រដ្ឋាភិបាលលីប៊ីកាលពីថ្ងៃទី៥ កក្កដា កន្លងមក បានបដិសេធព័ត៌មានមួយចេញផ្សាយដោយកាសែតមួយរបស់រុស្ស៊ី ដែលថា មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី កំពុងតែត្រៀមខ្លួនបោះបង់ចោលអំណាច។ ក្រោយពីមានជម្លោះអស់រយៈពេលជាង៥ខែ នៅប្រទេសលីប៊ី ដែលញ៉ាំងឱ្យមានអន្តរាគមន៍ពីអង្គការអូតង់ ហើយធ្វើឱ្យប្រទេសលីប៊ីមានការបង្ហូរឈាមបំផុត ដោយសារការបះបោរនោះមានលេចឮព័ត៌មានជាច្រើនអំពី លោកកាដាហ្វី បោះបង់ចោលអំណាចដើម្បីជាថ្នូរ និងការធានាផ្នែកសន្តិសុខសម្រាប់រូបលោក។
កាសែតរុស្ស៊ីនោះបានចេញផ្សាយព័ត៌មានអំពីរឿងដែលថា លោកកាដាហ្វី បោះបង់ចោលអំណាចដោយផ្អែកលើប្រភពមួយនៅក្នុងទីក្រុងម៉ូស្គូ ប៉ុន្តែព័ត៌មាននោះត្រូវបានច្រានចោលដោយក្រុងទ្រីប៉ូលី ហើយប្រទេសអុីតាលីនិយាយថា ខ្លួនមានជំនឿថា ព័ត៌មាននោះប្រហែលជាលើកឡើងដោយរដ្ឋការរបស់លោកកាដាហ្វី ដើម្បីបង្កឱ្យមានការភ័ន្តច្រឡំ។
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី លោក Moussa Ibrahim បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ព័ត៌មានអំពីការចរចាទាក់ទិននឹងការលាលែងចេញពីតំណែងរបស់លោកកាដាហ្វី ឬថា លោកកាដាហ្វី ស្វះស្វែងរកជម្រកមានសុវត្ថិភាពនោះជាព័ត៌មានមិនពិតនោះទេ។ លោកកាដាហ្វី ពុំបានចូលរួមការចរចាណាមួយនោះទេ ហើយអនាគតរបស់លីប៊ី នឹងត្រូវសម្រេចដោយពលរដ្ឋលីប៊ី ។
សហរដ្ឋអាមេរិកបានអះអាងបញ្ជាក់ពីគោលជំហររបស់ខ្លួនជាថ្មីទៀតថា លោកកាដាហ្វី ត្រូវតែចុះចេញពីតំណែង ។ កាសែតរុស្ស៊ីនោះបានចេញផ្សាយព័ត៌មានដោយដកស្រង់សម្តីអំពីអ្វីដែលខ្លួនចាត់់ទុកថា ជាប្រភពគួរឱ្យជឿទុកចិត្តនៃថ្នាក់ដឹកនាំរុស្ស៊ីដែលនិយាយថា លោកវរសេនីយ៍ឯកកាដាហ្វី ពេលនេះកំពុងផ្តល់សញ្ញាថា លោកកំពុងត្រៀមខ្លួនបោះបង់ចោលអំណាចហើយ ដើម្បីជាថ្នូរនឹងការធានាផ្នែកសុវត្ថិភាពសម្រាប់រូបលោក ។ ព័ត៌មាននេះលេចឡើងរយៈពេលមួយថ្ងៃក្រោយពីប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ដែលបានព្យាយាមសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ប្រទេសលីប៊ី ។
ដោយឡែក កាលពីថ្ងៃទី៥ កក្កដា កន្លងមក កងកម្លាំងដែលមានភក្តីភាពចំពោះលោកកាដាហ្វី បានបើកការវាយប្រហារដោយផ្លោងគ្រាប់លើតំបន់ជុំវិញទីក្រុងមីស្ត្រាតា បណ្តាលឱ្យស្លាប់មនុស្ស១១នាក់ និងរបួសច្រើននាក់ទៀត ។ ប្រភពពួកឧទ្ទាមបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា មនុស្ស១១នាក់ បានត្រូវស្លាប់ និង៥៧នាក់ទៀតរងរបួស ហើយស្ទើរតែទាំងអស់នៃជនរងគ្រោះទាំងនោះជាជនស៊ីវិល។
ការវាយប្រហារនេះចាត់ទុកជាការវាយប្រហារប្រកបដោយការបង្ហូរឈាមថ្មីមួយទៀត នៅក្នុងទីក្រុងមីស្ត្រាតា ដែលរងការបាញ់គ្រាប់ផ្លោងចាប់តាំងពីខែមីនាមក ។ ប្រភពនានានិយាយថា ពួកឧទ្ទាម៥នាក់បានត្រូវស្លាប់ក្នុងការវាយប្រយុទ្ធគ្នានៅច្រកចូលទីក្រុងមីស្ត្រាតាខាងលិច កាលពីព្រឹកថ្ងៃទី៥ កក្កដា ៕
ចែករំលែកព័តមាននេះ