ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់គុក៣ឆ្នាំ ចេញមកវិញមិនរាងចាល លើកនេះឈរកាន់សុទ្ធតែកាំបិតបុ័ងតោជួញដូរថ្នាំងញៀន គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ដេញកាប់ទាំងសមត្ថកិច្ចទៀតរួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចុះបង្ក្រាប និងចាប់ខ្លួនបានមកវិញ ។

ការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង០៨និង ៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះជនសង្ស័យ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង ឆាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ធ្វើតេស្តសារធាតុក្នុងទឹកនោម«វិជ្ជមានសារធាតុញៀន» ដោយជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារចំនួន០១លើករយៈពេល០៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ ទម្ងន់ថ្នាំ០,៧២ក្រាម ,កាំបិតកាំបិតបុ័ងតោចំនួន០១ ដែកកេះចំនួន០២ ។
លោកបានបន្តថា មុនពេលកើតហេតុ លោកនាយមេប៉ុស្តិ៍រដ្ឋបារកាខ្ពស់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា នៅផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង ឆាង ភេទប្រុស អាយុ២៩ឆ្នាំ មានការប្រើប្រាស់ និងចែកចាយថ្នាំងញៀន ។ ភ្លាមនោះ លោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំងទៅដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ កំពុងឈរកាន់កាំបិតបុ័ងតោ កម្លាំងសមត្ថកិច្ចក៏បានចូលទៅសួរនាំ ស្រាប់តែជនសង្ស័យដេញកាប់កម្លាំងសមត្ថកិច្ចហើយរត់គេចខ្លួនបាត់តែម្តង ។

លុះរហូតដល់វេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យបានដើរត្រឡប់មកផ្ទះវិញ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបានដកហូតកាំបិតបុ័ងតោ ចេញពីជនសង្ស័យ រួចឆែកឆេរក្នុងខ្លួនជនសង្ស័យរកឃើញ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោក្រោយខាងស្តាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហេង ឆាង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនោះ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់ឈ្មោះ ប៉ាន ក្តឹប ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃ ១៦០,០០០រៀល(ដប់ប្រាំមួយមឺនរៀល) ដើម្បីយកទៅលក់បន្តក្នុងមួយកញ្ចប់តូចតម្លៃ ២០០០០រៀល(ពីរម៉ឺនរៀល)និងសម្រាប់ទុកប្រើប្រាស់ខ្លួនឯងផង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ