រាជធានីភ្នំពេញ ៖ រថយន្តឡង់គ្រីស្ស័រស៊េរីទំនើប១គ្រឿងរបស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ខណៈបើកមកឈប់ចតទិញបាយស្រូប បានត្រូវម៉ូតូសណ្តោងរ៉ឺម៉កជ្រុលទៅបុកពីក្រោយ បណ្តាលឱ្យខូចខាតរថយន្ត និងមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់និងស្រាល ។
គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅមុខផ្សារពោធិ៍ចិនតុង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡង់គ្រីស្ស័រ ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX-5353 ដែលជារថយន្តរបស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្ត្រីក្រោមឱវាទបើកទៅឈប់ចតទិញបាយស្រូបនៅចំណុចខាងលើ ។ ខណៈនេះស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងដែលមានមនុស្សប្រុសស្រី៤នាក់ជិះលើនោះ ធ្វើដំណើរតាមមហាសហព័ន្ធរុស្ស៊ីស្របទិសគ្នា ជ្រុលទៅបុករថយន្តពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឲ្យខូចខាត ។
ចំណែករ៉ឺម៉កម៉ូតូខូចខាតតិចតួច តែមនុស្សប្រុសស្រីទាំង៤នាក់ មានអ្នកខ្លះរងរបួសចុកឆ្អល់រលាត់ដៃជើង ដេកដួល និងត្រូវបានគ្នីគ្នាយករ៉ឺម៉កមួយគ្រឿងទៀតមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ រីឯរថយន្តនិងរុឺម៉កមូតូ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ៕




ចែករំលែកព័តមាននេះ