ខេត្តសៀមរាប ៖ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ និងម៉ូតូសមត្ថកិច្ចកំពុងចុះបំពេញការងារមួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខអនុវិទ្យាល័យគំរូ ឃុំស្រណាល ខេត្តសៀមរាប ។

ករណីខាងលើនេះបង្កឡើងដោយរថយន្តដឹកទំនិញ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ បាត់ដំបង 3A.2 875 បានបុ.កម៉ូតូប៉ូលិស កំពុងឌុបគ្នាពីរនាក់ បណ្តាលឱ្យស្លា.ប់ប៉ូលិសម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយរថយន្តបង្កក៏បានរេចង្កូតហួសទៅបុ.កគោយន្តដែលកំពុងចតនៅស្ងៀម បណ្តាលឱ្យអ្នករួមដំណើរក្នុងរថយន្តបង្កស្លា.ប់ភ្លាម ហើយអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ នៅរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ នេះថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លា.ប់២នាក់ និង របួសធ្ងន់ម្នាក់ ភ្លាមៗក៏ឃើញមានវត្តមានរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្របណ្ឌលសៀមរាប និងលោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចុះដល់កន្លែងកើតហេតុ ព្រមទាំងជួយធ្វើការអន្តរាគមន៍ផងដែរ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តបង្កបានដឹកទំនិញមកពីក្រុងសៀមរាបឆ្ពោះទៅកាន់ស្រុកក្រឡាញ់ ខណៈកំពុងភ្លៀងរ៉េចង្កូតបុ.កម៉ូតូ កម្លាំងនគរបាលស្រុកក្រឡាញ់ ដែលកំពុងបត់ចូលផ្លូវទៅឃុំរោងគោ បណ្តាលឲ្យប៉ូលិសពីរស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ មាន ទី១. លោក អនុសេនីយ៍ឯក ដាត់ សារិន ភេទប្រុស អាយុ៤២ឆ្នាំ តួនាទី និងមុខងារ នាយរងផ្នែកប្រឆាំងគ្រឿងញៀ.ននៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់(ស្លា.ប់) ។ ទី២.លោកអនុសេនីយ៍ទោ ហោ សូរិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ តួនាទី និងមុខងារ នាយរងផ្នែក កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ (រងរបួសធ្ងន់) ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ចំពោះមូលហេតុ អ្នកបើកបររថយន្តបង្កខ្វះការប្រយុងប្រយ័ត្ន ។ ក្រោយធ្វើការវាស់វែង កម្លាំងនគរបាលជំនាញបានយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីរង់ចាំចូលខ្លួនធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្នស.ពលោកអនុសេនីយ៍ ឯក ដាត់ សារិន ជនរងគ្រោះជាប៉ូលិស ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងអ្នកស្លា.ប់ម្នាក់ទៀតដែលរួមដំណើរជាមួយ អ្នកបើកបររថយន្តដឹកទំនិញ ត្រូវបានរក្សាទុកនៅកន្លែងតម្កល់ស.ពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំ ប្រគល់ឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯអ្នកបើកបរ រថយន្តបង្កត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក និង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់កំពុងធ្វើការស្រាវជ្រាវ ស្វែងរកអ្នកបើកបររថយន្តយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ៕
ចែករំលែកព័តមាននេះ