ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​មក​លួច​ម៉ូតូ គេច​ខ្លួន​បានកន្លះខែ​ជាប់​ជង់

1 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​លើ​ស្ពាន​ឆ្លង​ទន្លេបាសាក់ ស្រុក​កោះធំ ក្រោយ​ពី​ជន​នេះ​ជិះ​កង់​ចូល​ទៅ​លួច​ម៉ូតូ​គេ​ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ហើយ​រត់​គេ​ខ្លួន​បាន​១៦​ថ្ងៃ…

ខេត្តកណ្ដាល ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជន​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​លើ​ស្ពាន​ឆ្លង​ទន្លេបាសាក់ ស្រុក​កោះធំ ក្រោយ​ពី​ជន​នេះ​ជិះ​កង់​ចូល​ទៅ​លួច​ម៉ូតូ​គេ​ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ហើយ​រត់​គេ​ខ្លួន​បាន​១៦​ថ្ងៃ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​ឈ្មោះ ហៃ សុវណ្ណ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​មេស្រុក សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន ។ រីឯ​ម៉ូតូ​ដែល​ជន​នេះ​លួច​ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ខៀវ ស៊េរី​ឆ្នាំ ២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JD-០៤៨៦ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​កង់​១​គ្រឿង​តួ​ប្រុស ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​លួច​ហើយ​ទុក​ចោល ។​សមត្ថកិច្ច​បន្ត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ម្ចាស់​ម៉ូតូ​បាន​អូស​ម៉ូតូ​របស់​គាត់​ពី​ក្នុងផ្ទះ​យក​មក​ទុក​នៅ​មុខ​ផ្ទះ និង​បាន​ទុក​កូនសោ​ម៉ូតូ​នៅ​ក្នុង​ឃ្លុប​ខាង​មុខ ហើយ​ក៏​បាន​បើករថយន្ត​ដឹក​អីវ៉ាន់​ចេញ​ទៅ​លក់ដូរ​បាត់​ទៅ ។​លុះ​បន្តិច​ក្រោយមក ស្រាប់តែ​កូនស្រី​ឈ្មោះ វណ្ណ ស្រី​ណុ​ច ទូរស័ព្ទ​មក​ប្រាប់​ថា​«​ប៉ា​ៗ ! ម៉ូតូ​របស់​យើង​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ហើយ​» ពេល​ឮ​ដូច្នេះ​គាត់​ក៏​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ។

ម្ចាស់​ម៉ូតូ​រៀបរាប់​ថា នៅ​ពេល​មក​ដល់​ផ្ទះ​គាត់​បាន​ទៅ​សុំ​អ្នក​ជិតខាង​ឲ្យ​ជួយ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ទើប​ដឹង​ថា​មាន​ជន​ម្នាក់​ជិះ​កង់​ចូល​មក​លួច​យក​ម៉ូតូ​របស់​គាត់​ជិះ​ចេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​២១ ដោយ​បន្សល់​ទុក​កង់​តួ​ប្រុស ពណ៌​ខ្មៅ​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​មក គាត់​បាន​ទៅ​រាយ​ការណ៍​និង​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែង​រកមុខ​ជនសង្ស័យ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​៧​យប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រែក​ថ្មី សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ ខណៈ​ចេញ​ល្បាត​ដល់​លើ​ស្ពាន​ឆ្លង​ទន្លេបាសាក់ ក៏​បាន​ជួប​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ លី វណ្ណ​រិ​ទ្ធ កំពុង​ជិះ​កង់​នៅ​លើ​ស្ពាន​ក៏​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​សួរនាំ ។​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ លី សុវណ្ណ​រិ​ទ្ធ បាន​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ចូល​ទៅ​លួច​យក​ម៉ូតូ​របស់​ឈ្មោះ ហៃ សុវណ្ណ ប្រាកដ​មែន ដោយសារ​គាត់​ទុក​កូនសោ​ម៉ូតូ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ ។

ដោយ​ឃើញ​មានឱកាស​ល្អ ទើប​ខ្លួន​ដើរ​ចូល​ទៅ​លួច​យក​ម៉ូតូ​នោះ​ជិះ​ចេញ​ទៅ និង​បាន​បន្សល់​ទុក​វ​កង់​តួ​ប្រុស​ពណ៌​ខ្មៅ​១​គ្រឿង នៅ​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​លួច​ម៉ូតូ​បាន​ហើយ ខ្លួន​បាន​ជិះ​ម៉ូតូ​នោះ​យក​ទៅ​បញ្ចាំ​ឲ្យ​ទៅ​ឈ្មោះ ហ៊ី​ម ភេទ​ប្រុស រស់នៅ​ក្នុង​សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន បាន​ប្រាក់​ចំនួន​២០០​ដុល្លារ យក​មក​ទិញ​ទូរស័ព្ទ​ដៃ​ថ្មី​១​គ្រឿង​ម៉ា​កវី​វ៉ូ ក្នុង​តម្លៃ​១០០​ដុល្លារ​ហើយ​ប្រាក់​ដែល​នៅ​សល់​ចំនួន​១០០​ដុល្លារ​ទៀត​គឺ​ទុក​សម្រាប់​ស៊ីចាយ ។ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ស្រុក​កោះធំ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ