អន្តរជាតិ ៖ យោងតាមទិន្នន័យពីក្រុមហ៊ុនតាមដានចរាចរណ៍កប៉ាល់ Windward កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញអំពីការកើនឡើងចំនួនកប៉ាល់ដឹកជញ្ជូនដែលអ៊ីរ៉ង់អនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។
តាមទិន្នន័យពីក្រុមហ៊ុន Windward បានបង្ហាញថា កប៉ាល់ចំនួន៨គ្រឿង ដែលមិនរាប់បញ្ចូលកប៉ាល់ដោតទង់ជាតិអ៊ីរ៉ង់នោះ ត្រូវបានឃើញឆ្លងកាត់ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មួយនេះ តាមរយៈប្រព័ន្ធកំណត់សញ្ញាកប៉ាល់ដោយស្វ័យប្រវត្តិ កាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៦។ ទោះយ៉ាងណាក៏ដោយ ចំនួនបានកើនឡើងជិតទ្វេដងនៃចំនួនដែលបានឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ។
លោកស្រី Michelle Wiese Bockmann អ្នកវិភាគនៅ Windward បានលើកឡើងថា ចំនួនកប៉ាល់កាន់តែច្រើនឡើងៗបានឆ្លងកាត់ច្រកហ័រមូស ដោយបង្ហាញថា អ៊ីរ៉ង់កំពុងអនុញ្ញាតឱ្យកប៉ាល់ប្រទេសសម្ព័ន្ធមិត្តឆ្លងកាត់តាមរយៈដែនទឹករបស់ខ្លួន។ លោកស្រីបានបញ្ជាក់ក្នុងការបង្ហោះសារលើបណ្តាញសង្គម X ថា កប៉ាល់ដែលមានសម្ព័ន្ធភាពលោកខាងលិចនឹងមិនហ៊ានចូលដែនទឹកអ៊ីរ៉ង់ដោយខ្លួនឯងនោះទេ ប៉ុន្តែទំនងជាកប៉ាល់របស់ចិន ឥណ្ឌា និងប្រទេសដទៃ ដែលទទួលបានការអនុញ្ញាតពីអ៊ីរ៉ង់។
ក្រុមហ៊ុន MarineTraffic ដែលជាសេវាកម្មតាមដានកប៉ាល់មួយផ្សេងទៀត ក៏បានកត់ត្រាចំនួនកប៉ាលឆ្លងកាត់ច្រកហ័រមូសចំនួន ៩ គ្រឿង កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ បើធៀបនឹង ៥ គ្រឿង កាលពី២ថ្ងៃមុន។
ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រម័រមូស ជាធម្មតាដឹកជញ្ជូនប្រេងប្រហែល១ភាគ៥នៃការផ្គត់ផ្គង់ប្រេងពិភពលោក ប៉ុន្តែបានធ្លាក់ចុះជាង ៩៥% ឯណោះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ ការដឹកជញ្ជូនប្រចាំថ្ងៃដោយកប៉ាល់មិនមែនរបស់អ៊ីរ៉ង់ ភាគច្រើនជាកប៉ាល់ដោតទង់ជាតិចិន ឥណ្ឌា និងប៉ាគីស្ថាន ក៏បានឃើញការធ្លាក់ចុះច្រើនផងដែរ បើធៀបនឹងពេលមិនទាន់កើតសង្គ្រាម ដោយសារតែការគំរាមកំហែងរបស់អ៊ីរ៉ង់ប្រឆាំងនឹងការដឹកជញ្ជូននៅក្នុងតំបន់។ ជាក់ស្តែង ការបញ្ឈប់ចរាចរណ៍តាមផ្លូវទឹកដ៏សំខាន់នេះ ធ្វើឱ្យតម្លៃប្រេងកើនឡើងលើសពី ១០០ ដុល្លារក្នុង១បារ៉ែល ដែលជាការកើនឡើងជាង ៤០% បើធៀបទៅនឹងមុនពេលចាប់ផ្តើមសង្គ្រាម៕ ប្រភព ៖ Al Jazeera
ចែករំលែកព័តមាននេះ