ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យពលរដ្ឋ​សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា​ឆ្លង​ការ​ការ​ឈឺចា.ប់​ខ្មែរក្រហម​ដើម្បី​រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កុំឱ្យកើត​មានសា​ជា​ថ្មី

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា​ដែល​ឆ្លងកាត់ ការ​ឈឺចាប់​នៃ​របប​ខ្មែរក្រហម​ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល​រង និង​ចេញពី​បទ​ពិសោធ​ទាំងនេះ រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កុំឱ្យកើត​មាន…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា​ដែល​ឆ្លងកាត់ ការ​ឈឺចាប់​នៃ​របប​ខ្មែរក្រហម​ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល​រង និង​ចេញពី​បទ​ពិសោធ​ទាំងនេះ រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កុំឱ្យកើត​មាន សា​ជា​ថ្មី​នៅ​កម្ពុជា​។

យោង​តាម​សា​លិខិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​ឱកាស​ខួប​លើក​ទី​៨ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា រដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុម័ត​យក​ថ្ងៃ​ទី​២០ ខែឧសភា ជា «​ទិវា​ចងកំហឹង​» កាលពី ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​១៩៨៣ ដើម្បី​ជា​ការ​ចងកំហឹង​ចំពោះ «​បន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត អៀង សារី និង​ខៀវសំ​ផ​ន​» ដែល​បាន​កាប់សម្លាប់ ជិះជាន់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​លើ​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​បាន​ប្រារព្ធ​ជា រៀង​រាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៨៤ មក​។ ក្រោយ​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តូរ​ពី «​ទិវា​ចងកំហឹង​» ជា «​ទិវា ចង​ចាំ​» រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​លេខ​១៩ អន​ក្រ​.​បក កំណត់​យក​ថ្ងៃ​ទី​២០ ខែឧសភា ជា «​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» វិញ ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ថា មូលហេតុ​នៃ​ការ​កំណត់​យក​ថ្ងៃ ២០ ឧសភា ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ មាន​ពីរ​៖ ទី​១-​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​១៩៧៣ គឺជា​ថ្ងៃ​បង្កើត សហករណ៍ ដើម្បី​ប្រមូលផ្តុំ​ប្រជាជន​ធ្វើ​ការងារ​ក្រុមសាមគ្គី ដោយ​លុប​បំបាត់​កម្មសិទ្ធិ ឯកជន នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ហៅ​ថា​តំបន់​រំដោះ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​កងទ័ព​រំដោះ​ខ្មែរក្រហម​។

គោលនយោបាយ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​អនុវត្ត​ជា​ថ្មី​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧៦ បន្ទាប់​ពី​ខ្មែរក្រហម​ឡើង​គ្រប់គ្រង អំណាច​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​១៩៧៩​។ ទី​២-​មុន​ពេល​ឈាន​ដល់​ថ្ងៃ ជ័យជម្នះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពោល​គឺ នៅ​ចន្លោះ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​១៩៧៤ ក្រុម​មេ ដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុ​ល ពត និង នួន ជា បាន​រៀបចំ​ផែនការ​និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជា​ទ្រង់ទ្រាយ​ធំ ដែល​ក្នុង​នោះ រួម​មាន ការ​ជម្លៀស​ដោយ បង្ខំ​ពី​ទីក្រុង​និង​ភូមិ​នានា ពលកម្ម​ដោយ​បង្ខំ និង​ការ​ធ្វើបាប​នៅ​តាម​ការដ្ឋាន​ការងារ​និង​សហករណ៍ ការ​ចាប់ខ្លួន តាម​អំពើ​ចិត្ត ការ​ធ្វើ​ទារុណកម្ម ការ​បាត់​ខ្លួន​និង​ការ​សម្លាប់ ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រើសអើង ប្រឆាំង​នឹង​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ខ្មាំង​។ ប្រជាជន​ស្លូតត្រង់​ប្រមាណ​ជាង​១,៧​លាន បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​ជាង​៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ខ្ពង់ខ្ពស់ និង​ប៉ិន​ប្រសប់​របស់ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ស្ថាបនិក​នយោបាយ​ឈ្នះ ឈ្នះ បាន​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា ជា ប្រទេស​មាន​សុខ​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​ពេញ​បរិបូរណ៍ ដែល មិន​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្នុង​ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​នេះ​។ ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព ជន​រង​គ្រោះ​ពី​អំពើ ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរក្រហម​ទទួល​បាន​យុត្តិធម៌​តាម​រយៈ​ការ​ជំនុំ​ជម្រះក្តី នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ។ កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ ដែល​រស់រាន មានជីវិត​និង​អ្នក​បាន​បាត់បង់​ជីវិត​ក្តី ក៏​ត្រូវ​បាន​ស្តា​ឡើង​វិញ និង​ទទួល​បានការ​ប៉ះប៉ូវ​ចំពោះ​ការ​ឈឺចាប់​ខាង​ផ្លូវចិត្ត និង​ផ្នែក​សង្គម​។

សម្តេច​បាន​គូសបញ្ជាក់​ថា​៖”​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សះផ្សា​ជាតិ ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​សង្គម​កម្ពុជា និង​បាន​លើកកម្ពស់​ការ​ផ្សព្វផ្សាយ និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោរឃៅ​ដែល​បាន​កើត​មាននៅ​ក្នុង​របប​កម្ពុជា ប្រជាធិបតេយ្យ ក៏​ដូច​ជា​ទប់ស្កាត់​និង​បង្ការ​កុំឱ្យ​របប​ឃោរឃៅ ព្រៃផ្សៃ និង​ប្រល័យពូជសាសន៍​បែប​នេះ​កើត​មាន ឡើង​សា​ជា​ថ្មី​។​ដូច្នេះ ដើម្បី​កុំឱ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ យើង​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បានគង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត ដោយហេតុ​ថា បើ​គ្មាន​សន្តិភាព គឺ​មាន​សង្គ្រាម ហើយ​សង្គ្រាម​នឹង​ធ្វើ​ឱ្យ​ប្រទេស ជាតិ​កាន់តែ​ក្រីក្រ អសន្តិសុខ គ្មាន​ស្ថិរភាព គ្មាន​ការ​អភិវឌ្ឍ អាច​និយាយ​បាន​ថា​សន្តិភាព គឺ​មាន​សក្តានុពល និង សកម្មភាព​គ្រប់យ៉ាង​ដើម្បី​ការ​រីក​ចម្រើន​ទៅ​មុខ​របស់​ប្រទេស​ជាតិ​”​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា តាម​រយៈ​ការ​អនុវត្ត​នយោបាយ ឈ្នះ ឈ្នះ ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​ក្នុង​គោលដៅ បង្រួបបង្រួម​ប្រជាជាតិ​ទាំងមូល ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់ សង្គ្រាម​រាំ​រ៉ៃ​ដោយ​ពុំ​មានការ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង សំដៅ​ស្តា​ឡើង​វិញ រក្សា​បាន​នូវ​សន្តិសុខ​និង​សុខ​សន្តិភាព ជូន​ប្រជាជន ហើយ​ជា​ប្រទេស​ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម ដោយ​ស្មើ​សិទ្ធិ ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​។

សម្តេច​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា​៖”​សម្រាប់​ឆ្នាំ​២០២៥ នេះ​ជា​លើក​ទី​៨ នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ហើយ​ក៏​ជា​លើក​ទី ៤២ បើ​រាប់​ចាប់ពី​ឆ្នាំ​១៩៨៤ មក​។ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង​និង​យល់​ច្បាស់​អំពី​រឿងរ៉ាវ សោកនាដកម្ម​ដ៏​ជូរ​ចត់​ដែល​បាន​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។

ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​ហែល​ឆ្លង កាត់​ឈាម​និង​ទឹកភ្នែក ការ​កាប់សម្លាប់ ការ​ធ្វើទុក្ខបុកម្នេញ​សព្វបែបយ៉ាង ហើយ​ខ្មែរក្រហម​បាន​បំផ្លិចបំផ្លាញ ចោល​ស្ទើរ​គ្មាន​សល់​នូវ​ខឿនសេដ្ឋកិច្ច​ជាតិ ខឿនវប្បធម៌​ជាតិ និង​ធ្វើ​ទារុណកម្ម​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ចាប់បង្ខំ​ឱ្យ ធ្វើការ​ដូច​សត្វ​ធាតុ គ្មាន​អាហារ​គ្រប់គ្រាន់ គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​។​ល​។

ទោះ​ពេល​នេះ រឿងរ៉ាវ​សោកនាដកម្ម ទាំងនេះ​បាន​កន្លង​ផុត​ទៅ ហើយ​ប្រជាជន​កម្ពុជា​បាន​និង​កំពុង​រស់​ក្នុង​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង ពោរពេញ​ដោយ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក៏​ដោយ​ក្តី ប៉ុន្តែយើង​ទាំងអស់​គ្នា​មិន​ត្រូវ​បណ្តែតបណ្តោយ​ឬ​បំភ្លេច អតីតកាល​ដ៏​ជូរ​ចត់​នេះ​ឡើយ​។ យើង​ត្រូវ​រំឭក​និង​ចង​ចាំ​ជា​និច្ច និង​រៀបចំ​ការ​ពិភាក្សា​នានា ដើម្បី​ស្វែង​យល់ ផ្សព្វផ្សាយ និង​រួម​គ្នា​បង្ការ​និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​បែប​នេះ រួម​ទាំង​សង្គ្រាម កុំឱ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី នៅ​លើ​ទឹកដី​កម្ពុជា​ដ៏​បវរ​របស់​យើង​”​។

ក្នុង​នាម​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប សម្តេច​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល​មិន​ត្រឹមតែ​ជា​បិតា​សន្តិភាព ស្ថាបនិក​នៃ​នយោបាយ ឈ្នះ ឈ្នះ និង​បាន​បញ្ចប់​កម្លាំងយោធា នយោបាយ រចនាសម្ព័ន្ធ​ខ្មែរក្រហម​ទាំងស្រុង​ប៉ុណ្ណោះ​នោះ​ទេ គឺ​សម្តេច​តេ​ជោ ក៏​បាន​ផ្តួចផ្តើម​ចរចា​នាំ​ឱ្យ​មាន ការ​បង្កើត​តុលាការជាតិ​ដោយ​មានការ​ចូលរួម​ពី អង្គការសហប្រជាជាតិ ដែល​មានឈ្មោះ​ថា «​អង្គ​ជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​» ដើម្បី​ជំនុំ​ជម្រះក្តី​លើ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​និង​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​១៩៧៩ ដើម្បី​នាំ​យក​ការ​ពិត និង​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំងអស់​នៃ​របប​នេះ​ទៀត​ផង​។

លើស​ពី​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ដល់​រាល់​ដំណើរការ ទាំងឡាយ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចាប់តាំងពី​គំនិត​ផ្តួចផ្តើម​បង្កើត​និង​គាំទ្រ​ទាំង​ផ្នែក​ថវិកា និង​សម្ភារ រហូត​បាន​បញ្ចប់​ទាំងស្រុង​នូវ​ដំណើរការ​កាត់សេចក្តី​ដោយ​រលូន​និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ក្នុង​បុព្វហេតុ​នៃ​ការ​ចង​ចាំ​ប្រវត្តិសាស្ត្រ ក៏​ដូច​ជា​ការ​ពង្រឹង និង​ថែរក្សា​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ការ ផ្សះផ្សា​ជាតិ និង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ឱ្យ​បាន​រឹង​មាំ​ស្ថិតស្ថេរ​ជា​យូរអង្វែង​។

ឆ្លង​តាម​លទ្ធផល​នៃ​ការ​បញ្ចប់​ដំណើរការ​តុលាការ នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​បាន​កែប្រែ​ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ទៅ​ជា​សង្គម​សម័យ​ទំនើប ដោយ​ផ្តល់​ជា​គំរូ​ក្នុង​ការ​ស្ថាបនា​សន្តិភាព ការ​បញ្ចៀស​ជម្លោះ និង​ការ​បង្កើត​ឱ្យ​មានដំណើរ​ការ​ទទួលខុសត្រូវ​ចំពោះ អំពើ​សាហាវឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត និង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ នឹង​ត្រូវ​ចារ​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា​ក្នុង​សម័យ​ទំនើប​៖ សន្តិភាព​តាម​រយៈ​យុត្តិធម៌ និង​យុត្តិធម៌​តាម​រយៈ​សន្តិភាព​។

ជា​ថ្មី​ម្តងទៀត សម្តេច​បវរ​ធិ​បតី​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប សិក្សា​អំពី​អតីតកាល​របស់​កម្ពុជា ការ​ឈឺចាប់ ដែល​ប្រជាជន​កម្ពុជា​បាន​ទទួល​រង និង​ចេញពី​បទ​ពិសោធ​ទាំងនេះ រួម​គ្នា​ទប់ស្កាត់​របប​ដ៏​ឃោរឃៅ​នេះ កើត​មាន សា​ជា​ថ្មី​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​របស់​យើង​។

លើស​ពី​នេះ​សម្តេច​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ និង​ថែរក្សា​សន្តិភាព​ដើម្បី​ឱ្យ​សន្តិភាព​នេះ នៅ​ស្ថិតស្ថេរ ចីរកាល ដើម្បី​បង្ក​បរិយាកាស​ដ៏​ល្អ​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្ត​ទៅ​មុខ​ទៀត សម្រាប់​ប្រជាជន​កម្ពុជា និង​មនុស្ស ជំនាន់​ក្រោយ​។

សម្តេច​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖”​តាង​នាម​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ឧទ្ទិស ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ជូន​ដល់​ជន​រង​គ្រោះ ដែល​បាន​បាត់បង់​ជីវិត​និង​រង​ភាព​ឈឺចាប់​ក្នុង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ក្នុង​របប​ខ្មែរក្រហម​។ ទិវា​នេះ ជា​ការ​រំឭក ដល់​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ប្រមាណ​ជាង​១,៧​លាន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប ប្រល័យពូជសាសន៍ ប៉ុ​ល ពត​”​។

សូម​ជម្រាប​ថា​ថ្ងៃ​ទី​២០ ខែឧសភា ជា «​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» និង​ជា​ទិវា​បុណ្យ​ជាតិ​ផ្លូវការ​ដែល​ត្រូវ​បាន​កំណត់​ដោយ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អនុក្រឹត្យ​លេខ​១៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្រាប់​ជា​ការ​រំឭក ដល់​ជន​រង​គ្រោះ​នឹង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​១៩៧៩​។

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ បង្កើត​ឡើង​ក្នុង​គោលបំណង​លើកតម្កើង​ការ​គោរព វិញ្ញាណក្ខន្ធ និង​ការ​ធ្វើបុណ្យ​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​, លើកតម្កើង​ការ​រំឭក ដល់​ជន​រង​គ្រោះ ការ​ស្តារ​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ ទោះជា​នៅ​រស់រាន​មានជីវិត​ឬ​បាន​បាត់បង់ ជីវិត​ក៏​ដោយ​, ប៉ះប៉ូវ​ការ​ឈឺចាប់​ខាង​ផ្លូវចិត្ត​និង​ផ្នែក​សង្គម​របស់​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​, ចូលរួម​ចំណែក​ដល់ ការ​ផ្សះផ្សា​ជាតិ​និង​ជំរុញ​ឱ្យ​មាន​សុខដុម​នី​យ​កម្ម​ក្នុង​សង្គម​កម្ពុជា​, និង លើកកម្ពស់​ការ​ផ្សព្វផ្សាយ​និង​ការ​យល់​ដឹង អំពី​អំពើ​ឃោរឃៅ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាបតេយ្យ​កុំឱ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី​។

«​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» នេះ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ជា​គម្រោង​សំណង​មួយ​ក្នុង​ចំណោម គម្រោង​សំណង​២៦ ដែល​ទទួលស្គាល់​ជា​ផ្លូវការ និង​ជា​អចិន្ត្រៃយ៍​ចំពោះ​ការ​ឈឺចាប់​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី និង លើកកម្ពស់​ការ​ចង​ចាំ​នូវ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ