ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ ចាត់​ទុក​វត្តមាន​ក្រុមហ៊ុន​ជាង​២០០​ទៀត ​នៅ​ព្រះ​សីហ​នុ ជា​មនុញ្ញផល ​នៃ​សន្តិភាព និង​ភាព​កក់ក្ដៅ​ នៃ​សន្តិសុខ​សណ្ដាប់ធ្នាប់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ ចំនួន​២០០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ភាពល្អ​ប្រសើរ​ នៃ​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច នៅ​ក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ…

រាជធានី​ភ្នំពេញ​ ៖ ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ ចំនួន​២០០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ភាពល្អ​ប្រសើរ​ នៃ​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច នៅ​ក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ ជា​ពិសេស​គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​មនុញ្ញផល ​នៃ​សុខ​សន្តិភាព និង​ការ​ផ្ដល់​ទំនុកចិត្ត​របស់​ក្រុម​វិនិយោគទុន​ជាតិ និង​អន្តរជាតិ ចំពោះ​ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ ។

ការ​លើក​ឡើង​ពី​អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​នា​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២០០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បន្ថែម​លើ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ ដែល​បាន​និង​កំពុង​ដំណើរការ​យ៉ាង​សកម្ម​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ក៏​ដូច​ជា​នៅ​តាម​បណ្ដា​រាជធានី ខេត្ត ទូ​ទាំង​ប្រទេស ​។

បើ​តាម​លោក ទូច សុ​ឃៈ ចាប់តាំងពី​ចុង​នីតិកាល​ទី​៦ ​នៃ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី រហូត​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដោយ​មាន​ក្រសួងមហាផ្ទៃ ជា​សេនាធិការ​ដឹកនាំ​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ត​យកចិត្តទុកដាក់ ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ការ​ធានា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ក៏​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​គោលដៅ​ទេសចរណ៍ និង​វិនិយោគ ​។

លោក ទូច សុ​ឃៈ បាន​បន្ត​ថា ជាក់ស្តែង​ក្រសួងមហាផ្ទៃ ដោយ​មាន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ជា​សេនាធិការ បាន​យកចិត្តទុកដាក់​លើ​ការ​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើនប្រជាជន ភ្ញៀវ​ទេសចរ អ្នក​វិនិយោគ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ខេត្ត​ព្រះ​សីហ​នុ បន្ថែម​លើ​ការ​ទទួលខុសត្រូវ​ដឹកនាំ និង​អនុវត្ត​របស់​រដ្ឋបាល​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មាន​ភាព​កក់ក្ដៅ ជាក់ស្ដែង​វត្តមាន​ក្រុមហ៊ុន​ចំនួន​២០០​បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ​គឺជា​ទឡ្ហីករណ៍ ​។

គួរ​កត់​សម្គាល់ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥​នេះ មាន​គម្រោង​វិនិយោគ​ចំនួន​១៧២ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត ក្នុង​ទំហំ​ទុន​សរុប​ជាង ២.៥ ប៊ី​លាន​ដុល្លារ​អាម៉េរិក និង​អាច​ផ្ដល់​ឱកាស​ការងារ​បាន​ជាង​១២​ម៉ឺន​នាក់​។ បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប្រភព​ទុន​វិនិយោគ​ដែល​ឈានមុខ​គេ ក្នុង​ត្រីមាស​ទី​១​នេះ រួម​មាន ចិន កម្ពុជា សិង្ហ​បុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋ​អាម៉េរិក និង​កា​ណា​ដា​។

នៅ​ពេល​ដែល​កម្ពុជា​ក្លាយជា​គោលដៅ​កាន់តែ​សកម្ម​របស់​វិនិយោគទុន​បរទេស អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ដដែល បាន​អះអាង​ទៀត​ថា គ្មាន​អ្នក​វិនិយោគ​ណា យក​ទុន​រាប់​លាន​ដុល្លារ​ទៅ​វិនិយោគ​នៅ​ប្រទេស​ដែល​មាន​សង្គ្រាម និង​អសន្តិសុខ​ឡើយ ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​និង​កំពុង​បន្ត​រួម​គ្នា​ការពារ​សន្តិភាព និង​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ស្រូប​យក​អ្នក​វិនិយោគ រួម​ទាំង​បង្កើត​ឱកាស​អភិវឌ្ឍ​ជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ