ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគ​បាល​ជាតិ​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ចរចា​អនុគ្រោះ​ពន្ធ​រវាង​កម្ពុជា​-​អា​មេ​រិ​ក

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សង្កេត​ឃើញ​ថា មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្ត្រី Overseas ពាក់ព័ន្ធ​ដល់​កិច្ច​សម្ភាស​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ចរិត​ញុះញង់ បំភ្លៃ​ការ​ពិត ធ្វើ​ឲ្យ​មានការ ភាន់ច្រឡំ អំពី​លទ្ធផល​នៃ​ការ​ចរចា​លើ ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ រវាង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ។

ប្រភព​បាន​អះអាង​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជា​បន្តបន្ទាប់​របស់​សមត្ថ​កិច្ច អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ដូច​ខាងក្រោម​៖

១-​សារ​សំឡេង​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រី Overseas ពុំ​មែន​ជា​សារ​សំឡេង​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ ។ សារ​សំឡេង​នោះ គឺជា​ការ​ប្រើ​បច្ចេកទេស​កាត់​រូបភាព​វី​ដេ​អូ​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​បញ្ចូល​សំឡេង​ស្ត្រី​ម្នាក់​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ចេតនា​ធ្វើ​វិទ្ធង្សនា​បំពុល បំផ្លាញ​សង្គម​ញុះញុង លាប​ពណ៌ និង​បំភ្លៃ​ការ​ពិត ក្នុង​គោលបំណង​ធ្វើ​ឱ្យ​សាធារណៈជន​មានការ​ភាន់ច្រឡំ ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ ចរចា​លើ​ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ ជាមួយ​ភាគី​អា​មេ​រិ​ក​។

២-​សមត្ថកិច្ច​បាន​រក​ឃើញ​ថា មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ខាងលើ មានឈ្មោះ ជូ ឈី​ន ភេទ​ស្រី កើត​ឆ្នាំ​១៩៨៣ នៅ​ខេត្តបាត់ដំបង ដែល​ជា​មុខសញ្ញា​ចាស់ ត្រូវ​បាន តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ ពី​បទ​រួមគំនិត​ក្បត់ តាម​រយៈ​សកម្មភាព​ឃុបឃិត​ជាមួយ​ក្រុម​ឧទ្ទាម​ជ្រុលនិយម ធ្វើការ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល និង​បាន​រត់​ភៀសខ្លួន ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ។

ក្នុងអំឡុងពេល​សំងំ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ ស្ត្រី​រូប​នេះ បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ដូច​ជា​ទំព័រ​ឈ្មោះ ស្ត្រី Overseas, គណនី​ឈ្មោះ ស្ទឹង​សម្ងាត់​, Chhin Chou, និង​គណនី​ឈ្មោះ ម៉ៅ បង ធ្វើ​ជា​មធ្យោបាយ​ដើម្បី​បម្រើ​ឧបាយកល​ក្បត់ជាតិ​នៃ​ក្រុម​ឧទ្ទាម​ជ្រុលនិយម ដោយ​បន្តសកម្មភាព​បង្ហោះ​ព័ត៌មាន​ញុះញង់ បំភ្លៃ​ការ​ពិត ធ្វើ​ឱ្យ​ចលាចល បង្ករ​អសន្តិសុខ​ក្នុង​សង្គម និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

៣-​បច្ចុប្បន្ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ប្រទេស​ថៃ​ធ្វើការ​ស្វែងរក​ចាប់ខ្លួន និង​បញ្ជូន​ស្ត្រី​ឈ្មោះ ជូ ឈី​ន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អំពាវនាវ​ពលរដ្ឋ​កុំ​មានការ​ភាន់ច្រឡំ​ជឿ​លើ ការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម មាន​ចរិតលក្ខណៈ​ញុះញង់ លាប​ពណ៌ និង​បំភ្លៃ​ការ​ពិត​របស់​ស្ត្រី​ឈ្មោះ ជូ ឈី​ន រូប​នេះ នឹង​ត្រូវ​មានការ​ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​បម្រើ​ប្រជាពលរដ្ឋ និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ