ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី,​អ៊ុយ​ក្រែន​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​១​ពាន់​នាក់​ក្រោយ​ជំនួប​នៅ​តួក​គី

12 ម៉ោង មុន

ទី​ក្រុង​អ៊ីស្តាន់​ប៊ូល៖ រុស្ស៊ី និង​អ៊ុយ​ក្រែន​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​មួយ​ពាន់​នាក់​ម្ខាង​ៗ​។ ដូច្នេះ ការ​ជួប​គ្នា​រវាង​​ក្រុម​ការ​ងារ​ប្រទេស​ទាំង​២​នៅ​​តួក​គី​ពិត​ជា​មិន​ឥត​ប្រយោជន៍​​​ទេ​​។ គ្រាន់​តែថា​​មិន​ទាន់​​អាច​សម្រេច​បាន​កិច្ច​ការ​ធំ​ៗ​តែប៉ុណ្ណោះ​។ ប្រធាន​ក្រុម​អ្នក​ចរ​ចា​ខាង​ភាគី​រុស្ស៊ី​បាន​​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ត្រៀម​ដូរ​ឈ្លើយ​សឹក​​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​។ បើ​ដូច្នេះ​មែន វា​នឹង​ក្លាយ​ជា​ការ​ដូរ​ឈ្លើយ​សឹក​ដ៏​ច្រើន​បំផុត​ចាប់​តាំង​ពី​​ក្រោយ​សង្គ្រាម​អ៊ុយ​ក្រែនឆ្នាំ​​២០២២​។ រុស្ស៊ី​ថ្លែង​ថា​ភាគី​ទាំង​២​ក៏​បាន​ឯក​ភាព​គ្នា​ថា​នឹង​បញ្ជូន​លក្ខ​ខណ្ឌ…

ទី​ក្រុង​អ៊ីស្តាន់​ប៊ូល៖ រុស្ស៊ី និង​អ៊ុយ​ក្រែន​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​មួយ​ពាន់​នាក់​ម្ខាង​ៗ​។ ដូច្នេះ ការ​ជួប​គ្នា​រវាង​​ក្រុម​ការ​ងារ​ប្រទេស​ទាំង​២​នៅ​​តួក​គី​ពិត​ជា​មិន​ឥត​ប្រយោជន៍​​​ទេ​​។ គ្រាន់​តែថា​​មិន​ទាន់​​អាច​សម្រេច​បាន​កិច្ច​ការ​ធំ​ៗ​តែប៉ុណ្ណោះ​។ ប្រធាន​ក្រុម​អ្នក​ចរ​ចា​ខាង​ភាគី​រុស្ស៊ី​បាន​​បង្ហើប​ឱ្យ​ដឹង​អំពី​ការ​ត្រៀម​ដូរ​ឈ្លើយ​សឹក​​បន្ទាប់​ពី​បិទ​បញ្ចប់​កិច្ច​ជំនួប​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​។

បើ​ដូច្នេះ​មែន វា​នឹង​ក្លាយ​ជា​ការ​ដូរ​ឈ្លើយ​សឹក​ដ៏​ច្រើន​បំផុត​ចាប់​តាំង​ពី​​ក្រោយ​សង្គ្រាម​អ៊ុយ​ក្រែនឆ្នាំ​​២០២២​។ រុស្ស៊ី​ថ្លែង​ថា​ភាគី​ទាំង​២​ក៏​បាន​ឯក​ភាព​គ្នា​ថា​នឹង​បញ្ជូន​លក្ខ​ខណ្ឌ និង​សំណើ​ឱ្យ​បាន​លម្អិត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​យក​ទៅ​ពិចារណា​បង្កើត​ជា​បទ​ឈប់​បាញ់​។ តប​ទៅ​នឹង​សំណើ​របស់​​អ៊ុយ​ក្រែន​ដែល​ចង់​​ឱ្យ​មាន​​ជំនួប​កំពូល​រវាង​លោក​ហ្សេ​ឡិន​ស្គី និង​លោក​ពូទីន​ ខាង​ភាគី​រុស្ស៊ី​ថា​នឹង​យក​សំណើ​នេះ​ទៅ​ពិចារណា​។ ប៉ុន្តែ​រុស្ស៊ី​សន្យា​ថា​ខ្លួន​នឹង​បន្ត​ការ​ជួប​គ្នា​នៅ​ពេល​ក្រោយ​​ៗ​ទៀត​។

ក្រសួង​ការ​បរទេស​តួក​គី​ និង​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​ថ្លែង​ថា​​​​​គណៈ​ប្រតិ​ភូ​ប្រទេស​ទាំង​២​​ជួប​គ្នា​មិន​ដល់​២​ម៉ោង​ទេ​​​។ អ៊ុយ​​ក្រែ​ន​ចោទ​ប្រកាន់​ថា​រុស្ស៊ី​បាន​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ទាំង​អស់​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ (អ៊ុយ​ក្រែន​) ​១​ផ្នែក​ធំ។ ដូច្នេះ​​ អ៊ុយ​ក្រែន​យល់​ថា​នេះ​ជា​ការ​ទាម​ទារ​ដែល​មិន​អាច​ទទួល​យក​បាន​​ឡើយ​​។ ម៉្យាង​ទៀត​ ការ​ទាម​ទារ​នេះ​ជា​រឿង​ថ្មី​ព្រោះ​កាល​ពី​ពេល​កន្លង​មក​ រុស្ស៊ី​ពុំ​ដែល​ទាម​ទារ​របៀប​នេះ​ទេ​។ នេះ​បើ​​តាម​មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​​​ដែល​ស្នើ​សុំ​​មិន​បញ្ចេញ​ឈ្មោះ​​​។

មន្ត្រី​ដដែល​នេះ​ប្រាប់​ថា​​​អ៊ុយ​ក្រែន​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ចរ​ចា​គ្នា​ឱ្យ​មាន​ដំណើរ​ការ​រីក​ចម្រើន​ទៅ​មុខ​។ នោះ​​​គឺ​ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​ និង​​ដោះ​ស្រាយ​បញ្ហា​​តាម​មធ្យោបាយ​ការ​ទូត​។ ពោល​គឺដូច​អ្វី​ដែល​អាមេរិក និង​អឺរ៉ុប​ធ្លាប់​បាន​ស្នើ​សុំ​​។ ​ប៉ុន្តែ​សំណើ​នៃ​បទ​ឈប់​បាញ់​ត្រូវ​លោក​ពូទីន​ច្រាន​ចោល​ព្រោះ​​លោក​ចង់​​ដោះ​ស្រាយ​ឫស​គល់​នៃ​សង្គ្រាម​ជា​មុន​សិន​។

បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ចង់​ជួប​លោក​ពូទីន​ទោះ​បី​តាម​ទូរ​ស័ព្ទ​ក្ដី​ ឬ​ជួប​គ្នា​ដោយ​ផ្ទាល់​​ក្ដី​ វិមាន​ក្រឹម​ឡាំង​ឆ្លើយ​តប​ថា​​​រុស្ស៊ី​ក៏​កំពុង​គិត​គូរ​អំពី​បញ្ហា​នេះ​ផង​ដែរ​។ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េស្កូស​ (Peskov) ទទួល​ស្គាល់​ថា​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​ស្ថា​ពរ​លុះ​ត្រា​តែ​ជួប​គ្នា​កម្រិត​កំពូល​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​គេ​ត្រូវ​ការ​ពេល​វេលា​ជា​ច្រើន​ទៀត​ដើម្បី​រៀប​ចំ​ខ្លួន​។ ​ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​អេ​ភី និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ