ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េឆេះរោងចក្រដែលមានកម្មករជាង៤០០នាក់សង្ឃឹមថា មិនប៉ះចំកន្លែងធ្វើការរបស់ពលករយើងខ្មែរទៅចុះ

6 ម៉ោង មុន

កូរ៉េ ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap និង REUTERS បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កាលពី​វេលា​ម៉ោង​៧​និង​១១​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា…

កូរ៉េ ៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap និង REUTERS បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កាលពី​វេលា​ម៉ោង​៧​និង​១១​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​បាន​លេប​ត្របាក់​រោងចក្រ​ដ៏​ធំ​ជាងគេ​បំផុត​របស់​ក្រុមហ៊ុន​ផលិត​សំបក​កង់ Kumho Tire ដែល​មា​នទី​តាំងនៅ​កណ្តាល​ទីក្រុង​ក្វា​ង​ជូ ( Gwangju) ខេត្ត Jeollanamdo ឬ​ខេត្ត Jeolla ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ​២៧០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ពី​ទីក្រុង​សេ​អ៊ូ​ល ។

រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Yonhap និង REUTERS បង្ហាញ​ឱ្យ​ឃើញ​មាន​អណ្តាតភ្លើង​ក្រហម ឆ្អិត​ឆ្ពៅ ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​កម្ពស់​ជាង​១០០​ម៉ែត្រ ដែល​គេ​ជឿ​ថា ពោរពេញ​ទៅ​ដោយ​សារធាតុពុល នៅ​តែ​បន្ត​ហ៊ុយ​សាយ​ភាព​រាលដាល​ពាសពេញ​តំបន់​ជុំវិញ​ដែល​បង្ក​ផល​ប៉ះ​ដល់​ប្រជាជន​ជា​ច្រើន និង​ចេញ​សារ​ព្រមាន​ឱ្យ​ពលរដ្ឋ​ជៀសវាង​បើកបរ​ចូល​ទៅ​ក្បែរ​កន្លែង​កើតហេតុ បើ​មិន​មានការ​ចាំបាច់ ។

របាយការណ៍​បង្ហាញ​ថា ក្លិន​ឈ្ងិ​តនៃ​ផ្សែង​បាន​រាលដាល​ដល់ទី​ប្រជុំជន​ដែល​មាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ​ពី​រោងចក្រ​ដែល​នាំ​ឱ្យ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ប្រជាជន​ឱ្យ​បិទទ្វារ​បង្អួច​របស់​ពួក​គេ និង​ជៀសវាង​ការ​ចេញ​ទៅ​ខាងក្រៅ ហើយ​ម៉ាស់​ការពារ​ផ្លូវដង្ហើម​ប្រមាណ​មួយ​ម៉ឺន ត្រូវ​បាន​ចែកចាយ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ក្បែរ​រោងចក្រ ។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា អគ្គិភ័យ​នេះ បាន​បណ្តាល​ឱ្យ​បុគ្គលិក​របស់​រោងចក្រ​ម្នាក់​រួម​ទាំង​មន្ត្រី​ពន្លត់​អគ្គិភ័យ​ពីរ​នាក់​បាន​រង​របួស ។

អ្នកនាំពាក្យ​ដដែល​អះអាង​ថា នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​នឹង​អគ្គិភ័យ​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រោងចក្រ​មួយ​នេះ មាន​កម្លាំង​ពន្លត់​អគ្គិភ័យ​ប្រមាណ ២៦២​នាក់ រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​ប្រភេទ​៩៦​គ្រឿង និង​ឧ​ទ្ថ​ម្ភ​ចក្រ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​ជុំវិញ​កន្លែង​កើតហេតុ ។

មន្ត្រី​ដដែល​សង្កត់ធ្ងន់​ថា អណ្តាតភ្លើង​អាច​នឹង​បន្ត​ឆាប់ឆេះ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​ទៀត​ដែល​នាំ​ឱ្យ​ប្រតិបត្តិការ​ពន្លត់ភ្លើង​អាច​នឹង​បន្ត​អូស បន្លាយពេល​យូរ ព្រោះតែ​សារ​សម្ភារៈ​ភាគច្រើន​នៅ​ក្នុង​រោងចក្រ​នេះ​ជា​ប្រភេទ​វត្ថុ​ដែល​ងាយ​ឆេះ ជា​ពិសេស​ភ្លើ​.​ង​បាន​ឆាប់ឆេះ​នៅ​កន្លែង​ស្តុក​កៅស៊ូ​ឆៅ​ដល់​ទៅ​ជាង​២០​តោន​ឯណោះ ។

បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន Kumho Tire បាន​និយាយ​តាម​សេចក្តីថ្លែងការណ៍​ប្រាប់​សារព័ត៌មាន​ថា បុគ្គលិក​ទាំងអស់​នៅ​ក្នុង​រោងចក្រ​ជាង ៤០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព ប៉ុន្តែ​បុគ្គលិក​ប្រុស​ម្នាក់ ដែល​មាន​អាយុ​២០​ឆ្នាំ បាន​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក ។

របួស​របស់​គាត់​មិន​ធ្ងន់ធ្ងរ ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ អ្នកនាំពាក្យ​ក្រុមហ៊ុន Kumho Tire អះអាង​ថា ដោយសារ​អគ្គិភ័យ ប្រតិបត្តិការ​របស់​រោងចក្រ​ទាំងមូល ត្រូវ​បាន​ផ្អាក​ទាំងស្រុង​ជា​បណ្តោះអាសន្ន​រហូត​ដល់​ស្ថានភាព​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់ ។

អ្នកនាំពាក្យ​ដដែល​បាន​បន្ថែម​ថា ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​លើ​រោងចក្រ​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​ខ្លួន នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ហើយដោយ​សារ​តែ​បែប​នេះ​ក្រុមហ៊ុន​នឹង​ព្យាយាម​បង្កើន​សមត្ថភាព​និង​បង្វែ​ការ​ផលិត​សំបក​កង់ នៅ​តាម​បណ្តា​រោងចក្រ​ផ្សេង​ទៀត​របស់​ខ្លួន ដើម្បី​ឱ្យទាន់​ជាមួយនឹង​ការ​កម្ម​ង់ និង​កាត់​បន្ថយ​ការ​ខាតបង់ ។

សូម​ជម្រាប​ដែរ​ថា Kumho Tire គឺជា​ក្រុមហ៊ុន​ផលិត​សំបក​កង់​ធំ​ទី​ពីរ​របស់​កូរ៉េ​ខាងត្បូង​សំបក​កង់ ហើយ​ផលិត​របស់ Kumho ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​អោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​ជា Hyundai Motor Group, Volkswagen Group និង Mercedes-Benz ជាដើម ៕

កែសម្រួលដោយ