ហ្វីលីពីនផ្អាកដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈ និងផ្តល់សេវាឥតគិតថ្លៃនៅទូទាំងប្រទេស
ទីក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦…
ទីក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦…
ទីក្រុងម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានប្រកាសផ្អាកការដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈ ដែលបានប្រកាសកាលពីមួយថ្ងៃមុន ហើយសន្យាថានឹងផ្តល់ការធ្វើដំណើរដោយឥតគិតថ្លៃដល់អ្នកដំណើរនៅទូទាំងប្រទេសហ្វីលីពីន។ នេះបើយោងតាមប្រភពពី AFP បានចេញផ្សាយ។
ប្រទេសហ្វីលីពីន ដែលនាំចូលប្រេងឆៅស្ទើរតែស្រុងរបស់ខ្លួនពីមជ្ឈិមបូព៌ានោះ បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើល បង្កឡើងដោយសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយវិបត្តិលើការផ្គត់ផ្គង់នេះ ហ្វីលីពីនបានអនុវត្តថ្ងៃធ្វើការត្រឹម៤ថ្ងៃក្នុងសប្តាហ៍សម្រាប់មន្ត្រីរាជការ ព្រមទាំងចែកប្រាក់ឧបត្ថម្ភដល់បណ្តាអ្នកបើកបរកង់បី និងរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ខ្លួន បើកការពិភាក្សាដើម្បីទិញប្រេងរបស់រុស្ស៊ីផងដែរ។
កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ និយតករដឹកជញ្ជូនហ្វីលីពីនបានប្រកាសពីការដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈជាច្រើន រួមជាមួយការជិះរថយន្តដឹកអ្នកដំណើរ Jeepney ដែលប្រើប្រាស់ដោយប្រជាជនហ្វីលីពីនរាប់លាននាក់ជារៀងរាល់ថ្ងៃនោះ ដែលនឹងកើនឡើងប្រហែល ៨%។
ពាក់ព័ន្ធបញ្ហានេះ លោក Marcos កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ បានលើកឡើងថា អំឡុងពេលនេះ ប្រហែលមិនមែនជាពេលវេលាដើម្បីដំឡើងថ្លៃសេវាសម្រាប់ប្រជាជននោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ លោកបានបញ្ជាឱ្យនាយកដ្ឋានដឹកជញ្ជូនហ្វីលីពីន ដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃទូទាំងប្រទេសតែម្តង រួមជាមួយការបញ្ចុះតម្លៃលើប្រព័ន្ធរថភ្លើងធុនស្រាល(LRT) និងផ្លូវបង់ប្រាក់។
លោក Marcos មិនបានបញ្ជាក់ថា ការដឹកជញ្ជូនសាធារណៈប្រភេទណាដែលនឹងអនុវត្តឥតគិតថ្លៃនោះទេ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីការលើកឡើងរបស់លោក Marcos នាយកដ្ឋានដឹកជញ្ជូនហ្វីលីពីនបានជូនដំណឹងថា ខ្លួននឹងផ្អាកការដំឡើងថ្លៃសេវាស្របតាមសំណើរបស់ប្រធានាធិបតី ខណៈពេលកំពុងរៀបចំកម្មវិធីទាំងនោះ រួមទាំងការធ្វើដំណើរដោយឥតគិតថ្លៃ៕

ចែករំលែកព័តមាននេះ