ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋអំពាវនាវសូមឲ្យអាជ្ញាធរខេត្ត និងក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាចុះពិនិត្យមើលផ្លូវលំ១ខ្សែ ប្រវែងជាង២,០០០ម៉ែត្រ តភ្ជាប់ពីភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា តភ្ជាប់ទៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត កំពុងស្រុតខូចស្ទើរទាំងស្រុង ដោយសារតែរថយន្តធុនធំៗ រថយន្តក្រឡុកស៊ីម៉ងតិ៍ បានធ្វើចរាចរណ៍រាល់ថ្ងៃ បង្កឲ្យបាក់ស្រុតខូចផ្លូវ ក្លាយជារណ្តៅក្រឡុកបែកភក់ល្បាប់ បណ្តាលឲ្យរអឹលពិបាកការធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសក្មេងៗសិស្សានុសិស្សធ្វើដំណើរទៅរៀន ។
ប្រជាពលរដ្ឋបានអំពាវនាវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ឧសភា ២០២៥ នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវលំមួយខ្សែនេះ បានស្រុតខូចយូរខែមកហើយ ប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរក្រុងស្រុក សុំឲ្យជួសជុលផ្លូវលំមួយខ្សែនេះ ក្រោយមក នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរបានប្រាប់ថា ផ្លូវ១ខ្សែនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងជួសជុលហើយ និងចាប់ផ្តើមកសាងជួសជុលផ្លូវនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក៏ប៉ុន្តែជាក់ស្តែង ស្ងាត់ឈឹងរហូតបច្ចុប្បន្ន ។
ប្រភពបន្តថា នៅរដូវប្រាំងហុយ ហើយនៅរដូវវស្សានេះចាប់ពីចុងខែមេសា ២០២៥ មកមានភ្លៀងធ្លាក់ខ្លាំងជោគជាំ ហើយមានរថយន្តធុនធំៗ រថយន្តដឹកស៊ីម៉ង់តិ៍ ដឹកក្រួសថ្ម ដឹកខ្សាច់ធ្វើចរាចរណ៍រាល់ថ្ងៃ បង្កឲ្យបាក់ស្រុតខូចផ្លូវក្លាយជាជង្ហុក សំបុកមាន់ បែកល្បាប់រ អឹលពិបាកការធ្វើដំណើរយ៉ាងខ្លាំង ជាពិសេសក្មេងសិស្សសាលាជិះកង់ជិះម៉ូតូទៅរៀន ។
ប្រជាពលរដ្ឋនៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា និងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បានអំពាវនាវសូមឲ្យលោកអភិបាលខេត្តស្វាយរៀង លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាចុះមកពិនិត្យ និងជួសជុលផ្លូវ១ខ្សែនេះផង ៕










ចែករំលែកព័តមាននេះ