ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្ដេជ្ញា​បន្ត​ជំរុញ​ការ​កែទម្រង់​គ្រប់​ផ្នែក ដើម្បី​កសាង​កងកម្លាំង​នគរ បាល​ជាតិ​មួយ​ដែល​ពលរដ្ឋ​ទុកចិត្ត

6 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ថ្លែង​នៅ​ចំពោះ​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា…

ខេត្តកណ្ដាល ៖ ថ្លែង​នៅ​ចំពោះ​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្តេជ្ញា​យកចិត្តទុកដាក់​បន្ត​ដឹកនាំ គាំទ្រ និង​ជំរុញ​ការ​កែទម្រង់​គ្រប់​ផ្នែក ដើម្បី​កសាង​កងកម្លាំង​នគរបាល​ជាតិ​មួយ ដែល​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​មាន​លទ្ធភាព សមត្ថភាព បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។

ក្នុង​ឱកាស ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៨០​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា កាលពី​ថ្ងៃ ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិត​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។ ក្នុង​ពិធី​នេះ ក៏​មាន​ក្បួនព្យុហយាត្រា​បង្ហាញ​ផែន​នីមួយ​ៗ របស់​កម្លាំង​នគរបាល​ជាតិ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត ស សុខា បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ការ​ធ្វើ​កំណែទម្រង់​ក្នុង​កងកម្លាំង​នគរបាល​ជាតិ ក៏​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ភាព​ស្វាហាប់ ស៊ីជម្រៅ​ដោយ​ផ្តោត​លើ ការ​កែសម្រួល​រចនាសម្ព័ន្ធ ការ​វិភាគ​មុខងារ ការ​ពង្រឹងសមត្ថភាព​កងកម្លាំង ការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​អភិក្រម​ទាំង​៥ «​ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និង​វះកាត់​» ក្នុង​ន័យ​សំដៅ​កសាង​កងកម្លាំង​នគរបាល​ជាតិ​មួយ ដែល​ស្អាត ស្អំ រឹង​មាំ ប្រកបដោយ​វិជ្ជាជីវៈ គួរ​ជាទី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បន្ដ​ថា ការ​កែសម្រួល​របៀប របប​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល តាម​ទម្រង់​នគរបាល​សហគមន៍ គឺ​ត្រូវ​បាន​អនុវត្ត ដែល​ជា​ការ​តម្រង់​ទិស​អោយ មន្ត្រី​នគរបាល បំពាក់​ទស្សនៈ​មហាជន​បន្ថែម ចុះ​ជាប់​កៀក​កិត​ជា​ប្រចាំ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ក្នុង​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​សហគមន៍​។ តាម​រយៈ​កិច្ច​ការងារ​នេះ គឺ​បាន​ធ្វើ​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ កាន់តែ​មាន​តួនាទី​យ៉ាង​សំខាន់ ស័ក្តិ​សមជា​សេនាធិការ​ដ៏​រឹង​មាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ​មាតុភូមិ និង​លើកកម្ពស់ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ដែល​ជា​បុព្វបទ​ស្នូល​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត មាន​ប្រសាសន៍​ថា «​ក្នុង​នាម​ក្រសួងមហាផ្ទៃ ជា​ក្រសួង​អាណាព្យាបាល និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ប្តេជ្ញា​យកចិត្ត ទុកដាក់​បន្ត​ដឹកនាំ គាំទ្រ និង​ជំរុញ​ការ​កែទម្រង់​គ្រប់​ផ្នែក ដើម្បី​កសាង​កងកម្លាំង​នគរបាល​ជាតិ មួយ​ដែល​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត មាន​លទ្ធភាព សមត្ថភាព​បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​មាន​ភក្ដីភាព​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​»​។

«​ក្នុង​នាម​នគរបាល​ជាតិ​កម្ពុជា យើងខ្ញុំ​សូម​ប្តេជ្ញា​ចិត្ត​ចូលរួម​ថែរក្សា និង​ការពារ​ឱ្យ​បាន​នូវ​សុខ សន្តិភាព ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​ត​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​កម្ពុជា បន្ត​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ