ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថាលោកពូទីនអាចជួបលោកហ្សេឡិនស្គីនបាន ឥតមានទាស់ខុសអ្វីទេ។ សំខាន់ឱ្យតែអ៊ុយក្រែនបំពេញគ្រប់លក្ខខណ្ឌដែលរុស្ស៊ីចង់បាន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស សូមមិនធ្វើអត្ថាធិប្បាយលម្អិតថាតើរុស្ស៊ីទាមទារលក្ខខណ្ឌអ្វីខ្លះទេដើម្បីជាថ្នូរនឹងការយល់ព្រមជួបមុខគ្នា។ ប៉ុន្តែគេដឹងថាលោកទាំង២ខានជួបគ្នាជាង៥ឆ្នាំមកហើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។
ការថ្លែងដូចខាងលើនេះដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់លោកហ្សេឡិនស្គីដែលថាលុះត្រាតែជួបគ្នាផ្ទាល់ជាមួយលោកពូទីនទើបអាចដោះស្រាយបញ្ហាធំៗបាន។ លោកហ្សេឡិនស្គីអះអាងថាអំណាច និងការសម្រេចចិត្តទាំងអស់ស្ថិតនៅក្នុងដៃរបស់លោកពូទីន។ អ៊ុយក្រែនថ្លែងថានៅក្នុងកិច្ចជំនួបរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅតួកគីនោះ ខ្លួនបានស្នើសុំឱ្យមានកិច្ចជំនួបកំពូល។
ហេតុនេះ លោកប៉េស្កូសយល់ថាសំណើនេះអាចទៅរួច។ អ្វីដែលសំខាន់ ប្រទេសទាំង២ត្រូវខិតខំធ្វើការឱ្យបានសកម្មដើម្បី សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយចំនួនសិន។ លោកថ្លែងបន្តទៀតថាបើភាគីទាំង២សម្រេចបានកិច្ចព្រមព្រៀងជាមួយគ្នាហើយ មានចំណុចសំខាន់១ទៀតនៅត្រង់ថាតើនរណាជាអ្នកចុះហត្ថលេខាលើឯកសារទាំងនោះ។ ចង់សំដៅខាងភាគីអ៊ុយក្រែន។ ការថ្លែងដូច្នេះចង់មានន័យថាតើអ៊ុយក្រែនបច្ចុប្បន្នជារដ្ឋាភិបាលស្របច្បាប់ដែលរុស្ស៊ីអាចជឿទុកចិត្តដែរឬទេ។
នៅពេលលោកប៉េស្កូសនិយាយដល់ចំណុចនេះធ្វើឱ្យគេនឹកឃើញពាក្យសម្ដីរបស់លោកពូទីនដែលថារបបដឹកនាំរបស់លោកហ្សេសិនស្គីសព្វថ្ងៃនេះមិនស្របច្បាប់ទេព្រោះលោកកាន់អំណាចដោយមិនបោះឆ្នោត។ លោកត្រូវផុតអាណត្តិតាំងពីឆ្នាំ២០២៤មកម៉្លេះ។ អ៊ុយក្រែនកំពុងអនុវត្តច្បាប់អាជ្ញាសឹកនៅពេលប្រទេសជាតិកំពុងមានសង្គ្រាម។ ដូច្នេះមិនត្រូវការបោះឆ្នោតអ្វីទេ។
ក្រឡេកទៅមើលស្ថានការណ៍សឹកវិញម្ដង រុស្ស៊ីវាយប្រហារទៅលើរថយន្តដឹកអ្នកដំណើរ១គ្រឿងបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៩នាក់ និងរបួស៤នាក់នៅតំបន់ស៊ូមី (Sumy)។ ការវាយប្រហារនេះកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសទាំង២បិទបញ្ចប់កិច្ចជំនួបនៅតួកគី។ នគរបាលអ៊ុយក្រែនបង្ហោះសារនៅលើតេឡេក្រាមចាត់ទុកថានេះមិនមែនគ្រាន់តែជាការបាញ់កាំភ្លើងធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ឆ្កួតលីលា។
ទីភ្នាក់ងារព័ត៌មានតាស់(TASS) បានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ីមកផ្សាយថាកងទ័ពរុស្ស៊ីប្រើប្រាស់យន្តហោះដ្រូនវាយប្រហារត្រូវចំគ្រឿងបរិក្ខារយោធារបស់អ៊ុយក្រែននៅតំបន់ស៊ូមី។ នគរបាលអ៊ុយក្រែនបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួនបង្ហាញរូបរថយន្តដឹកអ្នកដំណើរពណ៌ខៀវរងការបាញ់ប្រហារខូចខាតស្ទើរតែទាំងស្រុង។
ឥឡូវនេះ អ៊ុយក្រែនអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ីបន្ទាប់ពីការចរចានៅតួកគីមិនអាចសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ អ្វីដែលអ៊ុយក្រែនចង់បានគឺបទឈប់បាញ់ដ៏ពេញលេញ ដោយឥតលក្ខខណ្ឌ និងជាបន្ទាន់រយៈពេល៣០ថ្ងៃ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបង្ហោះសារនៅលើបណ្ដាញអ៊ិចថាគ្មានអ្វីដែលត្រូវស្រពេចស្រពិលតទៅទៀតទេ។ (ក្រុមសម្ព័ន្ធមិត្ត) ត្រូវតែដាក់សម្ពាធកាន់តែខ្លាំងដើម្បីបិទបញ្ចប់នូវអ្វីដែលលោកហៅថាជាទង្វើភេរវកម្មរបស់រុស្ស៊ី។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ