ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​ការ​ត្រួតពិនិត្យ បើកបរ​​របូត​កន្ទុយ​រ៉ឺ​ម៉កដឹកទូ​កុងតឺន័រ​ ​ចេញពី​ក្បាល​រថយន្ត

16 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​ដឹក​ទូ​កុងតឺន័រ​ ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​របូត​កន្ទុយ​រ៉ឺ​ម៉ក ដែល​មាន​ទូ​កុងតឺន័រ​នៅ​លើ​នោះ ចេញពី​ក្បាល​រថយន្ត​ធ្លាក់​អុក​លើ​ផ្លូវ​លាន់​សូរដូច​គ្រាប់​ផ្លោង ជា​ហេ​តុ​បង្ក​ឲ្យ​អ្នកដំណើរ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា។…

រាជធានីភ្នំពេញ ​៖ រថយន្ត​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក ​ដឹក​ទូ​កុងតឺន័រ​ ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ ស្រាប់តែ​របូត​កន្ទុយ​រ៉ឺ​ម៉ក ដែល​មាន​ទូ​កុងតឺន័រ​នៅ​លើ​នោះ ចេញពី​ក្បាល​រថយន្ត​ធ្លាក់​អុក​លើ​ផ្លូវ​លាន់​សូរដូច​គ្រាប់​ផ្លោង ជា​ហេ​តុ​បង្ក​ឲ្យ​អ្នកដំណើរ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា។ ទាក់ទង​ទៅ​នឹង​ហេតុការណ៍​នេះ​ដែរ ​ត្រូវ​បាន​សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​នះ ​ធ្វេសប្រហែស​ គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវទេ ​មុន​នឹង​ចេញដំណើរ ។

ហេតុការណ៍​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ-​ឈ្នះ ត្រង់​ចំណុច​ភ្លើងស្តុប​ក្រោម​ស្ពាន​មហាវិថី​ស៊ី ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ស្ថិត​នៅ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​នោះ​ម៉ាក​ FRIEGHTLINER ព​ណ៍​ស ហើយ​ក្បាល​រថយន្ត​ និង​កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ដូច​គ្នា ​គឺ​ភ្នំពេញ ​3C-4602 ប៉ុន្តែ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ផែស្ងួត​ ណាមួយ​នោះ​ទេ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បានឃើញ​រថយន្ត ​១​គ្រឿង​នេះ ​បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​-ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​គួរសម​ដែរ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ស្ដាំ​ដៃ​ ដើម្បី​ឡើង​ផ្លូវជាតិ​លេខ​៤ សំដៅ​ទៅ​ទិស​ខាងលិច​វិញ ស្រាប់តែ​របូត​កន្ទុយ​រ៉ឺ​ម៉ក ​ដែល​មាន​ទូ​កុងតឺន័រ​នៅ​លើ​នោះ ចេញពី​ក្បាល​រថយន្ត ហើយ​ធ្លាក់​អុក​លើ​ផ្លូវ​លាន់​សូរ​ក្ឌាំង​ដូច​គ្រាប់​ផ្លោង ។

ប្រភព​ដដែល ​បាន​និយាយ​ប្រាប់​ទៀត​ថា ចំណែក​ក្បាល​រថយន្ត​ ​ដោយសារ​តែ​បើក​លឿន​ដែរ បាន​ហួស​ទៅ​មុខ​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ​ ទើប​ឈប់​ស្ងៀម ហើយ​ខណៈនោះ ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ មិនតែប៉ុណ្ណោះ​ ចាត់ទុកជា​សំណាង​ហើយ​ ដែល​កន្ទុយ​រ៉ឺ​ម៉ក ​ដឹក​ទូ​កុងតឺន័រ ​អត់​ក្រឡាប់ បណ្ដាល​ឲ្យ​ធ្លាក់​ទូ​កុងតឺន័រ​ចេញ ប្រសិនបើ​ក្រឡាប់ ឬក៏​ធ្លាក់​វិញ ​ច្បាស់​ជា​សង្កត់​រថយន្ត​ និង​ម៉ូតូ​នៅ​ជិត​នោះ​ បង្ក​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ឲ្យ​តំណាង​ក្រុមហ៊ុន​នោះ​ យក​ក្បាល​រថយន្ត​ខាងលើ​ទៅ​ថ្ពក់​សំ​ណ្ដោ​ង​ឡើង​កន្ទុយ​រ៉ឺ​ម៉ក​នោះ​ឡើង​វិញ។ បន្ទាប់​មក​ នគរបាល​បាន​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ផាកពិន័យ និង​អប់រំ ​នៅ​ពេល​ក្រោយ ដោយ​នគរបាល​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​នោះ​ មានការ​ធ្វេសប្រហែស គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ​មុន​នឹង​ចេញដំណើរ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​គ្រប់ពេល​បាន ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ​នៅ​ត្រង់​ចំណុច​ខាងលើ​នោះ​ ក៏​ធ្លាប់​មាន​រថយន្ត​កុងតឺន័រ​ ១​គ្រឿង បាន​របូត​គន្លឹះ​ ធ្លាក់​ទូ​កុងតឺន័រ ​មក​លើ​ផ្លូវ​ម្ដង​រួច​មក​ហើយ​ដែរ ហើយ​កាល​ណោះ ​ក៏​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​នោះដែរ ប៉ុន្តែ​សូម​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​ជិត​រថយន្ត​ដឹក​កុងតឺន័រ ​ទាំងឡាយ ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ​ឲ្យ​បាន​ខ្ពស់ ​ចៀសវាង​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង ជាយ​កថា​ហេតុ​ ណាមួយ
៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ