Spurs ស្គាល់ជាតិឈ្នះពានលើកដំបូងក្រោយខកខាន១៧ឆ្នាំ ក្រោយផ្តួល Man Utd វគ្គផ្តាច់ព្រ័ត្រ UEL
ទីក្រុងប៊ីលបាវ ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ផ្តួលក្រុមបិសាចក្រហម Manchester United នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១ទល់នឹង០…
ទីក្រុងប៊ីលបាវ ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ផ្តួលក្រុមបិសាចក្រហម Manchester United នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១ទល់នឹង០…
ទីក្រុងប៊ីលបាវ ៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ផ្តួលក្រុមបិសាចក្រហម Manchester United នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១ទល់នឹង០ ដើម្បីគ្រងជើងឯកពានរង្វាន់ UEFA Europa League រដូវកាល ២០២៤-២៥ ស្គាល់រសជាតិឈ្នះពាន លើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល១៧ឆ្នាំកន្លងមកហើយ។
ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមមកពីអង់គ្លេសទាំងពីរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ធ្វើឡើងនៅក្នុងកីឡដ្ឋាន San Mamés ដែលមានមូលដ្ឋានក្នុងទីក្រុងប៊ីលបាវ (Bilbao) ប្រទេសអេស្ប៉ាញ ក្លាយជាទីតាំងសម្រាប់អបអរជើងឯករបស់ក្រុម Spurs ក្រោយខ្សែប្រយុទ្ធសញ្ជាតិន័រវែស Brennan Johnson រកគ្រាប់ជ័យជម្នះលើក្រុម Man Utd នៅនាទី៤២ ហើយមួយគ្រាប់នេះ គ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Ange Postecoglou គ្រងជើងឯកពានរង្វាន់ UEFA Europa League រដូវកាលនេះ ហើយក័ជាលើកទី៣ (១៩៧១-៧២, ១៩៨៣-៨៤, ២០២៤-២៥) នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាការឈ្នះពានលើកដំបូងរបស់ពួកគេ បន្ទាប់ពីខកខានអស់រយៈពេល១៧ឆ្នាំកន្លងមកហើយ ដោយការឈ្នះចុងក្រោយគឺពានរង្វាន់ EFL Cup កាលពីឆ្នាំ២០០៨មកម្ល៉េះ។
ស្របពេលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min ក៏ស្គាល់រសជាតិឈ្នះពានរង្វាន់ជាលើកដំបូងជាមួយ Spurs ផងដែរ បន្ទាប់ពីចំណាយពេលជិត១០ឆ្នាំជាមួយក្រុមមានមូលដ្ឋាននៅភាគជើងទីក្រុងឡុងដ៍មួយនេះ ចាប់តាំងពីផ្លាស់មកពីក្លិប Bayer Leverkusen កាលពីឆ្នាំ២០១៥។
ក្នុងនាមជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអឺរ៉ុប រដូវកាលនេះ Spurs ធានាបានកៅអីពានលំដាប់ទី១ UEFA Champions League រដូវកាលក្រោយ បើទោះបីជាពួកគេបច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់ទី១៧ នៃលីគកំពូលអង់គ្លេស Premier League យ៉ាងណាក្តី។ ដ្បិតក្រុមរបស់លោក Ruben Amorim គ្មានសិទ្ធិលេងពានរង្វាន់អឺរ៉ុបណាមួយឡើយរដូវកាលក្រោយ។
រហូតមកទល់ពេលនេះ អង់គ្លេសរកឃើញ៣ក្រុមហើយ រួមមាន Liverpool, Arsenal និង Spurs ក្នុងចំណោម៦ក្រុមឈ្នះកៅអីស្វ័យប្រវត្តិលេងវគ្គជម្រុះក្នុងលីគតែមួយ ឬLeague Phase ពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ខណៈ៣ក្រុមផ្សេងទៀត នឹងរកឃើញក្រោយការប្រកួតបិទលីគនៅចុងសប្តាហ៍នេះ៕
ចែករំលែកព័តមាននេះ