ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Al Hilal ច្រានចោល​សំណើ​ពាក់ព័ន្ធ​ការ​ចុះហត្ថលេខា​នាំ​យក Ronaldo ពី Al Nassr

18 ម៉ោង មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្លិប​បាល់ទាត់ Al Hilal នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ច្រានចោល​សំណើ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Cristiano Ronaldo បើ​ទោះបីជា​ប្រធាន​ក្រុម…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្លិប​បាល់ទាត់ Al Hilal នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ច្រានចោល​សំណើ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Cristiano Ronaldo បើ​ទោះបីជា​ប្រធាន​ក្រុម Al Nassr រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា​កំពុង​ស្វែងរក​ការ​ចាកចេញ​។

យោង​តាម​អ្នក​សារព័ត៌មាន​ជនជាតិ​បារាំង Sacha Tavolieri របស់ RMC Sport បាន​រាយការណ៍​ថា មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ឬ PIF ដែល​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ចំនួន​៩៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ជា​ម្ចាស់​ក្លិប​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន ៤ រួម​មាន Al Hilal, Al Nassr, Al Ittihad និង Al Ahli បាន​ផ្តល់​ឱកាស​ឱ្យ​ក្លិប Al Hilal ចុះហត្ថលេខា​នាំ​យក​ខ្សែប្រយុទ្ធ Cristiano Ronaldo ពី​ក្លិប Al Nassr​។

PIF ចង់បាន​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៤០​ឆ្នាំ​រូប​នេះ ចូលរួម​ជាមួយ Al Hilal ដើម្បី​អាច​បង្ហាញ​វត្ត​មាននៅ​ក្នុង​ពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ខាង​មុខ​នេះ ព្រោះ Al Hilal ជា​ក្រុម​តំណាង​អា​រ៉ា​ប៊ី​សា​អូឌីត​តែ​មួយ​គត់​នៅ​ក្នុង​ការ​ប្រកួត​នេះ ហើយ​វត្តមាន Ronaldo ត្រូវ​បាន​មើលឃើញ​ថា គឺជា​ការ​ជំរុញ​ទស្សនិកជន​ដ៏​ខ្លាំងក្លា​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុមប្រឹក្សាភិបាល​របស់​ក្លិប Al Hilal បាន​ច្រាន​ចោលការ​ផ្តល់​ជូន​នេះ​។ នាយក​ប្រតិបត្តិ​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​រី​យ៉ា​ដ​មួយ​ន ត្រូវ​បាន​រាយការណ៍​ថា ចង់បាន​ខ្សែប្រយុទ្ធ​វ័យក្មេង​ជាង​ដូច​ជា ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Victor Osimhen វ័យ​២៦​ឆ្នាំ​ជាដើម​។

Ronaldo មិន​បាន​ហ្វឹកហាត់​ជាមួយ Al Nassr កាលពី​ថ្មី​ៗ​នេះ ចំ​ពេល​មាន​របាយការណ៍​ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូប​នេះ កំពុង​មិន​សប្បាយ​ចិត្តនឹង​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Stefano Pioli ហើយ​ចង់​ទាមទារ​ឱ្យ​មានការ​រុះរើ​កីឡាករ​ក្នុង​ក្រុម​ជា​ច្រើន​នាក់​ផង​ដែរ​។ Ronaldo បាន​ខកខាន​ការ​ប្រកួត​ពីរ​លើក​ជាប់​ៗ​គ្នា ដោយ​លោកគ្រូ​បង្វឹក Stefano Pioli អះអាង​ថា ដោយសារ​បញ្ហា​របួស​។ ក្រុម Al Nassr បាន​បរាជ័យ​រួច​ទៅ​ហើយ​ក្នុង​ការ​ឈ្នះ​កៅអី​ការ​ប្រកួត AFC Champions League រដូវ​កាល​ក្រោយ ដោយសារ​ពួក​គេ​មិន​អាច​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​ពីរ (Top 2) នៅ​លី​គ​កំពូល Saudi Pro League​។ មាន​តែ​៣​ក្លិប​ប៉ុណ្ណោះ​តំណាង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​សិទ្ធិ​ប្រកួត​រដូវ​កាល​ក្រោយ ដោយ​២​ក្រុម​នៅ​លី​គ​ក្នុងស្រុក និង​១​ក្រុម​គឺ Al Ahli ដែល​ជា​ជើងឯក AFC Champions League រដូវ​កាល​នេះ​។

Al Hilal នៅ​តែ​ជា​ក្លិប​ដែល​ជោគជ័យ​បំផុត​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយ​កំណត់​ត្រា​ជើងឯក AFC Champions League ៤​ដង និង​ជើងឯក​លី​គ Saudi Pro League ចំនួន​១៩​។ ពួក​គេ​ក៏​ជា​ក្លិប​អាស៊ី​តែ​មួយ​គត់​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ក្លិប​កំពូល​ទាំង​១០០​របស់​ពិភពលោក ចងក្រង​ដោយ​គេហទំព័រ Opta ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់ ទី​៧៨​។

ដោយឡែក Cristiano Ronaldo បង្ហាញ​វត្តមាន​លើក​ដំបូង​ជាមួយ Al Nassr ចាប់តាំងពី​ខែមករា ឆ្នាំ​២០២៣ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ រូបគេ​បាន​ឈ្នះ​ពានរង្វាន់ Arab Club Champions Cup តែ​មួយ​គត់​ជាមួយ​ក្រុម​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ