ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ដក​គម្រោង​ផ្តល់​ប្រាក់​៣០០​ដុល្លារ​ដល់​យុវជន​ងា.យ​រង​គ្រោះ ដើម្បី​ប្តូរ​ទិស​ដៅ​ទៅ​ផែនការ​ជំរុញ​សេដ្ឋកិច្ច

4 ម៉ោង មុន

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​បាន​សម្រេច​ដក​គម្រោង​ចែក​ប្រាក់​ឧបត្ថម្ភ​១​ម៉ឺន​បាត ឬ​ស្មើ ៣០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ពលរដ្ឋ​វ័យក្មេង​ងាយ​រង​គ្រោះ​ម្នាក់​ៗ ដែល​មាន​អាយុ​ពី ១៦ ដល់ ២០​ឆ្នាំ ដើម្បី​ប្តូរ​ទិស​ដៅ​ថវិកា​ទៅ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ថ្មី​វិញ…

ទីក្រុង​បាងកក ៖ រដ្ឋាភិបាល​របស់​ប្រទេស​ថៃ​បាន​សម្រេច​ដក​គម្រោង​ចែក​ប្រាក់​ឧបត្ថម្ភ​១​ម៉ឺន​បាត ឬ​ស្មើ ៣០០​ដុល្លារ​អា​មេ​រិ​ក​ដល់​ពលរដ្ឋ​វ័យក្មេង​ងាយ​រង​គ្រោះ​ម្នាក់​ៗ ដែល​មាន​អាយុ​ពី ១៦ ដល់ ២០​ឆ្នាំ ដើម្បី​ប្តូរ​ទិស​ដៅ​ថវិកា​ទៅ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ថ្មី​វិញ ចំ​ពេល​មានការ​កើនឡើង​នៃ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើង​នៅ​ពេល​វិស័យ​នាំ​ចេញ និង​ផលិតកម្ម​របស់​ថៃ ប្រឈម​នឹង​បញ្ហា​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​។ ស្ថិត​នៅ​ក្រោម​គម្រោង​កាបូប​ឌី​ជី​ថ​ល​នេះ យុវជន​ងាយ​រង​គ្រោះ​ចំនួន​២,៧​លាន​នាក់ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​១​ម៉ឺន​បាត​ក្នុង​ម្នាក់​ៗ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​រហូត​ដល់ ២៧​ពាន់​លាន​បាត ឬ​ស្មើនឹង ៨១៤​លាន​ដុល្លារ ប៉ុន្តែ​ជំនួស​មក​វិញ​នូវ​កញ្ចប់​ថវិកា​ជាង​១៥០​ពាន់​លាន​បាត ដើម្បី​ផ្លាស់​ប្តូរ​ទិស​ដៅ​ឆ្ពោះទៅ​រក​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ថ្មី​មួយ​។

ប្រភព​ពី​រដ្ឋាភិបាល​ថៃ​បាន​បង្ហើប​ថា ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​ដែល​នឹង​រំពឹង​ទុក​ក្នុង​ឆមាស​ទី​ពីរ​នៅ​ឆ្នាំ​នេះ បាន​ជំរុញ​ឱ្យ​មានការ​រុះរើ​ទាំងស្រុង​ផែនការ​ជំរុញ​សេដ្ឋកិច្ច​។ ដូច្នេះ​រដ្ឋ​នឹង​ប្រើ​កញ្ចប់​ថវិកា​ចំនួន​១៥៧​ពាន់​លាន​បាត ឬ​ជាង ៤,៧​ពាន់​លាន​ដុល្លារ​ពី​ថវិកា​សង្គ្រោះ​បន្ទាន់ និង​ថវិកា​ត្រៀម​សម្រាប់​ហេតុ​ការ​កើតឡើង​មិន​បាន​គ្រោងទុក ដើម្បី​ផ្តល់​មូលនិធិ​ដល់​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច ដែល​មាន​គោលដៅ​ច្បាស់លាស់ និង​ទាន់​ពេលវេលា​។

លោក ភី​ឆៃ ឈុ​ន​ហាវ​ជី​រ៉ា (Pichai Chunhavajira) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា គណៈកម្មាធិការ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ផ្ទាល់ នឹង​ជួប​ប្រជុំ​នៅ​វិមាន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​។ ស្រប​ពេល​ក្រសួង​ហិរញ្ញវត្ថុ​នឹង​ស្នើ​វិធានការ​ថ្មី ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​វិធានការ​ពន្ធគយ​របស់​សហរដ្ឋអាមេរិក ដែល​រំពឹង​ថា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុងស្រុក​ក្នុង​រយៈពេល​១​ទៅ​២​ឆ្នាំ​ខាង​មុខ​។ វិស័យ​ដែល​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​រួម​មាន ក្រុមហ៊ុននាំចេញ អាជីវកម្ម​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ក្រុមហ៊ុន​ផលិត ដែល​ប្រឈម​នឹង​លំហូរ​ចូល​នៃ​ទំនិញ​បរទេស​មាន​តម្លៃ​ថោក​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក ភី​ឆៃ ឈុ​ន​ហាវ​ជី​រ៉ា នៅ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា «​ទោះបីជា​មាន​បញ្ហា​ប្រឈម​យ៉ាងណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​ប្តេជ្ញា​ចិត្ត​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) លើស​ពី ៣% នៅ​ឆ្នាំ​នេះ​។ វិធានការ​ជំរុញ​បន្ថែម​នឹង​ត្រូវ​បាន​ណែនាំ ដោយ​ផ្តោត​លើ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​កើត​មាន​ក្នុង​វិស័យ​ទាំងនេះ​»​។

ផែនការ​ថ្មី​នេះ នឹង​ត្រូវ​បាន​រៀបចំ​ជា​កញ្ចប់​ផ្តោត​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក ដោយ​វា​នឹង​ផ្តល់​អាទិភាព​ដល់​ការ​រៀបចំ​រចនាសម្ព័ន្ធ​ផលិតកម្ម និង​ការ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​សាច់ប្រាក់​ងាយស្រួល​សម្រាប់​បណ្តា​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​។ សេចក្តីសម្រេច​នេះ នឹង​ត្រូវធ្វើ​ឡើងជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច ដោយ​មានការ​ចូលរួម​ពី​ទីភ្នាក់ងារ​សំខាន់​ៗ​ចំនួន​ពីរ គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ (NESDC) រួម​នឹង​ធនាគារកណ្តាល​ថៃ (BoT)​។ កិច្ចការ​របស់​ពួក​គេ​នឹង​ជួយ​រដ្ឋាភិបាល​ពន្យល់​ដល់​សាធារណជន អំពី​មូលហេតុ​ដែល​គម្រោង​កាបូប​ឌី​ជី​ថ​ល​ត្រូវ​បាន​លុប​ចោល​។

នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ (Paetongtarn Shinawatra) បាន​លើក​ឡើង​រួច​ហើយ​ថា គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ផ្សេង​ៗ កំពុង​ត្រូវ​បាន​ស្វែងរក ដោយ​មានការ​ដាក់​បញ្ចូល​នៅ​គ្រប់​ក្រុម​អាយុ​ទាំងអស់​ជា​អាទិភាព ជា​ជាង​កំណត់​គោលដៅ​អាយុ​ប្រជាសាស្ត្រ​ជាក់លាក់​ដូចដែល​បាន​គ្រោងទុក​។ អ្នកស្រី​បាន​ថ្លែង​ថា «​នេះ​គឺជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​។ យើង​ត្រូវ​តែ​ប្រើប្រាស់​ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​ឧបករណ៍​គោលនយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ​ទាំងមូល មិនមែន​ផ្តោត​តែ​លើ​ក្រុម​អាយុ​តែ​មួយ​ប៉ុណ្ណោះ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ