ក្រសួងមហាផ្ទៃបានប្រកាសថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣.០៤១ នាក់បន្ថែមទៀត បានសម្រេចចិត្តចាកចេញពីជំរំស្នាក់នៅបណ្ដោះអាសន្ន ដើម្បីវិលត្រឡប់ទៅកាន់លំនៅឋាន និងស្រុកកំណើតរបស់ពួកគេវិញ ។
ជាក់ស្តែងក្រសួងមហាផ្ទៃបានប្រកាស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះថា មានពលរដ្ឋភៀសសឹក៣.០៤១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។
ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៤.៧៣១នាក់ ក្នុងនោះស្រី្តមាន៧០.៤៦០នាក់ និងកុមារ៤៣.៩០៣នាក់ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋដែលនៅសេសសល់ឱ្យបានឆាប់រហ័សបំផុត នៅពេលដែលស្ថានភាពសន្តិសុខ និងលក្ខខណ្ឌជីវភាពនៅតាមមូលដ្ឋានត្រូវបានធានាទាំងស្រុង៕
ចែករំលែកព័តមាននេះ