ខេត្តបាត់ដំបង ៖ ពីរនាក់បងប្អូន ប្រុស-ស្រី មានវ័យ០៣ និង០៥ឆ្នាំ បាននាំគ្នារត់លេងមាត់អូរ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ស្រាប់តែចៃដន្យប្អូនស្រីបានរអិលជើងធ្លាក់ចូលក្នុងអូរ ខណៈដែលទឹកកំពុងហូរខ្លាំង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១ ឧសភា ស្ថិតនៅចំណុចអូរមួយកន្លែង ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។

មន្ត្រីស្រុកសំពៅលូនបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ កុល សៀវអី អាយុ០៣ឆ្នាំ រីឯបងប្រុសនាងអាយុ០៥ឆ្នាំ ដែលរត់លេងជាមួយគ្នាមិនគ្រោះថ្នាក់ទេ ។ មន្ត្រីដដែលបានប្រាប់ថា ពេលដែលកំពុងកើតហេតុ ភ្លៀងបានធ្លាក់ខ្លាំង ហើយពួកគេទាំង០២នាក់បងប្អូនបាននាំគ្នារត់លេងក្បែរមាត់អូរនោះ ដែលនៅក្នុងអូរមានទឹកកំពុងជន់ និងហូរយ៉ាងខ្លាំងដែរ ស្រាប់តែនាងរអិលជើងធ្លាក់ចូលទឹកអូរតែម្ដង ។
បើតាមក្រុមអ្នកជួយសង្គ្រោះ ដែលមានប្រជាពលរដ្ឋ និងកម្លាំងយោធាផង បាននិយាយថា ពេលបងប្អូនទាំង០២នាក់កំពុងនាំគ្នារត់លេង ស្រាប់តែចៃដន្យ ប្អូនស្រីរអិលជើងធ្លាក់ចូលក្នុងទឹកអូរ ដែលកំពុងហូរខ្លាំងបាត់ខ្លួនភ្លាមៗតែម្ដង ។ ទឹកបានហូរបានអូសនាងរសាត់ទៅប៉ែកខាងក្រោម ជាមួយនឹងការសំណល់ និងមែកឈើ ធ្វើឲ្យលិចបាត់ខ្លួននាង។
ប្រភពដដែលបញ្ជាក់ថា កម្លាំងជួយសង្គ្រោះបានចុះក្នុងអូរតាមរាវរកនាងក្នុងអូរ ចាប់តាំងពីបាត់ខ្លួនភ្លាមៗ រហូតចំណាយពេលជាង០២ម៉ោងទើបរកឃើញសពនាង ដោយសារតែសាកសពនាងរសាត់តាមកម្លាំងទឹកហូរបាត់ពីចំណុចកើតហេតុ ឆ្ពោះទៅកាន់ប៉ែកខាងក្រោមនៃដងអូរ ។ នេះជារដូវវស្សាមានភ្លៀងធ្លាក់ជោកជាំគ្រប់ទីកន្លែងស្ទើររាល់ថ្ងៃ។
ជាមួយនឹងភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃនាពេលនេះ ក៏មានលាយឡំមកជាមួយនូវបាតុភូតធម្មជាតិដ៏គ្រោះថ្នាក់បំផុតផងដែរ ។ ដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតមានយ៉ាងសាហាវបំផុត ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិទាំងនេះ ដែលអាចកើតឡើងដោយថាហេតុ ៕
ចែករំលែកព័តមាននេះ