ខេត្តកំពង់ចាម ៖ ស្ត្រីពិការដៃឆ្វេងស្តាំស្មាដោយគ្រោះថ្នាក់ចរាចរណ៍ ទោះបីជីវភាពមានការខ្វះខាតយ៉ាងណាក៏ដោយ មិនលើកដៃសុំទានគេនោះទេ។ដោយសុខចិត្តទិញផ្លែត្នោតពីអ្នកស្រុកនៅឃុំអំពិល ស្រុកកំពង់សៀម យកមកលក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម រៀងរាល់ព្រឹកដើម្បីយកថវិកាដោះស្រាយជីវភាពក្រុមគ្រួសារ ។

ស្ត្រីឈ្មោះបៀន សុខហៀង អាយុ៥២ឆ្នាំ រស់នៅភូមិក្រឡា ឃុំអំពិល បានរៀបរាប់នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ទី ១៦ឧសភា ឆ្នាំ២០២៥ថា រាល់ថ្ងៃគាត់ពិតជាមានជីវភាពខ្វះខាតមែនដោយផ្ទះសង់អំពីឈើប្រក់ស័ង្កសីមានទំហំតូចល្មម ដោយមានកូនចំនួនបីនាក់ ក្នុងនោះកូនស្រីបងគេអាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ កូនកណ្ដាលអាយុ១៤ឆ្នាំរៀន ថ្នាក់ទី៦និងកូនពៅស្រី អាយុ១៣ឆ្នាំរៀនថ្នាក់ទី៥ ។ ចំណែកប្ដីវិញឈ្មោះអេងអាយុ៤៧ឆ្នាំ មានម៉ូតូចាស់មួយគ្រឿងគ្រាន់ និងឌុបគាត់ចេញពីផ្ទះយកផ្លែត្នោតមកលក់នៅផ្សារបឹងកុក និងផ្សារធំ ក្រុងកំពង់ចាម។
ស្ត្រីមានជីវភាពខ្វះខាតរូបនេះបានត្អូញត្អែរថា កាលពី៦ឆ្នាំមុន គាត់បានធ្វើដំណើរតាមដងផ្លូវដោយជិះកង់ ហើយត្រូវរថយន្តបើកកៀរ បណ្ដាលឱ្យរងរបួសធ្ងន់ដៃខាងឆ្វេងសន្លប់ ដោយគ្រូពេទ្យមិនអាចធ្វើការតឆ្អឹងបានសម្រេចកាត់ត្រឹមស្មាផ្នែកខាងស្តាំ ។ នៅក្នុងគ្រាហ៍នោះ ភាគីរថយន្តបានឱ្យសំណងមកព្យាបាលរបួសដោយមិនគ្រប់គ្រាន់នោះទេ។ គាត់ត្រូវខ្ចីលុយអ្នកភូមិបន្ថែម ដើម្បីមកមើលព្យាបាលរបួសរហូតជាសះស្បើយ ។

ស្ត្រីរូបនេះបានលើកឡើងទៀតថា ទោះបីគាត់មានជីវភាពខ្វះខាតការពិតមែន ដោយមិនបានលើកដៃសុំទានគេនោះទេ គឺឱ្យប្ដីដើរទិញផ្លែត្នោតពីអ្នកភូមិបានច្រើនគួរសមដាក់ក្នុងធុងស្ពេត្រូជិះយកមកលក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម រាងរាល់ថ្ងៃ ចំពោះផ្លែត្នោតលក់ក្នុង១០គ្រាប់តម្លៃ៣០០០រៀលបើយក២០គ្រាប់ តម្លៃ៥០០០រៀល មានពេលខ្លះ អ្នកទិញដើរកាត់មុខគាត់ឃើញពិការភាពដៃបែបនេះ គេអាណិតជួនគេជូនថវិកាមួយម៉ឺនរៀល អ្នកលក់ខ្លះជូនត្រីងៀតបីកន្ទុយ គ្រាន់នឹងយកទៅធ្វើម្ហូបសម្រាប់ទទួលទានជុំគ្នាក្នុងក្រុមគ្រួសារ។
បន្តិចទៀត ផ្លែត្នោតនិងត្រូវអស់ ដូច្នេះគាត់ទំនេរនៅតែផ្ទះ ចំណែកប្ដីវិញគឺបានបុលគោគេចំនួន៣ក្បាល មិនមែនជារបស់កម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ ទោះជាដៃពិការក៏ពិតមែនរាល់ថ្ងៃនេះប្រឹងប្រែងតស៊ូមកលក់ដូរដើម្បីយកលុយឱ្យកូនរៀន ដោយកូនបងស្រីមិនមានអីជិះទៅរៀនទេគឺទៅជាមួយមិត្តភក្តិ ចំណែកកូនពៅក៏ទៅសាលារៀនជិះកង់ជាមួយគេដែរ។

ចំណែកកូនកណ្ដាលបានអ្នកភូមិគេឲ្យកង់ចាស់មួយគ្រឿង គ្រាន់និងជិះទៅសាលា បំណងប្រាថ្នារបស់គាត់ គឺចង់ឱ្យកូនស្រីរៀនចប់ថ្នាក់វិទ្យាល័យ ក្នុងករណីបើកូនប្រលងជាប់ចង់បន្តការសិក្សានៅឧត្តមសិក្សានោះគាត់មិនមានលទ្ធភាពទេ ។
រាល់ថ្ងៃរស់នៅលើផ្ទះឈើតូចល្មមមានទំហំ៣ គុណ៤ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី មានជីវិតត្រូវតែប្រឹងតស៊ូមួយទៀត ដែលឃើញគាត់ស្លូតពិការដៃបែបនេះ គេតែងតែអាណិត សូម្បីតែមកលក់ដូរនៅលើគ្រែផ្សារបឹងកុក ក៏គេមិនយកលុយក្នុងមួយថ្ងៃពីរបរនេះ គាត់អាចចំណេញយ៉ាងច្រើន
២ម៉ឺនរៀលប៉ុណ្ណោះ ។

ចែករំលែកព័តមាននេះ