ទីក្រុងឡុង៖ ថ្មីៗនេះសមត្ថកិច្ចអង់គ្លេសបង្ហើបឱ្យដឹងថាខ្លួនបានឆ្មក់ចូលចាប់ខ្លួនជនជាតិអ៊ីរ៉ង់បីនាក់ដែលសង្ស័យពីបទស៊ើបការណ៍សម្ងាត់។ អង់គ្លេសអនុវត្តនីតិវិធីនេះដោយយោងទៅតាមច្បាប់ស្ដីពីសន្តិសុខជាតិដែលសង្ស័យថាបុរសទាំងបីនាក់ទំនងជាលួចការណ៍សម្ងាត់ពីអង់គ្លេសទៅឱ្យរដ្ឋបរទេស។ នៅក្នុងចំណោមបុរសទាំងបីនាក់នោះម្នាក់ឈ្មោះម៉ូស្តាហ្វា សេផាវ៉ាន់ (Nostafa Sepahvand) អាយុ៣៩ឆ្នាំ, ឈ្មោះហ្វាហាត ចាវ៉ាឌី ម៉ានេស (Farhad Javadi Manesh) អាយុ៤៤ឆ្នាំ និងឈ្មោះសាព័រ កាឡេហាលី ខានី នូរី (Shapoor Qalehali Khani Noori) អាយុ៥៥ឆ្នាំ។
ពួកគេកំពុងជាប់ឃុំជាបណ្ដោះអាសន្នដើម្បីរង់ចាំការចោទប្រកាន់ទៅតុលាការ។ ប្រភពខ្លះថាពួកគេត្រូវបានចោទប្រកាន់ពីបទជួយផ្ដល់ការណ៍សម្ងាត់របស់អង់គ្លេសទៅឱ្យអង្គភាពចារកម្មរបស់អ៊ីរ៉ង់ដែលទទួលបន្ទុកខាងចារកម្មក្រៅប្រទេសចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សេផាវ៉ាន់ត្រូវបានចោទប្រកាន់បន្ថែមពីបទចូលរួមនៅក្នុងការឈ្លបយកការណ៍សម្ងាត់ និងការស្រាវជ្រាវពីប្រភពចំហ (នៅតាមអ៊ីនធឺណិត, បណ្ដាញសង្គម ឬឯកសារផ្សេងៗ)។
អង់គ្លេសចាត់ទុកថាទង្វើរបស់សេផាវ៉ាន់មានចេតនាបង្កអំពើហិង្សាធ្ងន់ធ្ងរទៅលើបុគ្គលម្នាក់ដែលរស់នៅអង់គ្លេស។ ឧត្ដមសេនីយ៍ដូមីនិច មើហ្វ៊ី (Domonic Murphy) ជាមេបញ្ជាការកងអង្គភាពប្រឆាំងអំពើភេរវកម្មថ្លែងថាការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដ៏ស៊ីជម្រៅ និងដោយឥតបង្អែបង្អង់។ នៅក្នុងដំណាក់កាលចោទប្រកាន់ និងជំនុំជម្រះទោសនេះ សមត្ថកិច្ចស្នើសុំឱ្យមហាជនទូទៅកុំធ្វើអត្ថាធិប្បាយវែងឆ្ងាយដែលនាំឱ្យប្រាសចាកការពិត។ ទុកលទ្ធភាពនេះជូនតុលាការជាអ្នកវិនិច្ឆ័យ។
សូមរំលឹកថាកាលពីថ្ងៃទី៩ ខែឧសភា បុរសម្នាក់ទៀតដែលជាជនទីបួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ គាត់មានអាយុ៣១ឆ្នាំ។ សមត្ថកិច្ចចាប់ខ្លួនគាត់ដោយយោងទៅតាមមាត្រា២៧នៃច្បាប់ស្ដីពីសន្តិសុខជាតិដែលប្រកាសឱ្យប្រើកាលពីឆ្នាំ២០២៣។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីឆ្លងកាត់ការសាកសួរទៅឃើញថាគាត់គ្មានប្រព្រឹត្តបទល្មើសអ្វីទេ។ ដូច្នេះគាត់ក៏ត្រូវបានដោះលែងវិញកាលពីថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រផ្សាយថាក្រោយពេលទទួលដំណឹងថាបុរសទាំង៣ត្រូវបាននាំខ្លួនឡើងតុលាការនៅថ្ងៃនេះ ប្រទេសអ៊ីរ៉ង់ក៏បញ្ចេញប្រតិកម្មភ្លាមៗផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ជី (Abbas Araqchi) ថ្លែងថារដ្ឋាភិបាលរបស់លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងដំណឹងដែលថាជនជាតិអ៊ីរ៉ង់ត្រូវបានសមត្ថកិច្ចអង់គ្លេសចាប់ខ្លួន។
រដ្ឋាភិបាលអង់គ្លេសបារម្ភអំពីប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង។ ថ្វីដ្បិតប្រទេសទាំង២ដាក់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយគ្នាក៏ពិតមែន ក៏ប៉ុន្តែអង់គ្លេសសង្កេតតាមដានជនជាតិអ៊ីរ៉ង់ខ្លាំងមែនទែនព្រោះខ្លាចលួចយកការណ៍សម្ងាត់ពីអង់គ្លេសទៅឱ្យរដ្ឋបរទេស។ អង់គ្លេសយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះដើម្បីទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ជ្រៀតជ្រែកកិច្ចការនយោបាយរបស់ខ្លួន៕
ចែករំលែកព័តមាននេះ