ទីក្រុងសៅប៉ូឡូ៖ ថ្ងៃនេះ ប្រេស៊ីលក្នុងនាមជាប្រទេសនាំចេញសាច់មាន់ច្រើនបំផុតនៅលើពិភពលោកបានប្រកាសពីការផ្ទុះឡើងនូវជំងឺផ្ដាសាយបក្សីចម្លែកជាលើកដំបូង។ ហេតុនេះ ប្រទេសខ្លះដូចជាចិនបានហាមឃាត់ការនាំចូលសាច់ និងពងមាន់ពីប្រេស៊ីល។ ចំណែកនៅប្រេស៊ីលផ្ទាល់ ក្រុមហ៊ុនធំៗដែលទិញសាច់មាន់យកទៅលក់បន្តក៏ចាប់ផ្ដើមរឹតត្បិតផងដែរ។
កាលពីឆ្នាំ២០២៤ ប្រេស៊ីលនាំចេញសាច់មាន់គិតជាទឹកប្រាក់ដប់ពាន់លានដុល្លារ ឬស្មើនឹង៣៥%នៃប្រទេសទូទាំងពិភពលោកដែលនាំចេញសាច់មាន់។ សាច់ទាំងនោះភាគច្រើនបំផុតផលិត និងចែកចាយដោយក្រុមហ៊ុនបីដែលដឹកទៅលក់នៅ១៥០ប្រទេស។ ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត និងអារ៉ាប់អេមីរ៉ាតសុទ្ធតែទិញសាច់មាន់ពីប្រេស៊ីលដែលល្បីថាជាសាច់មានគុណភាពខ្ពស់លំដាប់កំពូលនៅលើពិភពលោក។
រដ្ឋមន្ត្រីកសិកម្មប្រេស៊ីល លោកកាឡូស ហ្វាវ៉ារ៉ូ (Carlos Favaro) ថ្លែងថាប្រទេសចិនសម្រេចចិត្តហាមឃាត់ការនាំសាច់មាន់ពីប្រេស៊ីលរយៈពេល៦០ថ្ងៃ។ ក្រោមកិច្ចព្រមព្រៀងជាមួយជប៉ុន អារ៉ាប់អេមីរ៉ាត និងអារ៉ាប៊ីសាអូឌីត លោករដ្ឋមន្ត្រីរូបនេះសង្កត់ធ្ងន់ថាការហាមឃាត់មិនទាំងស្រុងទេ។ ហាមឃាត់តែតំបន់ណាដែលរងគ្រោះដោយជំងឺផ្ដាសាយបក្សីតែប៉ុណ្ណោះ។
ករណីផ្ទុះជំងឺផ្ដាសាយបក្សីនេះកើតឡើងនៅទីក្រុងម៉ុងតេនីក្រូ (Montenegro) នៃរដ្ឋរីយ៉ូ ហ្ក្រង់ ដូ ស៊ុល (Rio Grande do Sul)។ រដ្ឋនេះផលិតសាច់មាន់១៥%នៃផលិតផលសាច់មាន់សរុបទូទាំងប្រទេសប្រេស៊ីលសម្រាប់នាំចេញ។ នៅពេលនេះ មន្ត្រីបសុពេទ្យចាប់ផ្ដើមធ្វើចត្តាឡីស័កតំបន់ដែលរងគ្រោះ និងចាប់ផ្ដើមកាប់សម្លាប់សត្វបក្សីដោយឥតបន្ធូរដៃទេឱ្យតែសង្ស័យថាអាចឆ្លងមេរោគដ៏កំណាចនេះ។ ខាងលើនេះជាការដកស្រង់ប្រភពពីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ