ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ផ្សព្វផ្សាយ និង​ប្រមូល​ធាតុ​ចូល សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ៥​ឆ្នាំ​ខាង​មុខ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ និង​ប្រមូល​ធាតុ​ចូល សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ៥​ឆ្នាំ​ខាង​មុខ (2025-2030) ។…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​កិច្ចប្រជុំ ផ្សព្វផ្សាយ និង​ប្រមូល​ធាតុ​ចូល សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ៥​ឆ្នាំ​ខាង​មុខ (2025-2030) ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់ អ​.​ប​.​ព​. នៅ​ថ្ងៃ​ទី ២២ ខែឧសភា ឆ្នាំ​២០២៥ បាន​រៀបចំ​កិច្ចប្រជុំ ផ្សព្វផ្សាយ និង​ប្រមូល​ធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដំណាក់កាល​ទី​៤ (2025-2030) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ និង​ថ្លែង​សុន្ទរកថា​បើក របស់​កិត្តិ​នីតិកោសល​បណ្ឌិត ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​មានការ​ចូលរួម​ពី​តំណាង​ព្រឹទ្ធសភា រដ្ឋសភា ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើ​ពុក​រលួយ តាម​ក្រសួង ស្ថាប័ន វិស័យ​ឯកជន សង្គម​ស៊ី​វិល និង​ក្លឹ​ប​អ្នកកាសែត​កម្ពុជា ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ដូច​អាណត្តិ​មុន​ៗ​ដែរ សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដំណាក់កាល​ទី​៤ ត្រូវ​បាន​បន្ស៊ី និង​សម្រប​តាម​កម្មវិធី​គោលនយោបាយ​រដ្ឋ ដោយ​រួម​មាននូវ​ចំណាត់ការ និង​សកម្មភាព​ការងារ​នានា ដែល​ចូលរួម​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ជា​រួម​ផង គាំទ្រ​ដល់​ការងារ​កំណែទម្រង់​នានា ដោយ​ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ គាំទ្រ​ដល់​វិស័យ​ឯកជន និង​សាធារណជន​ទូទៅ គាំទ្រ​ដល់​ការ​បំពេញ​កាតព្វកិច្ច​កម្ពុជា ដែល​មាន​ចំពោះ​សហគមន៍​អន្តរជាតិ​ក្នុង​វេទិកា​អន្តររដ្ឋាភិបាល​នានា ដូច​ជា វេទិកា​អាស៊ាន​ផេ​ក (ASEAN-PAC), អ៊ុ​ន​កាក់ (UNCAC) និង APG ជាដើម​។ សកម្មភាព​ដែល​បាន​រំលេច​ឡើង​ក្នុង​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ រួម​មាន ការងារ​ខ្លះ​ដែល​បន្ត​ពី​ផែនការ​មុន​ខ្លះ​មិន​ទាន់​បាន​អនុវត្ត ខ្លះ​ត្រូវ​បាន​កែសម្រួល និង​ខ្លះ​ត្រូវ​បាន​កំណត់​ថ្មី​ស្រប​តាម​បរិបទ​ជាក់ស្តែង និង​កា​រវិ​វត្ត​ផ្លាស់​ប្តូរ​ថ្មី ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​នេះ មាន​រំលេច​នូវ​ការងារ ៥​ឆ្នាំទៅ​មុខ ដោយ​បន្ត​ផ្តោត​លើ​ការដ្ឋាន​យុទ្ធសាស្ត្រ ៦ គឺ (១).​អប់រំ (២).​បង្ការ ទប់ស្កាត់ (៣).​អនុវត្ត​ច្បាប់​បង្ក្រាប (៤).​ក្រប​ខណ្ឌ​គោលនយោបាយ ច្បាប់ និង​បទ​ប្បញ្ញត្តិ (៥).​កិច្ចសហការ​ជាតិ អន្តរជាតិ និង​ការ​រឹបអូស​ផល​នៃ​បទល្មើស (៦).​ពង្រឹងសមត្ថភាព និង​សុចរិត​ភាព​ស្ថាប័ន​សាធារណៈ និង​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាមួយនឹង​ការ​ពង្រឹង​ការ​អនុវត្ត​របប​រាយការណ៍ និង​ការ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឱ្យ​បាន​ទូលំទូលាយ​។ ក្នុង​យុទ្ធសាស្ត្រ​ទាំង ៦ ការដ្ឋាន​នេះ សកម្មភាព​គន្លឹះ​ៗ ចំនួន​១៥ នឹង​ត្រូវ​រំលេច​ឡើង​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​រដ្ឋ​ឱ្យ​បាន​កាន់តែ​មាន​ផ្លែផ្កា បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការ​ផ្គុំ​កម្លាំង ដើម្បី​ប្រយោជន៍​សាធារណៈ ក៏​ដូច​ជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កាតព្វកិច្ច​កម្ពុជា​មាន​ក្នុង​ឆាក​អន្តរជាតិ ។

កិច្ចប្រជុំ មានការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​ពី​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿន​ញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ផ្តោត​សំខាន់​លើ​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ (UNCAC) និង​បទ​បង្ហាញ​អំពី​ការ​រៀបចំសេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដំណាក់កាល​ទី​៤ ដោយ​ឯកឧត្តម យន់ ស៊ី​ណាត អនុប្រធាន អ​.​ប​.​ព​. ដើម្បី​អ្នកចូលរួម​បាន​ស្វែង​យល់​អំពី​សារបាន គោលបំណង ឆន្ទៈ និង​ទិស​ដៅ​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់ ៥​ឆ្នាំទៅ​មុខ​ទៀត រួម​ទាំង​ពិភាក្សា​យ៉ាង​ផុលផុស ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី ដើម្បី​គាំទ្រ​គោលនយោបាយ និង​កម្មវិធី​ដឹកនាំ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ដ៏​ក្លៀវក្លា និង​ថាមពល​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ប្រើប្រាស់​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​អនុវត្ត​ការងារ​របស់ អ​.​ប​.​ព​. ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ជំនឿ​ថា «​ជាមួយនឹង​ធាតុ​ចូល​បន្ថែម ទាំង​ក្នុងថ្ងៃនេះ និង​ពេល​បន្ទាប់​មុន​ផែនការ​យុទ្ធសាស្ត្រ​ត្រូវ​បាន​អនុម័ត​ពី​សំណាក់​អង្គប្រជុំ​ពិភាក្សា នឹង​ទទួល​បាន​ផែនការ​មួយ​កាន់តែ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ក្តី​ប្រាថ្នា​ចង់បាន​របស់​ភាគី​ពាក់ព័ន្ធ នោះ​គឺ​ការ​នាំ​យក​មក​ជូន​ជាតិ ជូន​ពលរដ្ឋ នូវ​សង្គម​កម្ពុ​ជាមួយ​កាន់តែ​ល្អ និង​ស​ស្អាត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ