ទីក្រុងប៉េកាំង ៖ សេដ្ឋកិច្ចរបស់ចិនបានកើនឡើង ៥% កាលពីឆ្នាំ ២០២៥ ខណៈដែលការនាំចេញបង្កើតជាកំណត់ត្រាបានជួយប្រទេសសេដ្ឋកិច្ចធំទី ២ ពិភពលោកមួយនេះឱ្យសម្រេចបាននូវគោលដៅប្រចាំឆ្នាំរបស់ខ្លួន។ នេះបើតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
ប្រទេសចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% សម្រាប់ឆ្នាំ ២០២៥ ទោះបីជាមានការតស៊ូដើម្បីជំរុញការចំណាយក្នុងស្រុក និងវិបត្តិអចលនទ្រព្យអូសបន្លាយពេលយូរយ៉ាងណាក៏ដោយ។
ប្រទេសចិន កាលពីសប្តាហ៍មុន បានរាយការណ៍អំពីអតិរេកពាណិជ្ជកម្មខ្ពស់បំផុតរបស់ពិភពលោករបស់ខ្លួន ចំនួន ១,១៩ ទ្រីលានដុល្លារ សម្រាប់តម្លៃទំនិញ និងសេវាកម្មដែលបានលក់ទៅក្រៅប្រទេស បើធៀបទៅនឹងការនាំចូលរបស់ខ្លួន ដែលជំរុញដោយការកើនឡើងនៃការនាំចេញទៅកាន់ទីផ្សារផ្សេង ក្រៅពីសហរដ្ឋអាមេរិក ស្របពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបន្តគោលនយោបាយពន្ធរបស់លោក។
ខណៈពេលដែលបណ្តាក្រុមហ៊ុននាំចេញចិនបានផ្លាស់ប្តូរទិសដៅចេញពីទីផ្សារសហរដ្ឋអាមេរិក ភាពធន់សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានរួមចំណែកជួយដោយពន្ធគយរបស់សហរដ្ឋអាមេរិកទាបជាងការរំពឹងទុក បន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបាន ព្រមព្រៀងផ្អាកការអនុវត្តពន្ធគយកម្រិតខ្ពស់រវាងគ្នា។
បណ្តាក្រុមហ៊ុនផលិតរបស់ចិនបានបន្តជំរុញការនាំចេញ ស្របពេលដែលប្រទេសយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ កំពុងតស៊ូជាមួយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកមួយចំនួនរបស់ខ្លួន។ ជាក់ស្តែង វិបត្តិអចលនទ្រព្យដែលកំពុងបន្តកើតមាន និងបំណុលរដ្ឋាភិបាលមូលដ្ឋានកើនឡើង ដែលធ្វើឱ្យបណ្តាអាជីវកម្មកាន់តែស្ទាក់ស្ទើរក្នុងការវិនិយោគ ចំពេលដែលអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នកាន់ខ្ពស់លើការចំណាយ៕


ចែករំលែកព័តមាននេះ