រាជធានីភ្នំពេញ៖ តាមរយៈការផ្សងប្រផ្នូលទៅតាមតម្រាតាំងពីបុរាណកាល ដែលមានអាហារ៧មុខ រួមមាន ស្រូវ ពោត សណ្ដែក ល្ង ទឹក សុរា និងស្មៅ ដែលដាក់ឱ្យគោឧសភរាជបរិភោគនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ក្នុងឆ្នាំនេះបង្ហាញថា ស្រូវ ពោត សណ្ដែក នឹងទទួលបានទិន្នផលល្អ ដោយក្នុងនោះ គោឧសភរាជបរិភោគ ស្រូវបានចំនួន ៩៥% ពោត៩៥% និងសណ្ដែកបានចំនួន៨០% ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ បានប្រព្រឹត្តទៅនៅស្ថិតនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមានការយាង និងអញ្ជើញចូលរួម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីអ្នកមុខអ្នការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះដែរ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជប្រទាននូវព្រះរាជអណោយដល់ប្រជាកសិករចំនួនន ១០០រូប ដែលមកពីស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង និងយាងទតការតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំនេះផងដែរ ។

គួរបញ្ជាក់ដែរថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលរៀងមក ជាក់ស្តែង កាលពីសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាដើម។

ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។
ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទទទួលបានភោគផលខ្ពស់។

គួររំលឹកដែរថា កាលពីឆ្នាំ២០២៤ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕



ចែករំលែកព័តមាននេះ