ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​/​អង្ករ​ដែល​កសិករ​កម្ពុជា អាច​នឹង​ប្រមូល​ផល​នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៦ អាច​នឹង​មិន​មាន​បញ្ហា​រឿង​តម្លៃ​ប៉ុន្មាន​ឡើយ ដោយសារ​វៀតណាម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ក៏​ដូច​ជា​ស្រូវ នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន ។ ការិយាល័យ​កសិកម្ម​សហរដ្ឋអាមេរិក ដែល​គេ​ហៅ​កាត់​ថា…

តម្លៃ​ស្រូវ​/​អង្ករ​ដែល​កសិករ​កម្ពុជា អាច​នឹង​ប្រមូល​ផល​នៅ​ក្នុង​ឆ្នាំ​២០២៥ និង​២០២៦ អាច​នឹង​មិន​មាន​បញ្ហា​រឿង​តម្លៃ​ប៉ុន្មាន​ឡើយ ដោយសារ​វៀតណាម​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ក៏​ដូច​ជា​ស្រូវ នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន ។

ការិយាល័យ​កសិកម្ម​សហរដ្ឋអាមេរិក ដែល​គេ​ហៅ​កាត់​ថា USDA បាន​ព្យាករណ៍​ថា នា​ឆ្នាំ​២០២៥​នេះ និង​២០២៦​ខាង​មុខ វៀតណាម​នឹង​ក្លាយជា​ប្រទេស​នាំ​ចូល​ស្រូវ​/​អង្ករ​ធំ​លំដាប់​ទី​ពីរ របស់​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ហ្វី​លី​ពី​ន ។

ប្រភព​ដដែល​បាន​អះអាង​ថា បើ​យោង​តាម​ការ​ប៉ាន់ស្មាន​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​កសិកម្ម​ពិភពលោក​ចុង​ក្រោយ​បំផុត​បាន​អះអាង​ថា វៀតណាម​ត្រូវ​បាន​គេ​ព្យាករណ៍​បែប​នេះ​ដោយសារ​តែ​ប្រទេស​នេះ​ត្រូវការ​អង្ករ​ដ៏​ច្រើន ដើម្បី​បំពេញតម្រូវការ​នាំ​ចេញ​តាម​កិច្ចសន្យា​ដែល​គេ​ធ្វើ​ចំ​ពេល​ផលិតកម្ម​ស្រូវ ក្នុង​ប្រទេស​ធ្លាក់​ចុះ ។

ការិយាល័យ​កសិកម្ម​សហរដ្ឋអាមេរិក​ប៉ាន់​ប្រមាណ​ថា នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​វៀតណាម​នឹង​នាំ​ចូល​អង្ករ​នៅ​ក្នុង​បរិមាណ​រហូត​ដល់​ចំនួន​៤​លាន​តោន ហើយ​នៅ​ក្នុង​ឆ្នាំ​២០២៦ គឺ​អាច​ដល់​៤,១​លាន​តោន ខណៈ​ដែល​ហ្វី​លី​ពី​ន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​ចូល​អង្ករ​ច្រើន​ជាងគេ​ជាមួយនឹង​តម្រូវការ​ប្រមាណ​ជា​៥,៥​លាន​តោន ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ស្រូវ​/​អង្ករ​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​ថា ៤​ខែ​ដើមឆ្នាំ​កម្ពុជា អាច​នាំ​ចេញ​អង្ករ​សរុប​ប្រមាណ​ជា​ជាង​២៨២​ពាន់​តោន នៅ​ក្នុង​តម្លៃ​ប្រមាណ​ជា​ជាង​២០៩ លាន​ដុល្លារ ។ ក្រៅពី​នោះ​កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ប្រមាណ​ជា​ជាង​៣​លាន​តោន នៅ​ក្នុង​តម្លៃ​ប្រមាណ​ជា​៧២៣​លាន​ដុល្លារ ។

ប្រភព​ដដែល​បាន​អះអាង​ថា ទីផ្សារ​អង្ករ​កម្ពុជា គឺ​មាន​៥៩ ប្រទេស ប៉ុន្តែ​ទីផ្សារ​ស្រូវ គឺ​មាន​តែ​ប្រទេស​ជិតខាង​ទេ ហើយ​គេ​ដឹង​ថា ភាគច្រើន​បំផុត គឺ​ប្រទេស​វៀតណាម​នេះឯង ។

លោក តឿ សា​រ៉ា​ន់ ជា​កសិករ​ម្នាក់ នៅ​ខេត្តកំពង់ធំ បាន​អះអាង​ថា ពី​មុន​មាន​ឈ្មួញ​ថៃ​អី ចុះ​មក​ទិញ​ដែរ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​តែ​ឈ្មួញ​នៅ​ក្នុងស្រុក និង​មក​ពី​វៀតណាម ។ លោក​បាន​អះអាង​ថា ពេល​នេះ លោក​មិន​ទាន់​មាន​ស្រូវ​លក់​ទេ ប៉ុន្តែ​កាលពី​ឆ្នាំទៅ គឺ​អាច​លក់​បាន​៥​ទៅ​៦​តោន​ដែរ ហើយ​តម្លៃ​គឺ​គេ​ចុះ​មក​ទិញ​បាន​ថ្លៃ​គូរ​សម គឺ​មួយ​តោន​ជាង​១​លាន​រៀល​ដែរ ។

កសិករ​ម្នាក់​ទៀត អាយុ​៤៥ ឆ្នាំ នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ឈ្មោះ ជិន សា​ដែ​ម បាន​អះអាង​ថា ឲ្យ​តែ​ស្រូវ​បាន​ថ្លៃ​កសិករ​ចេះ​តែ​មាន​កម្លាំង​ធ្វើ ហើយពី​ព្រោះ​ក្រៅពី​ហូប គឺ​អាច​ដោះ​ដូរ​ទូទាត់​គ្រាន់​ធ្វើ​ឲ្យ​ជីវភាព​គ្រាន់បើ​បន្តិច ។

តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តម្លៃ​ស្រូវ​សើម​នៅ​ពេល​នេះ គឺ​មួយ​គីឡូ​ក្រម​ពី​ជាង​៩០០​ទៅ​១០០០​រៀល​បន្តិចបន្តួច ប៉ុន្តែ​មិនសូវ​សម្បូរ​ស្រូវ​សើម​ទេ ដោយសារ​តែ​ពេល​នេះ​កសិករ​ទើបតែ​ចាប់ផ្តើម​បង្ករ​បង្កើន​ផល នៅឡើយ ។ ជា​ការ​ពិត​ដោយសារ​តែ​ការ​នាំ​ចេញ​ស្រូវ​នេះ កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា គឺ​កំពុង​តែ​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយនឹង​វៀតណាម ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​អះអាង​ថា នៅ​៤​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយនឹង​វៀតណាម​ប្រមាណ​ជា​ជាង​៣៥៤ លាន​ដុល្លារ ដោយ​កម្ពុជា​នាំ​ចេញ​បាន​ជិត​១.៧៩០ លាន​ដុល្លារ ហើយ​នាំ​ចូល​ជាង​១.៤៣៥ លាន​ដុល្លារ ។ កម្ពុជា​នាំ​ចូល​ពី​វៀតណាម គឺ​មាន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​របស់​ប្រើប្រាស់ ប្រេងឥន្ធនៈ …​ហើយ​នាំ​ចេញ​តែ​ផលិតផល​កសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ