ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​​ប្តេជ្ញា​នាំ​យក ​និង​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ណ៏ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កើន​​ទ្វេរ​ឡើង

15 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​ប្តេជ្ញា​នាំ​យក ​និង​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ណ៏ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កើន​ចំនួន​ទ្វេរ​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បន្ត​ពង្រឹង​តាម​តំបន់​រមណី​ដែល​មាន​ស្រាប់ ជា​ពិសេស​ គឺ​ទាក់ទាញ​អ្នក​វិយោគ​លើ​វិស័យ​ទេសចរ​ណ៏…

ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​បាន​ប្តេជ្ញា​នាំ​យក ​និង​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ណ៏ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​កើន​ចំនួន​ទ្វេរ​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍន៍​មូលដ្ឋាន និង​បន្ត​ពង្រឹង​តាម​តំបន់​រមណី​ដែល​មាន​ស្រាប់ ជា​ពិសេស​ គឺ​ទាក់ទាញ​អ្នក​វិយោគ​លើ​វិស័យ​ទេសចរ​ណ៏ ចូល​ដាក់​ទុន​អភិវឌ្ឍន៍​បន្ថែម ​ក្នុង​ខេត្ត ​។

​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ មាន​ប្រសាសន៍​បែប​នេះ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​ប្រធាន​មន្ទីរទេសចរណ៍​ខេត្តមណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​សាលាខេត្ត​មណ្ឌលគិរី ។

ឯកឧត្តម ហួត ហាក់ មាន​ប្រសាសន៍​បន្ត​ថា វិស័យ​ទេសចរណ៍ ​គឺជា​ឆ្អឹងខ្នង ​នៃ​សេដ្ឋកិច្ចជាតិ ហើយ​ក៏​ជា​សេដ្ឋកិច្ច​គ្រួសារ​ដ៏​សំខាន់ ដោយសារ​ខេត្តមណ្ឌលគិរី មាន​លក្ខណៈ​ពិសេស​ខុស​ពី​បណ្តា​ខេត្ត​ដទៃ ពោល​គឺ​មាន​អាកាសធាតុ​ត្រជាក់ និង​ទេសភាព​ស្រស់​ស្អាត​ស្ទើរ​គ្រប់​រដូវ​កាល ហើយ​មាន​រមណី​ដ្ឋា​ន​ធម្មជាតិ​យ៉ាងច្រើន ដែល​ជា​ភាព​អំណោយផល​ល្អ ​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក្រសួងទេសចរណ៍​​ បន្ត​ថា សម្តេច​ធិ​បតី ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​យុ​ទ្ឋ​នា​ការ រដូវ​កាល​បៃតង ឬ Green seaon ដែល ក្រសួងទេសចរណ៍​ បាន​ដាក់​ចេញ​សម្រាប់​ចលនា​ទូ​ទាំង​ប្រទេស ក្នុង​ការ​ជម្រុញ​ភាព​ទាក់ទាញ​ពី​ទេសចរ​ណ៏​ទូ​ទាំង​ពិភពលោក។ ​ជាមួយ​គ្នា​នេះ​ឯកឧត្តម ​បាន​ផ្តាំផ្ញើ​ដល់​ប្រធាន​មន្ទីរ ដែល​ទើប​ទទួល​បានការ​តែងតាំង​ថ្មី ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នានា ដែល​មាន​តំបន់​ទេសចរណ៍​ស្រាប់ ដើម្បី​បង្កើន​ប្រ​សិ​ទ្ធ​ភាព​ការងារ​ និង​សម្រេច​បាន​នូ​ច​ចក្ខុវិស័យ​របស់​អង្គភាព​ ។

លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសា​ស​ន៏​ថា ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​ទេ​ចរណ៍​ខេត្តមណ្ឌលគិរី​ នា​ពេល​នេះ គឺជា​ការ​តែងតាំង​ប្រគល់​ភារកិច្ច និង​ជា​ការ​ផ្តល់​នូវ​ការ​ទទួលខុសត្រូវ​មួយ​ថែម​ទៀត ដែល​តម្រូវ​ឱ្យ​សាមីខ្លួន​ ត្រូវ​តែ​បញ្ចេញ​ឱ្យ​អស់​សមត្ថភាព លទ្ធភាព និង​ទេព​កោសល្យ ដើម្បី​ជំនះ​បាន​រាល់​ភាព​លំបាក​នានា ដែល​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រី​​ក្រោម​​ឱវាទ ដើម្បី​ធ្វើ​ឱ្យ​អង្គភាព មានការ​ប្រែប្រួល​មុខមាត់​ថ្មី សំដៅ​ធានា​រ៉ាប់រង​បាន​នូវ​ភារកិច្ច​ស្នូល​ទាំងឡាយ ដែល​អង្គភាព​ត្រូវ​បំពេញ និង​ទទួលខុសត្រូវ​ចំពោះ​មុខ​ស្ថាប័ន និង​ភារកិច្ច​ទាំងឡាយ​ផ្សេង​ៗ​ទៀត ទៅ​តាម​ការ​ចាំបាច់ ដែល​ក្រសួង​សាមី និង​រដ្ឋបាល​ខេត្ត ប្រគល់​ជូន ។

លោក ថង សា​វុន ក៏​បាន​ចែករំលែក និង​ផ្តល់​នូវ​ចំណេះដឹងបទ​ពិសោធន៍​មួយ​ចំនួន​សម្រាប់ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​ត្រូវ​ចូល​កាន់​តំណែង នា​ពេល​នេះ ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ ការ​ពង្រឹង​អភិបាលកិច្ច នៃ​ការ​ផ្តល់​សេវា និង​គោលការណ៍ ណែនាំ​ថ្មី​ៗ ត្រូវ​បន្ត​ពង្រឹង​ប្រពៃណី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​ទូលំទូលាយ​ថែម​ទៀត ទាំង​រវាង​ថ្នាក់លើ និង ថ្នាក់​ក្រោម ក៏​ដូច​ជាមួយនឹង​បណ្តា​មន្ទីរ​-​អង្គភាព ក្រុង​-​ស្រុក​នានា ។ ត្រូវ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​មន្ត្រីរាជការ មានការ​ពង្រឹង​វិន័យ ចេះ​សម្របសម្រួល តាមដាន​ការងារ និង​លើកទឹកចិត្ត​មន្ត្រីរាជការ​ក្រោម​ឱវាទ ដើម្បី​ឱ្យ​ពួក​គេ​បញ្ចេញ​អស់​លទ្ធភាព សមត្ថភាព មនសិការ ការងារ និង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​តាម​ការ​ប្រគល់​ជូន​ឱ្យ​មាន​ប្រសិទ្ធភាព​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការ​ឈ្លាសវៃ និង​ត្រូវ​មាន​ចក្ខុវិស័យ សម​ស្រប​ទៅ​លើ សភាពការណ៍​ទូទៅ ស្រប​តាម​ស្ថានភាព និង​ត្រូវ​ដោះស្រាយ ឬ​ស្នើ​សុំ​គោលការណ៍​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា។​ ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ធ្វើ​ឱ្យ​ការ​ដឹកនាំ​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព និង អភិបាលកិច្ច​ល្អ​ផង​ដែរ ។​ក្នុង​កិច្ច​ប្រតិបត្តិការ​ដឹកនាំ ចាំបាច់​ត្រូវ​មានការ​ប្រជុំ​បូក​សរុប​ដក​បទ​ពិសោធន៍​រក​ឱ្យ​ឃើញ​ចំណុចខ្លាំង ខ្សោយ ហើយ​ពង្រឹង​ចំណុច​ល្អ លុប​បំបាត់​ចោល​នូវ​ចំណុច​អសកម្ម​ទាំងឡាយ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់ ឥទ្ធិពល និង​ប្រសិទ្ធិ​ភាព​ដឹកនាំ​អនុវត្ត​របស់​អង្គភាព ។

លោក ស៊ា​ង សឿ​ន ដែល​ទើប​ទទួល​បានការ​តែងតាំង​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ប្តេជ្ញា​ដឹកនាំ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​អនុវត្ត​នូវ​តួនាទី និង​ភារកិច្ច​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ផែនការ​សកម្មភាព​របស់​ក្រសួងទេសចរណ៍ សំដៅ​ពង្រឹង​និង​ពង្រីក​វិស័យ​ទេសចរណ៍ ឱ្យ​មាន​ភាព​ទាក់ទាញ និង​មាន​កំណើន​ភ្ញៀវ​ទេសចរ តាម​ការ​ណែនាំ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​សហ​ការណ៍​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ការ​រីក​ចំរើន​និង​អភិវឌ្ឍន៍​ខេត្ត​របស់​យើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ