រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ ស្នើរៀបចំឱ្យដំណើរការ នៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយក្នុងនោះឱ្យមានសកម្មភាព នៃការបង្កើតដាក់ឱ្យដំណើរការ នៃបណ្ដាញសង្គមផ្លូវការរបស់សមាគមអតីតយុទ្ធជនកម្ពុជា មានដូចជា Facebook, Telegram, Youtube និងTikTok ជាដើម ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ នូវសកម្មភាព ជាស្នាដៃ ជាសមិទ្ធផល និងផ្សព្វផ្សាយអំពីការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសកម្មភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាឱ្យកាន់តែផុសផុសឡើងនៅលើបណ្ដាញសារព័ត៌មាន ពោលគឺចំពោះបណ្ដាញផ្សព្វផ្សាយសង្គមតែម្ដង ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ថា កិច្ចប្រជុំនេះ មានគោលដៅសំខាន់ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តន៍បន្ត ។
នៅក្នុងកិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅចំណុចស្នូលសំខាន់ៗ ទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដោយសម្ដេចតេជោបានផ្ដល់អនុសាសន៍ ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈ អតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណា ឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តន៍ជនទូទៅ ដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ ប៉ុន្តែសម្ដេចបានផ្ដល់អនុសាសន៍ឱ្យកែលក្ខន្តិកៈនេះ ក្នុងគោលដៅដើម្បីបញ្ចូល និវត្តន៍ជនទូទៅ ក្នុងនោះ មានមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឱ្យមកចូលក្នុងក្របខ័ណ្ឌសមាគមអតីតយុទ្ធជននេះដែរ។ ទន្ទឹមនេះ នឹងអាចពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីឱ្យមានវិសាលភាពគ្របដណ្ដប់ ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ។
ការផ្ដល់អនុសាសន៍បែបនេះរបស់សម្ដេចតេជោ ក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តន៍ជនទូទៅ ដោយមិនទុកពួកគាត់ចោលនោះទេ គឺការយកចិត្តទុកដាក់ជួយជ្រោមជ្រែង ឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តន៍ជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជនទេ។ នេះជាអនុសាសន៍ថ្មី និងជាការយកចិត្តទុកដាក់ថ្មីរបស់សម្ដេចតេជោ ក្នុងឋានៈសម្ដេចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរដល់ អ្នកចូលនិវត្តន៍ទាំងអស់ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលបានចូលនិវត្តន៍ ដើម្បីឱ្យចូលក្នុងក្របខណ្ឌនៃសមាគម ដែលរួមចំណែកក្នុងការជួយដល់ពួកគាត់តាមយន្តការរបស់សមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍ ។
ការផ្តល់អនុសាសន៍របស់សម្តេចតេជោនេះ ដើម្បីសំដៅដល់ការគ្រប់គ្រងទៅលើដំណើរការរបស់និវត្តជនទាំងអស់ ដោយមិនទុកឲ្យពួកគាត់ម្នាក់ណាចោលនោះទេ គឺត្រូវតែមានសកម្មភាពជួយជ្រោមជ្រែង និងឧបត្ថម្ភទៅតាមទិដ្ឋភាពជាក់ស្តែង ។
បើតាមអ្នកនាំពាក្យដដែល បានគូសបញ្ជាក់ថា “សម្តេចតេជោបានលើកឡើង នូវចំណុចស្នូលសំខាន់ទាក់ទងការកែវិសោធនកម្មលក្ខន្តិកៈ អតីតសមាគមយុទ្ធជនកម្ពុជា ។ ដោយសម្តេចបានផ្តល់អនុសាសន៍ឲ្យមានការរៀបចំដើម្បីឈានទៅដល់ការវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា ដើម្បីសំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដោយមិនចំពោះតែអតីតយុទ្ធជនកន្លងមកទេ ។ ប៉ុន្តែការផ្តល់អនុសាសន៍ឲ្យកែលក្ខន្តិកៈនេះ ក្នុងគោលដៅដើម្បីបញ្ចូលនិវត្តជនទូទៅដែលក្នុងនោះសំដៅទៅលើមន្ត្រីរាជការស៊ីវិល រួមទាំងកម្លាំងប្រដាប់អាវុធឲ្យមកចូលនៅក្នុងក្របខណ្ឌនៃសមាគមនេះដែរ” ។
អ្នកនាំពាក្យថា នេះហើយ គឺជាទឹកចិត្តសណ្តោះប្រណីរបស់សម្តេចតេជោ ក្នុងការយកចិត្តទុកដាក់ទៅមន្ត្រីចូលនិវត្តទាំងអស់ ៕






ចែករំលែកព័តមាននេះ