីងអ៊ូ ស្ទុះហែលទៅជួយទាញដៃជនរងគ្រោះ តែដោយសារខ្លួនអស់ខ្យល់ ទើបហែលមកលើគោកវិញ។ ចំណែកជនរងគ្រោះ បានលិចទៅក្នុងបាត់ឈឹង ភ្លាមៗអ្នកនៅជិតនោះ បាននាំគ្នាជួយចុះរាវដែរ ប៉ុន្តែរកជនរងគ្រោះ រហូតដល់យប់ជ្រៅ ក៏រកមិនឃើញទ្បើយ ។
លុះព្រឹកឡើង នាវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋឈ្មោះ ម៉ៅ ជ្រឹង បានជិះទូកទៅមើលមង ដែលខ្លួនរាយនៅក្នុងទន្លេមេគង្គ ពេលកំពុងសាមង បានពាក់កណ្ដាល ស្រាប់តែទាញមងរាងតឹង និងបានឃើញសាកស.ពហើបផុសឡើង ពេលនោះខ្លួន ក៏បានយកខ្សែពួចងកែងដៃស.ព អូសមកដាក់នៅច្រាំងទន្លេ បន្ទាប់មក ក៏បានរាយការណ៍ ជូនសមត្ថកិច្ច ។
ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ និងគ្រូពេទ្យបង្អែក ចុះទៅធ្វើការពិនិត្យសាកស.ពជនរងគ្រោះឃើញថា ស.ពជនរងគ្រោះ ពិតជាស្លា.ប់ដោយសារលង់ទឹកពិតមែន និងប្រគល់ស.ពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ