ខេត្តកំពង់ស្ពឺ ៖ ថ្លែងពីទឹកដីខេត្តកំពង់ស្ពឺ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យឱ្យបានម៉ត់ចត់ ក្នុងការផ្តល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេសសំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព ។
សម្តេចបវរធិបតី បានបញ្ជាក់ថា ៖«ក្រសួងត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន» ។
សម្តេចបវរធិបតី បន្ថែមថា ក្រសួងរ៉ែ និងថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការនាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវការប្រកួតប្រជែងស្មើភាព» ។ ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវពិនិត្យមើលការគ្រប់គ្រងការបូមខ្សាច់ ខណៈនាពេលបច្ចុប្បន្ននេះ ការបូមខ្សាច់បានគ្រប់គ្រងបានច្រើន ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ត្រូវពិនិត្យមើលឱ្យស្រួល សិក្សាឱ្យបានច្បាស់លាស់ អនុវត្តជៀសវាងការបូម (បូមខ្សាច់) ខុសកន្លែង ឬមួយខុសបច្ចេកទេសធ្វើឱ្យបាក់ដីផ្សេងៗ» ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានណែនាំ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវសិក្សាជាមួយវិស័យឯកជនសិក្សាពីការបូមខ្សាច់នៅផ្នែកខាងលើនៃទន្លេមេគង្គ ដូចជានៅខេត្តក្រចេះ ខេត្តកំពង់ចាម ។
ទន្ទឹមនឹងនេះ សម្ដេច នាយករដ្ឋមន្ដ្រី ណែនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ចសហការចាប់តាំងពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករករហូតដល់ការធ្វើអាជីវកម្ម ។
ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបានដូចជា ៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់សម្រាប់ការនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ