រាជធានីភ្នំពេញ ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសពីការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកគ្រូបង្វឹក Pep Muñoz នៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីបានដឹកនាំក្រុមមានមូលដ្ឋាននៅក្នុងខេត្តស្វាយរៀងមួយនេះចំនួន២រដូវកាលជាប់គ្នា។
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ដូច្នេះថា «នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង។
ក្រោមការដឹកនាំរបស់គាត់ ក្លិបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស។
គ្រប់គ្នានៅព្រះខ័នរាជស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Pep សម្រាប់ការចូលរួមដឹកនាំ រៀបចំដ៏ប៉ិនប្រសប់របស់គាត់ ហើយយើងសូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងជំហ៊ានបន្ទាប់នៃអាជីពគ្រូបង្វឹករបស់គាត់។
ជំរាបជូនថា Pep នឹងទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅចុងសប្តាហ៍នេះ»។
ដូច្នេះមានន័យថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងក្លាយជាថ្ងៃនៃការដឹកនាំប្រកួតចុងក្រោយរបស់លោក Pep Muñoz ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ ដោយត្រូវតទល់នឹងភ្នំពេញក្រោន។
គួររំលឹកថា ស្ថិតក្រោមការដឹកនាំរបស់លោក Pep Muñoz គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានរួមចំណែកដ៏សំខាន់នាំក្រុមព្រះខ័នរាជស្វាយរៀងគ្រងជើងឯកលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា រដូវកាល ២០២៣-២៤ និង ២០២៤-២៥ ព្រមទាំងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ ផងដែរ។
អ្វីដែលក្លាយជាការចង់ចាំមិនអាចបំភ្លេចបាន និងជាសមិទ្ធផលដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូលនោះ គឺការឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥។ ប៉ុន្តែជាការសោកស្តាយដែលក្រុមព្រះខ័នរាជស្វាយរៀងខកខានឱកាសគ្រងតំណែងជើងឯក បន្ទាប់ពីបានចាញ់ក្រុម FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដោយលទ្ធផល ២ទល់នឹង១ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋានពហុកីឡដ្ឋានជាតិមរតតេជោ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ៕ រូបភាព ៖ Preah Khan Reach Svay Rieng FC


ចែករំលែកព័តមាននេះ