រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីពេទ្យ ក្រោយពីគាត់ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដោយជិះម៉ូតូ១គ្រឿងគេចចេញពីរថយន្ត២គ្រឿងដែលកំពុងបើកវ៉ាជែងគ្នានៅខាងមុខ ។ ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កចំហៀងលក់បាយម្ហូប១គ្រឿងបើកបរស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ បន្ទាប់មកជនបង្កបានរត់គេចខ្លួនបាត់ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចំណុចមុខបុរីញូវថោន ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជនរងគ្រោះដល់បាត់បង់អាយុជីវិតនោះ ឈ្មោះ ហង់ ចំរើន អាយុ៣៦ឆ្នាំ មុខកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះរូបនេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L-4621 ដោយឡែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កលក់បាយម្ហូបបានរត់គេចខ្លួនបាត់ស្រមោល ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបានចំនួន២គ្រឿងបើកវ៉ាជែងគ្នាចូលមកចំណែកផ្លូវរបស់ជនរងគ្រោះ ។ ខណៈនោះបុរសរងគ្រោះក៏បានគេចចេញពីរថយន្តខាងលើ ហើយក៏ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កចំហៀងលក់បាយម្ហូប១គ្រឿងនោះបើកបរក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកជនបង្កដែលជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កនោះបានចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានអ្នកនៅជិតនោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ប៉ុន្តែជាអកុសលដោយរបួសធ្ងន់ពេក ទើបក្រោយពេលទៅដល់មន្ទីរពេទ្យ គាត់ក៏បានស្លាប់បាត់បង់ជីវិតទៅ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូអូសរ៉ឺម៉កចំហៀងលក់បាយម្ហូប ដែលជាភាគីបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕









ចែករំលែកព័តមាននេះ