រាជធានីភ្នំពេញ ៖ កម្ពុជា-ថៃនឹងបើកកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ មករា ឆ្នាំ២០២៦ ខាងមុខនេះ ។ នេះបើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវអ្នកនាំក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ព្រះរាជាណាចក្រកម្ពុជាទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ ។

លោកជំទាវបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈ កម្មា ធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះ ធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ ៕




ចែករំលែកព័តមាននេះ