ខេត្តស្វាយរៀង ៖ សមត្ថកិច្ចធ្វើការបង្ក្រាបក្រុមក្មេងទំនើង ចំនួន០៧នាក់ ដែលបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ទាំងកណ្តាលថ្ងៃ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ផ្តន្ទាទោសដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង១០នាទីរសៀល សមត្ថកិច្ចបានទទួលព័ត៌មានថា នៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានករណីក្រុមក្មេងទំនើង១ក្រុម បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូប្រជាពលរដ្ឋ (លួចមានស្ថានទម្ងន់ទោស) ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងនិងឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ព្រមទាំងដកហូតវត្ថុតាង ៖ ម៉ូតូ០៣គ្រឿង (ក្នុងនោះម៉ូតូជនសង្ស័យធ្វើសកម្មភាព០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានលោកចៅក្រមសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀង រួចហើយ ៕

ចែករំលែកព័តមាននេះ