ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីអូ (Rubio) ថ្លែងថាលោកត្រាំមិនបានធ្វើសម្បទានអ្វីមួយសម្រាប់ប្រទេសរុស្ស៊ីទេ។ លោកឡើងថ្លែងនៅក្នុងព្រឹទ្ធសភាដើម្បីការពារនយោបាយរបស់រដ្ឋាភិបាលលោកត្រាំនៅក្នុងបញ្ហាអ៊ុយក្រែន។ លោករូប៊ីអូសូមបញ្ជាក់ថាលោកត្រាំមិនទាន់បានធ្វើសម្បទានសូម្បីតែបន្តិច។ លោកថ្លែងដូច្នេះតបទៅនឹងការចោទសួរពីសំណាក់លោកស្រីសាហ៊ីន (Jeanne Shaheen) ជាសមាជិកព្រឹទ្ធសភាទទួលបន្ទុកផ្នែកកិច្ចការបរទេសមកពីគណបក្សប្រជាធិបតេយ្យ។
លោកស្រីចោទប្រកាន់ថាចាប់តាំងពីឡើងកាន់អំណាចនៅអាណត្តិថ្មី លោកត្រាំហាក់ដូចជាទោរទន់ខ្លាំងពេកទៅរកលោកពូទីន។ លោកត្រៀមខ្លួនកាត់ទឹកដីអ៊ុយក្រែនទៅឱ្យលោកពូទីន។ ទន្ទឹមនឹងនោះ លោកស្រីយល់ថាលោកពូទីននៅតែបង្អែបង្អង់នៅក្នុងការចរចាគ្នាដើម្បីទិញពេលវេលា។ លោកស្រីយល់ថាដោយសាររុស្ស៊ីមានជំនួយពីប្រទេសចិន គួបផ្សំនឹងលោកត្រាំចេះតែនិយាយការពារលោកពូទីនថែមទៀតនោះជាហេតុធ្វើឱ្យលោកពូទីនមិនទទួលរងសម្ពាធ និងមិនត្រូវការប្រញាប់ប្រញាល់ដើម្បីទទួលយកបទឈប់បាញ់ទេ។
លោករូប៊ីអូថ្លែងថាលោកត្រាំដែលទើបតែសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកពូទីនកាលពីយប់មិញនោះមិនចង់ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីទេ។ លោកថ្លែងដូច្នេះបន្ទាប់ពីទទួលដំណឹងថាសហភាពអឺរ៉ុបទើបតែប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីបន្ទាប់ពីការសន្ទនាគ្នានោះមិនអាចឈានដល់ការទទួលយកបទឈប់បាញ់ដោយឥតលក្ខខណ្ឌ។
លោករូប៊ីអូថ្លែងថាបើសិនមានភស្តុតាងបង្ហាញច្បាស់ថារុស្ស៊ីមិនចង់បានកិច្ចព្រមព្រៀងសន្តិភាពទេ ហើយចង់ធ្វើសង្គ្រាមជាបន្តទៀត ពេលនោះប្រហែលជាអាមេរិកអាចនឹងគិតគូរពិចារណាដាក់ទណ្ឌកម្ម។ ប៉ុន្តែលោកត្រាំជឿជាក់ថាបើសិនយើងគំរាមកំហែងរុស្ស៊ីដោយវិធីដាក់ទណ្ឌកម្មនៅពេលនេះ រុស្ស៊ីនឹងឈប់ចរចាគ្នា។ លោករូប៊ីអូយល់ថាសមិទ្ធផលរបស់រដ្ឋាភិបាលលោកត្រាំគឺការបោះដៃទៅរកប្រទេសរុស្ស៊ីដើម្បីសន្ទនាគ្នា និងខិតខំអូសទាញរុស្ស៊ីឱ្យចូលតុចរចា៕
ចែករំលែកព័តមាននេះ