ខេត្តកំពង់ឆ្នាំង ៖ ដោយមានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុកជលគិរី អាជ្ញាធរឃុំពាមឆ្កោក និងកងពលតូចអន្តរាគមន៍លេខ១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងចលនាប្រមូលឧបករណ៍ឆក់ត្រី ដោយមានអ្នកចូលរួមសរុបជាង៥០នាក់ ។

ជាលទ្ធផល ប្រជានេសាទមួយចំនួនបាន ស្ម័គ្រចិត្តយកឧបករណ៍នេសាទខុសច្បាប់ គឺអាំងវែរទ័រឆក់ត្រីប្រគល់ជូនដល់សមត្ថកិច្ចបានចំនួន៣៩គ្រឿង ។ ក្រោមការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយឱ្យប្រជានេសាទចូលរួមថែរក្សា អភិរក្សធនធានធម្មជាតិបឹងទន្លេសាប និងពីផលប៉ះពាល់នៃការប្រើឧបករណ៍ឆក់ត្រី ឬឧបករណ៍ល្មើសនឹងច្បាប់ស្ដីពីជលផល គេសង្កេតឃើញថាមានប្រជាពលរដ្ឋនៅតាមដងទន្លេ បឹងបួ ក្នុងខេត្តកំពង់ឆ្នាំង ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរបានយ៉ាងល្អប្រសើរ ។

ជាក់ស្តែងនៅថ្ងៃនេះ មានប្រជានេសាទភ្ញាក់រឭកស្ម័គ្រចិត្តប្រគល់អាំងវែរទ័រឆក់ត្រីជាច្រើន
ហើយផលត្រីនៅបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងក៏សម្បូរជាងមុនគួរឱ្យកត់សម្គាល់ ៕
ចែករំលែកព័តមាននេះ