សហរដ្ឋអាមេរិក ៖ តម្លៃមាសបានស្ទុះងើបឡើងវិញដល់ជាង៤ពាន់ដុល្លារក្នុងមួយតម្លឹង ក្រោយធ្លាក់ចុះដល់ជាង ៣៨០០ដុល្លារក្នុង១តម្លឹង ហើយក៏ជាការកើនឡើងនៅកម្រិតខ្ពស់ក្នុងរយៈពេលពីរសប្តាហ៍ផងដែរ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមប្រភពពីទីភ្នាក់សារព័ត៌មាន Reuters បានចេញផ្សាយ។
បើតាមប្រភពពី Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានរាយការណ៍ថា កត្តាជំរុញតម្លៃមាសអន្តរជាតិស្ទុះឡើងវិញ កើតឡើងដោយសារតែបណ្តាអ្នកវិនិយោគ និងធនាគារឯកជនជាច្រើនងាកទៅរកការបញ្ជាទិញលោហៈធាតុដ៏មានតម្លៃ និងជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតមួយនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពាក់ព័ន្ធបំណុលដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកមានបំណុលជាតិចំនួន ៣៦,២ទ្រីលានដុល្លារ ពោលតំណាងឱ្យ ១២២% នៃទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំ ឬផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ហើយបំណុលនេះកំពុងកើនឡើងប្រហែល១ទ្រីលានដុល្លាររៀងរាល់បីខែម្តង។ តួលេខនេះបានបង្ហាញថា សហរដ្ឋអាមេរិកមានបំណុលជាតិច្រើនជាងគេបំផុតលើពិភពលោក។ ជាមួយគ្នានោះ ប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះខិតជិតទៅរកកម្រិតទាបក្នុងរយៈពេលពីរសប្តាហ៍ ដែលបានធ្វើឱ្យតម្លៃមាសឡើងខ្ពស់ត្រឡប់មកវិញ។
គិតត្រឹមរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តម្លៃមាសអន្តរជាតិឈរនៅតម្លៃ ៣ ៣៣១ដុល្លារក្នុង១អោន ឬ ៤ ០១៣ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃខ្ពស់បំផុត ៣ ៥០០ដុល្លារក្នុង១អោន ឬ ៤ ២១៦ដុល្លារក្នុង១តម្លឹង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក Kelvin Wong អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន OANDA លើកឡើងថា «តម្លៃមាសងើបឡើងវិញ ត្រូវបានជំរុញដោយប្រាក់ដុល្លារអាមេរិកចុះខ្សោយ និងហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចសហរដ្ឋអាមេរិក» ។
ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការច្បាប់នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធបានបោះឆ្នោត ដើម្បីជំរុញច្បាប់កាត់បន្ថយពន្ធ និងការចំណាយដ៏ច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតនៅថ្នាក់ក្រោមនៃសភា នៅពេលដ៏ខ្លីខាងមុខនេះ៕ ដកស្រង់ ៖ Reuters និង Aljazeera


ចែករំលែកព័តមាននេះ