ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ច្រាន​ចោលការ​អះអាង​លោក​ត្រាំ​ដែល​ថា ឥណ្ឌា​ចង់​លើកលែង​ពន្ធ​នាំ​ចូល​ទំនិញ​ពី​អា​មេ​រិ​ក

3 អាទិត្យ មុន

ទីក្រុង​ដេ​លី ៖ ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ច្រាល​ចោល​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ការ​អះអាង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា…

ទីក្រុង​ដេ​លី ៖ ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ច្រាល​ចោល​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ការ​អះអាង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ដែល​ថា ប្រទេស​ឥណ្ឌា​បាន​ស្នើ​លុប​ចោល​ពន្ធ​ទាំងអស់​លើ​ទំនិញ​នាំ​ចូល​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក លោក Subrahmanyam Jaishankar រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌា​បាន​ប្រឆាំង​នឹង​ការ​អះអាង​នេះ ដោយ​ថ្លែង​ថា ការ​ចរចា​នៅ​តែ​បន្ត ហើយ​គ្មាន​អ្វី​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ រហូត​ដល់​អ្វី​ៗ​ទាំងអស់​ត្រូវ​បាន​សម្រេច​ចប់​សព្វគ្រប់​។ សេចក្តីថ្លែងការណ៍​នេះ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ត្រាំ ទៅ​កាន់​បណ្តា​អ្នក​សារព័ត៌មាន ដោយ​លោក​បាន​អះអាង​ដូច្នេះ​ថា រដ្ឋាភិបាល​ឥណ្ឌា​ទើប​ផ្តល់​ដំណឹង​ឱ្យ​យើង​នូវ​កិច្ចព្រមព្រៀង​មួយ​ដ៏​សំខាន់ គឺ​កិច្ចព្រមព្រៀង​គ្មាន​ពន្ធ​សម្រាប់​ទំនិញ​អា​មេ​រិ​ក​»​។

បច្ចុប្បន្ន​ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិក​កំពុង​តែ​ពិភាក្សា​គ្នា ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ លោក Jaishankar បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​កើតឡើង ត្រូវ​តែ​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ដំណើរការ​សម្រាប់​ភាគី​ទាំង​ពីរ​។ នោះ​ជា​ការ​រំពឹង​ទុក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​រហូត​ទាល់តែ​ការ​ចរចា​សម្រេច​បាន​ផ្លែផ្កា ទើប​ការ​វិនិច្ឆ័យ​ណាមួយ​សម្រេច​ជា​ផ្លូវការ​។

លោក ត្រាំ បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ការ​ចរចា​ជាមួយ​ឥណ្ឌា នៅ​ពេល​លោក​កំពុង​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ជាមួយ​បណ្តា​មេដឹកនាំ​ធុរកិច្ច​នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា ដែល​ជា​កន្លែង​លោក​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​រវាង​សហរដ្ឋអាមេរិក និង​កា​តា រួម​ទាំង​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ Boeing ផង​ដែរ​។ ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​កបាន​ធ្វើ​ឡើង​នៅ​ពេល​លោក​និយាយ​អំពី​ផែនការ​របស់​ក្រុមហ៊ុន Apple ដើម្បី​ផលិត​ទូរស័ព្ទ iPhone នៅ​ក្នុង​ប្រទេស​ឥណ្ឌា ខណៈ​ដែល​លោក​ផ្ទាល់​មិន​ចង់ឱ្យ Apple សង់រោង​ចក្រ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ ព្រោះ​ឥណ្ឌា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​ពន្ធ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។

គួរ​រំលឹក​ថា លោក ត្រាំ បាន​ប្រកាស​កាលពី​ខែមេសា ដើម្បី​ដាក់​ពន្ធ​រហូត​ដល់ ២៧% លើ​ទំនិញ​របស់​ឥណ្ឌា​។ បច្ចុប្បន្ន​ឥណ្ឌា​កំពុង​ប្រញាប់ប្រញាល់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក អំឡុង​ពេល​ការ​ផ្អាក​រយៈពេល​៩០​ថ្ងៃ​របស់​លោក ត្រាំ លើ​ការ​យកពន្ធ​ខ្ពស់ ដែល​នឹង​អ​សុពលភាព​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ខាង​មុខ​នេះ​។

រហូត​មក​ទល់​ពេល​នេះ ទើបតែ​ស​ប្តា​ហ៍​នេះ​ប៉ុណ្ណោះ សហរដ្ឋអាមេរិក និង​ចិន​បាន​ព្រមព្រៀង​គ្នា​កាត់​បន្ថយពន្ធ​នាំ​ចូល​លើ​ទំនិញ​ដែល​កំពុង​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ពន្ធ​អា​មេ​រិ​កលើ​ការ​នាំ​ចូល​ទំនិញ​ចិន​នឹង​ទម្លាក់​មក​នៅ​ត្រឹម ៣០% ពី ១៤៥% ដែល​បាន​ប្រកាស​ពី​មុន ខណៈ​ពន្ធ​របស់​ចិន​លើ​ការ​នាំ​ចូល​ទំនិញ​អា​មេ​រិ​កមួយ​ចំនួន​នឹង​ទម្លាក់​មក​ត្រឹម ១០% ពី ១២៥% ដែល​ខ្លួន​បាន​ដាក់​ជា​ការ​សងសឹក​។

សហរដ្ឋអាមេរិក គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ឥណ្ឌា​នា​ពេល​ថ្មី​ៗ​នេះ ជាមួយនឹង​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​មាន​ចំនួន ១៩០​ពាន់​ដុល្លារ​។ ឥណ្ឌា​បាន​ទម្លាក់​ពន្ធ​លើ​ស្រា​វី​ស្គី Bourbon ទោចក្រយានយន្ត និង​ផលិតផល​អា​មេ​រិ​កមួយ​ចំនួន​ផ្សេង​ទៀត​រួច​ហើយ ប៉ុន្តែ​អា​មេ​រិ​ក​មាន​ឱនភាព​ពាណិជ្ជកម្ម​រហូត​ដល់ ៤៥​ពាន់​លាន​ដុល្លារ​ជាមួយនឹង​ឥណ្ឌា ដែល​លោក ត្រាំ ចង់​កាត់​បន្ថយ​។ លោក ត្រាំ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី (Narendra Modi) ធ្លាប់​បាន​កំណត់​គោលដៅ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើស​ពី​ទ្វេ​ដង​រហូត​ដល់ ៥០០​ពាន់​លាន​ដុល្លារ​៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ