រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឲ្យមានចូលរួមផ្តល់ឈាម ដើម្បីចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
ឯកឧត្តមបានលើកឡើងក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំថា ៖
ខ្ញុំនៅចាំបានថា ផ្ដើមចេញពីការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានចូលរួមសកម្មភាពមនុស្សធម៌លើកដំបូង ដោយការស្ម័គ្រចិត្តផ្ដល់ឈាម ដែលធ្វើឡើងស្របពេល ដែលមានការថយចុះ នៃចំនួនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមានការធ្លាក់ចុះនូវស្ដុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ហើយមកទល់ពេលនេះ ខ្ញុំបានសម្រេចការបរិច្ចាគឈាមរបស់ខ្ញុំចំនួន ១៤លើកហើយ ។
ឯកឧត្តម បន្តថា តាមរយៈការអំពាវនាវរបស់សម្ដេចតេជោ និងការស្វែងយល់ពីតម្រូវការជាក់ស្ដែង ហើយជាពិសេសការយល់ពីអត្ថន័យ នៃការផ្ដល់ឈាមមួយប្លោក នឹងអាចចូលរួមជួយទៅដល់នរណាម្នាក់ បានក្លាយជាចំណុចចាប់ផ្ដើម នៃការមើលលើអត្ថប្រយោជន៍រួម នៃការលះបង់របស់យើងម្នាក់ៗ ដែលការលះបង់នេះ គឺជាការលះបង់ដ៏ធំធេង លើសពីការលះបង់ថវិកា ក៏ប៉ុន្តែជាការបរិច្ចាគឈាមខ្លួនឯង ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ។
ឯកឧត្តម បានបញ្ជាក់ថា ៖ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាមនេះឡើង ហើយខ្ញុំជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងក្លាយជាចលនាជំរុញការបរិច្ចាគឈាមជូនប្រជាជនកម្ពុជា ។
ឯកឧត្តម បន្តទៀតថា ៖ ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនឱ្យបន្តចូលរួមក្នុងយុទ្ធនាការនេះឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ។
អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាម និងសម្ពាធអគារសិក្សា នាឱកាសនេះ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ ។
នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកអំពីសកម្មភាពការងារស្ម័គ្រចិត្តលើកដំបូងផ្ទាល់របស់ឯកឧត្តម គឺការបរិច្ចាគឈាមនិងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យមួយនេះ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ៕




ចែករំលែកព័តមាននេះ